សេវាកម្មទេសចរណ៍ជិត៨០០ទីតាំងនៅក្រុងព្រះសីហនុត្រៀមខ្លួនធ្វើបដិសណ្ឋារកិច្ចភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ

0

ដោយៈ រ៉ាណេត

ព្រះសីហនុៈ ជាមួយនឹងភាពរីកលូតលាស់ ក្នុងវិស័យសំណង់ ដែលកំពុងតែមានសកម្មភាពអភិវឌ្ឍន៍ និងសាងសង់នៅទូទាំងខេត្តព្រះសីហនុ ខេត្តនេះមានទីតាំងប្រតិបត្តិការលើការផ្គត់ផ្គង់សេវាកម្មទេសចរណ៍ឯកជន រហូតដល់ជិត៨០០កន្លែង ជាពិសេសស្ថិតនៅតំបន់ទេសចរណ៍តំបន់ឆ្នេរ និងតំបន់កោះទាំង៣២។

អភិបាលរងខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត បានមានប្រសាសន៍នៅក្នុងពិធីផ្សព្វផ្សាយផែនការអនុវត្តន៍ ការងារទេសចរណ៍ឆ្នាំ២០២០ និងផែនការអាទិភាពក្នុងការ ទាក់ទាញភ្ញៀវទេសចរ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ថា វិស័យទេសចរណ៍បានដើរតួយ៉ាងសំខាន់ នៅក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ រួមជាមួយនឹងការផ្សព្វ​ផ្សាយពីសក្ដានុពលលើការវិនិយោគយ៉ាងមានប្រសិទ្ធភាពផងដែរ។

លោកបានបន្តទៀតថា “ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាគោល ដៅសេដ្ឋកិច្ចគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម២០១០-២០២៥ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ទេសចរណ៍ជាតិ ផ្អែកលើសក្តានុពល ដ៏វិសេសវិសាល នៃធនធានសេដ្ឋកិច្ច និងធនធានធម្មជាតិ”។

ខេត្តនេះមានសក្តានុពលជាច្រើន រួមមានតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែអន្តរជាតិ ឆ្នេរ និងកោះដ៏ស្រស់ស្អាត ឧទ្យានជាតិ និងទឹកជ្រោះក្បាលឆាយ ធនធានបាតសមុទ្រជាដើម ផ្តល់សក្ដានុពលយ៉ាងធំធេងសម្រាប់ការអភិ វឌ្ឍសេដ្ឋកិច្ច-សង្គម និងក៏ដូចជាការទាក់ទាញទេសចរឱ្យមកកម្សាន្តមានការកើនឡើងជារៀងរាល់ឆ្នាំ។

ភាពរីកចម្រើននៃវិស័យទេសចរណ៍ បានផ្ដល់ឱកាសដល់វិស័យឯកជន ក្នុងការចូលរួមវិនិយោគ លើសេវាកម្មផ្គត់ផ្គង់ទេសចរណ៍យ៉ាងសំខាន់។ ជាក់ស្ដែងបច្ចុប្បន្ននេះ ខេត្តព្រះសីហនុ  មានមូលដ្ឋានអាជីវកម្មសរុបចំនួន៧៨៤ទីតាំង មានបុគ្គលិកបម្រើការងា​រក្នុងវិស័យទេសចរណ៍សរុប១១,៤៤៦នាក់ ដោយក្នុងនោះស្រី៥,៤៦០នាក់។

រដ្ឋបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ និងស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ទឹកស្អាត អគ្គិសនី សំណង់ សំណល់រឹង-រាវ សួនច្បារ ស្តង់ដាររមណីយ     ដ្ឋាន ឆ្នេរ កំពង់ផែទេសចរណ៍ ព្រលានយន្តហោះ ការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពភ្ញៀវទេសចរ និងសេវាកម្មដឹកជញ្ជូនសាធារណៈ រួមទាំងការជំរុញយុទ្ធនាការទីក្រុងស្អាតឱ្យកាន់តែល្អប្រសើរ គាំទ្រដល់និរន្តភាពក្នុងវិស័យទេសចរណ៍ ក៏ដូចជាត្រៀមខ្លួនជួយជ្រោមជ្រែង និងសហការជាមួយវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងទៅអនាគត។

កាលពីឆ្នាំ២០១៩កន្លងទៅនេះ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាង ២.២លាននាក់ កើនឡើង៨,៨៧ភាគរយ ក្នុងនោះភ្ញៀវជាតិមានចំនួន១,៣លាននាក់ ថយចុះ៨,៣៧ភាគរយ និងភ្ញៀវអន្តរជាតិ៨៨៥,៧៩២នាក់ កើនឡើង៥២,៤១ភាគរយ។

ប្រភពទីផ្សារភ្ញៀវទេសចរសំខាន់ទាំង១០ ចូលមកកាន់តំបន់កម្សាន្តនៅទូទាំងខេត្តព្រះសីហនុ រួមមានដូចជា ជនជាតិចិនលំដាប់លេខ១ មានចំនួន៤៦៦,៨៣៧នាក់, វៀតណាម ២៩,០៧៨នាក់ បារាំង២៥,៨២៤នាក់ អាមេរិក២៣,០១៧នាក់, អង់គ្លេស២២,០៩០នាក់, អូស្ត្រាលី១៨,៥៤៨នាក់, រុស្ស៊ី១៧,៦៨៤នាក់, អាល្លឺម៉ង់១៧,៤១៨នាក់, ម៉ាឡេស៊ី ១៦,៧៤៨នាក់, ថៃ១៤៨៩៤នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here