ក្រសួងទេសចរណ៍នឹងរៀបចំព្រឹត្តិការណ៍កម្សាន្តប្រមាណ២០នៅខេត្តសៀមរាប

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ស្របទៅនឹងគោលនយោបាយ និងផែនការ ដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងនិងលើកស្ទួយវិស័យទេសចរណ៍ នៅក្នុងខេត្តសៀមរាប ឱ្យកាន់តែមានភាពទាក់ទាញពីបណ្តាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រសួងទេសចរណ៍ គ្រោងរៀបចំព្រឹត្តិការណ៍កម្សាន្តជិត២០ កម្មវិធីនៅក្នុងខេត្តសៀមរាបនៅក្នុងឆ្នាំនេះ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានមានប្រសាសន៍កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមកថា រាជរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ គ្រោងនឹងរៀបចំ ព្រឹត្តិការណ៍ទេសចរណ៍តូចធំជិត២០កម្មវិធី នៅគោលដៅទេសចរណ៍សៀម​រាប-អង្គរ នាអំឡុងឆ្នាំ២០២០នេះ ដើម្បីជំរុញឱ្យមានចលនាទេសចរកាន់តែច្រើន និងសំដៅទាក់ទាញកំណើនទេសចរបរទេសមកកាន់កម្ពុជាផងដែរ។

លោកបន្តថា ក្រៅពីព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប ក៏នៅមានព្រឹត្តិការណ៍ទេសច​រណ៍ វប្បធម៌ កីឡាមួយចំនួនទៀត ដោយព័ត៌មានលម្អិតពីកម្មវិធី នឹងត្រូវបង្ហាញនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។

ក្រសួងទេសចរណ៍បានបង្កើតក្រុមការងារពិសេសមួយ ដើម្បីចុះអនុវត្តន៍ការងារសំខាន់ៗមួយចំនួន ដោយក្នុងនោះមានដូចជា ការបណ្ដុះបណ្ដាលបំប៉នសមត្ថភាពដល់បុគ្គលិក ឬកម្មករនិយោជិតបម្រើការតាមសណ្ឋាគារមួយចំនួន ដែលទទួលរងការប៉ះពាល់នៅខេត្តសៀមរាប ការរៀបចំកញ្ចប់ទស្សនកិច្ច និងដំណើរទស្សនកិច្ចទេសចរណ៍ទៅកាន់សៀមរាប-អង្គរ ការបង្កើនការផ្សព្វផ្សាយពីគោលដៅទេសចរណ៍សៀមរាប-អង្គរ ក៏ដូចជាវិស័យទេសចរណ៍ជាតិទាំងមូល។

លោករដ្ឋមន្ត្រីបន្តថា “ចាប់ពីពេលនេះទៅ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំង​ឡាយ នឹងសប្បាយរីករាយជាមួយដំណើរកម្សាន្ត ទៅកាន់ខេត្តសៀមរាប ខណៈដែលកម្ពុជាបានធានាអះអាងថា “ខ្លួននៅតែជាគោលដៅទេសចរណ៍ ប្រកបដោយសុខសន្តិភាព សុវត្ថិភាព និងផ្ដល់នូវភាពកក់ក្ដៅ”។

ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ទាំងឡាយនៅខេត្តសៀមរាប គួរមានការបន្ធូរបន្ថយថ្លៃស្នាក់នៅ ជូនដល់ភ្ញៀវទេសចរគ្រប់គ្នា។ចំណែកឯក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ក៏សូមកុំយកចំណេញលើការរៀបចំសេវាកម្មកញ្ចប់ទស្សនកិច្ចពីភ្ញៀវច្រើនពេក ខណៈដែលរាជរដ្ឋាភិបាលក៏កំពុងដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តនានា ដល់ផ្នែកឧស្សាហកម្មទេសចរណ៍ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here