វិស័យសំណង់នៅតែជាសសរស្តម្ភសំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា

0

ដោយ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញ និងស្ថាប័នអន្តរជាតិនានាបានអះអាងថា វិស័យសំណង់នៅតែជាសសរស្តម្ភសំខាន់ការជំរុញសេដ្ឋកិច្ចកម្ពុជា ស្របពេលគម្រោងវិនិយោគថ្មី ដែលបានអនុម័តរួច (តាមរយៈការវិនិយោគផ្ទាល់ពីបរទេស និងមូលនិធិក្នុងស្រុក) មានសម្ទុះកើនគួរឱ្យកត់សម្គាល់។

ផ្នែកសំណង់នៅតែមានសកម្មភាពមមាញឹក ដែលជាសញ្ញាបង្ហាញថា វិស័យនេះនៅតែជាគោលដៅសំខាន់មួយទាក់ទាញការវិនិយោគ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក។

អ្នកជំនាញឱ្យដឹងថា ទីផ្សារអចនទ្រព្យនៅក្នុងប្រទេសកម្ពុជា រហូតមកដល់ពេលនេះ ចរន្តនៃទីផ្សារវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅតែមានសុខភាពល្អប្រ​សើ​រ ដោយក្នុងនោះអគារពាណិជ្ចកម្ម និងអគារសហកម្មសិទ្ធិហាក់មានភាពលេចធ្លោ។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងកាលពីពេលថ្មីៗនេះថា និន្នាការទីផ្សារអចលនទ្រព្យ នៅតែមានសន្ទុះរីកចំរើនខ្លាំង។ ជាមួយគ្នានេះ មានតំបន់ជាច្រើនបាននឹងកំពុងសន្ទុះរីកចំរើន លើវិស័យអចលនទ្រព្យ ដូចជានៅតាមតំបន់ក្រាំងធ្នង់ តំបន់បឹកតាមោឃ និងផ្លូវក្រវ៉ាត់ក្រុងទី៣។

លោកស្រី Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានឱ្យដឹងដែរថា  កាលពីលើកមុន មានតែបញ្ជាទិញក្រៅស្រុកប៉ុណ្ណោះ តែឥឡូវនេះមានការបញ្ជាទិញពីអ្នករស់នៅច្រើនជាងមុន។

លោកស្រីបន្ថែមថា ទាក់ទងនឹងការជួលការិយាល័យវិញ អ្នកវិនិយោគចាប់អារម្ម​ណ៍ជួលលើអគារការិយាល័យ មានសន្ទុះរីកចំរើនខ្លាំងជាងជួលផ្ទះល្វែង ដោយសារតែមានក្រុមហ៊ុនបរទេសធំៗជាច្រើន បានមកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។

របាយការណ៍ក៏បានបង្ហាញពីតម្រូវការដែកថែប ដែលមានកំណើនខ្ពស់សម្រាប់សម្រូវការសាងសង់នៅកម្ពុជា។ របាយការណ៍ឱ្យដឹងថា តាមរយៈនិន្នាការនេះបរិមាណនៃការនាំចូលដែកថែបបានកើនឡើងយ៉ាងខ្លាំង រហូតដល់ទៅ៦៣,៥ភាគរយ (ឆ្នាំ/ឆ្នាំ)ពី២៧,៧ភាគរយ ក្នុងឆ្នាំ២០១៨។

របាយការណ៍ក៏បានបង្ហាញថា តម្លៃរបស់គម្រោងវិនិយោគថ្មី ដែលត្រូវបានអនុម័ត​រួច(តាមរយៈការវិនិយោគផ្ទាល់ពីបរទេសនិងមូលនិធិក្នុងស្រុក) មានសន្ទុះកើនក្នុងអំឡុងពេលប្រាំមួយខែដំបូងនៃឆ្នាំ២០១៩។

ដោយឡែកជិត៤០ភាគរយ នៃវិនិយោគផ្ទាល់ពីបរទេសហូរចូលពីប្រទេសចិន។ វិស័យទេសចរណ៍នៅរក្សាភាពរឹងប៉ឹងនៅឡើយ ដោយក្នុងនោះការមកដល់របស់ភ្ញៀវអន្តរជាតិកើនដល់១១,២ភាគរយក្នុងមួយឆ្នាំ ដោយគិតត្រឹមខែមិថុនាឆ្នាំ២០១៩ ប្រៀបធៀបទៅនឹង១០,៧ភាគរយក្នុងឆ្នាំ២០១៨ ហើយក្នុងនោះទៀតជិត៤០ភាគរយនៃភ្ញៀវអន្តរជាតិគឺមកពីប្រទេសចិន។

កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានរំពឹងទុកថា នឹងថយល្បឿនបន្តិចដោយរក្សាបាននូវកំណើនត្រឹម៧ភាគរយ ក្នុងឆ្នាំ២០១៩ពី៧,៥ភាគរយក្នុងឆ្នាំ២០១៨៕

LEAVE A REPLY

Please enter your comment!
Please enter your name here