ដោយ ៖ ដែន ចែងចាំង
ភ្នំពេញ ៖ ការមានប្រាក់មួយមុខមិនគ្រប់គ្រាន់ទេ វាទាមទារចំណេះដឹង ការស្រាវជ្រាវជាច្រើនទៀត ដើម្បីទទួលបានជោគជ័យក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ពិសេសការវិនិយោគលើដីធ្លី។
លោកឧកញ៉ា សៀ រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន World Bridge Group បានថ្លែងឲ្យដឹងនៅពេលថ្មីៗនេះថា លោកបានចាប់ផ្តើមក្រុមហ៊ុនតំបូងជា ក្រុមហ៊ុនបែប Logistic ដែលបាននិងកំពុងបន្តមកដល់បច្ចុប្បន្ននេះ ប៉ុន្តែលោកទទួលបានជោគជ័យខ្លាំងលើវិស័យអចលនទ្រព្យ ពិសេសការវិនិយោគលើដីធ្លី ដែលធ្វើឲ្យលោកក្លាយជាអ្នកមានក្នុងវិស័យនេះ។ លោកបន្តថា ដើម្បីទិញដីធ្លីទទួលបានផលចំណេញខ្ពស់ ត្រូវឈរលើកត្តាចំនួនបី ទី១ វិនិយោគនៅតំបន់ដែលស្ថិតក្នុង ផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល ទី២ ត្រូវដឹងមុនគេ និងទិញមុនគំរោងអភិវឌ្ឍន៍ចាប់ផ្តើម ព្រោះបើទិញនៅតំបន់គេដឹងគ្រប់គ្នាហើយ យើងមិនទទួលបានផលចំ ណេញច្រើននោះទេ និងទី៣ ទិញដីដែលមិនមានបញ្ហា ព្រោះបើទិញកន្លែងមានបញ្ហា យើងនឹងមានរឿងឈឺក្បាលជាច្រើនត្រូវដោះស្រាយ។
-->
នៅពេលសួរថា តើលោកក្លាយជាអ្នកមានដោយសារដីធ្លី ឬយ៉ាងណា? លោកឧកញ៉ា សៀ រិទ្ធី បានថ្លែងថា “បាទ ខ្ញុំក្លាយជាអ្នកមានដោយសារការវិនិយោគលើវិស័យដីធ្លី”។
លោកឧកញ៉ា សៀ រិទ្ធី បច្ចុប្បន្នបាននិងកំពុងក្លាយជាអ្នកវិនិយោគអចលនទ្រព្យលេចធ្លោមួយរូបនៅកម្ពុជា ដោយសារគំរោង The Bridge, The PeAk ទទួលបានជោគជ័យខ្លាំង និងមកំពុងវិនិយោគគំរោងលំនៅដ្ឋានប្រណីតមួយទៀតឈ្មោះThe Palmស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ដែលគម្រោងទាំងបីនេះចំណាយទឹកប្រាក់ប្រមាណ១,០០០លានដុល្លារអាមេរិក។

ទោះជាយ៉ាងណាលោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន Hutton CPLបានថ្លែងឲ្យដឹងផងដែរថា ការវិនិយោគដីធ្លី មិនមែនចេះតែទទួលបានជោគជ័យ និងទទួលបានផលចំណេញទេ ទោះជាអ្នកមានលុយច្រើនប៉ុណ្ណាក៏ដោយព្រោះបើអ្នកគ្មានជំនាញច្បាស់លាស់ទេ មិនយល់ពីបញ្ហាផ្លូវច្បាប់ត្រឹមត្រូវទេ ពួកគេនឹងមិនទទួលបានផលចំណេញ និងអាចមានបញ្ហាក្តីក្តាំជាច្រើន ក្នុងករណីមិនយល់ពីទិដ្ឋភាពច្បាប់ ក៏ដូចជានិតិវិធីច្បាស់លាស់។ លោកបន្តថា “ហេតុនេះអ្នកវិនិយោគនានា គួរស្វែងរកការពិគ្រោះយោបល់ជាមួយក្រុមហ៊ុន ដែលមានជំនាញលើកិច្ចការទាំងអស់នេះ ដើម្បីបញ្ចៀសហានិភ័យ និងអាចទទួលបានជោគជ័យក្នុងការវិនិយោគរបស់ខ្លួន”៕










