កត្តាសំខាន់ៗដែលជំរុញឲ្យខ័ណ្ឌទួលគោកផ្លាស់ប្តូរជាប្លុកពាណិជ្ជកម្មឆាប់រហ័ស

0

ដោយស៊ីវ ម៉េង

        ភ្នំពេញ ការរីកចម្រើននៃវិស័យពាណិជ្ជកម្មនៅទីក្រុងភ្នំពេញ មិនថមថយល្បឿននោះទេ ជាក់ស្តែងខ័ណ្ឌទួលគោកបានផ្លាស់ប្តូរមុខមាត់យ៉ាងឆាប់រហ័ស ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ដោយផ្លាស់ប្តូរពីតំបន់លំនៅដ្ឋាន ទៅជាតំបន់ពាណិជ្ជកម្មយ៉ាងរសរវើក។

យោងតាមការសិក្សារបស់ក្រុមហ៊ុនCBRE Cambodiaកាលពីចុងឆ្នាំមុនបានរកឃើញថា ដោយ​សារកំនើននៃការវិនិយោគនៅតំបន់នេះ ពិសេសការកសាងខុនដូ អាផាតម៉ិន និងអាគារ​ពាណិជ្ជកម្មនានាបានធ្វើឲ្យតម្លដីធ្លី នៅក្នុងខ័ណ្ឌទួលគោកកើនឡើងរហូតដល់៥៦ភាគរយ កាលពីឆ្នាំមុន ធៀបនឹងឆ្នាំ២០១៧កន្លងមក។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaអ្នកនាងអាន សុធីតាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា តំបន់ទួលគោកបានផ្លាសប្តូរយ៉ាងលឿន ដោយសារការកើនឡើ​ង នូវការអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្ម(CBD) នៅក្នុងមូលដ្ឋាននេះកើនឡើងច្រើន ពិ​សេ​សកំនើននៃការវិនិយោគពីអ្នកវិនិយោគក្នុងស្រុក និងជនបរទេ​ស ដែលបានប្រែក្លាយតំបន់នានាក្នុងខ័ណ្ឌទួលគោក ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មយ៉ាងរសរវើក។

អ្នកនាងបន្តថា “ការរីកចម្រើននេះ បានធ្វើឲ្យអ្នកវិនិយោគកាន់តែផ្តោតលើតំបន់នេះ ហើយនាពេលអនាគតតម្លៃលំនៅដ្ឋាន និងដីធ្លីនឹងមានកំនើនខ្ពស់ថែមទៀត”។អ្នកនាង​បានបន្តថា “បច្ចុប្បន្នគំរោងខុនដូ អាផាតម៉ិនជាច្រើនបានបញ្ចប់ការសាងសង់ និងកំពុងសាងសង់នៅតំបន់នេះ ដែលវាជាតំបន់ទី២បន្ទាប់ពីខ័ណ្ឌចំការមន ខ័ណ្ឌ៧មករានិ​ង​ខ័ណ្ឌដូនពេញ”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានមានប្រសាសន៍ថា ការរីកចម្រើនខ័ណ្ឌទួលគោក មួយផ្នែកដោយសារឥទ្ឋិពលចេញពី​ខ័ណ្ឌចំការមន ដូនពេញ និងខ័ណ្ឌ៧មករា ពិសេសតម្លៃនៅទីនោះមានភាពសមស្របងា​យស្រួលវិនិយោគកាលពីកំឡុង៣ទៅ៥ឆ្នាំមុន ប៉ុន្តែតម្លៃដីក្នុងតំបន់ពាណិជ្ជកម្មរសរវើកនៅ​ក្នុងខ័ណ្ឌនេះនាពេលបច្ចុប្បន្ន មានតម្លៃចន្លោះ៣៥០០ទៅ៤៥០០ដុល្លារ ដីនៅតំបន់លំនៅដ្ឋានមានចន្លោះ២០០០ ទៅ៣៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងដីនៅតាមផ្លូវតូចៗអាចមានតម្លៃទាបជាងនេះ។

លោកបន្តថា “ទោះជាយ៉ាងណាបើគិតពីតំលៃជួលអាផាតម៉ិន នៅតំបន់ទួលគោក ធៀបនឹងខ័ណ្ឌចំការមន តំបន់ទួលគោកមានតម្លៃទាបជាងប្រមាណ១៥ភាគរយ តែបើធៀបតែតំបន់បឹងកេងកង១ តម្លៃខុសគ្នារហូតដល់ប្រមាណ៣០ភាគរយ”។

លោកច្រឹក សុខនីមបានបន្តថា តំបន់ទួលគោកនឹងបន្តរីកចម្រើនថែមទៀត ដោ​យ​សារកំនើននៃការវិនិយោគរបស់ជនបរទេស កត្តាហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ និងភាពទាក់ទាញដែលមានស្រាប់នៅតំបន់នេះ ពិសេសតង់ស៊ីតេប្រជាជនមានកំនើនខ្ពស់នៅក្នុង​ខ័ណ្ឌមួយនេះ ដែលវាជាខ័ណ្ឌមានភាពរីកចម្រើនបន្ទាប់ពីខ័ណ្ឌបីទៀត គឺចំការមន ដូនពេញ និងខ័ណ្ឌ៧មករា៕

LEAVE A REPLY

Please enter your comment!
Please enter your name here