ដោយវុត្ថា
ភ្នំពេញ៖រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច បានសម្រេចបន្ថែមចំនួនថ្ងៃជូនភ្ញៀវបរទេសទិញសំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ សម្រាប់រយៈពេល៤ខែ ដើម្បីអនុវត្តវិធានការ សម្រួលផលប៉ះពាល់មកលើវិស័យទេសចរណ៍ នៅខេត្តសៀមរាប។
យោងតាមតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទីនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដែលចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានប្រាប់ឲ្យគ្រឹះស្ថានអង្គរអនុត្តន៍ការបន្ថែមចំនួនថ្ងៃ ជូនភ្ញៀវទេសចរ ដែលទិញសំបុត្រចូលទស្សនាអង្គរ។
ក្រសួងសេដ្ឋកិច្ចបានញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចពន្យារយៈពេលចូលទស្សនាតំបន់អង្គរ សម្រាប់ភ្ញៀវទេសចរបរទេស តាមប្រភេទសំបុត្រ ដូចខាងក្រោម៖
១) សំបុត្រសម្រាប់រយៈពេល១ថ្ងៃ អាចចូលទស្សនាបានរយៈពេល២ថ្ងៃ
២) សំបុត្រសម្រាប់រយៈពេល៣ថ្ងៃ អាចចូលទស្សនាបានរយៈពេល៥ថ្ងៃ
៣) សំបុត្រសម្រាប់រយៈពេល៧ថ្ងៃ អាចចូលទស្សនាបានរយៈពេល១០ថ្ងៃ
បើតាមក្រសួងសេដ្ឋកិច្ច បញ្ជាក់ថា ការអនុវត្តន៍បន្ថែមចំនួនថ្ងៃជូនភ្ញៀវទេសចរនេះ មានរយៈពេល៤ ខែចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០តទៅ។ ប័ណ្ណចូលទស្សនាតំបន់អង្គរមាន៣ប្រភេទ៖ ប័ណ្ណចូលទស្សនា១ថ្ងៃ តម្លៃ៣៧ដុល្លារ, បណ័្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ៦២ដុល្លារ និងបណ័្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ៧២ដុល្លារ៕