ដោយ ៖ គង់ សូរិយា
ភ្នំពេញ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានកំណត់យកខេត្តចំនួន 3 ជាប៉ូលសេដ្ឋកិច្ចកម្ពុជា មុនពង្រីកទៅកាន់បណ្តាខេត្តមានសក្តានុពលដទៃទៀត។
សម្តេចបានមានប្រសាសន៍ក្នុងជំនួបជាមួយកម្មករ និយោជិតជាង 2ម៉ឺននាក់ នៅក្នុងសង្កាត់បិតត្រាំង ខេត្តព្រះសីហនុនាព្រឹកថ្ងៃទី៣ មិនា នេះថា កម្ពុជាបានកំណត់នូវប៉ូលសេដ្ឋកិច្ចសំខាន់ចំនួន៣ ដែលជាប៉ូលសំខាន់សម្រាប់ជំរុញកំណើសេដ្ឋកិច្ចជាតិ មានដូចជា ទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប ហើយនៅពេលខាងមុខកម្ពុជា នឹងពង្រីកប៉ូលសេដ្ឋកិច្ចបន្ថែមនៅតំបន់ភូមិភាគឥសាន ដូចជានៅ ខេត្តមណ្ឌលគីរី រតនៈគីរី ស្ទឹងត្រែង និងព្រះវិហារជាដើម ដែលខេត្តទាំងអស់នោះជាប្រភពនៃដំណាំកសិឧស្សាហកម្ម និងផលិតផលផ្សេងទៀត។ សម្តេចតេជោបន្តថា “ក្នុងខេត្តព្រះសីហនុ ក្រៅពីតំបន់ទេសចរណ៍ឆ្នេរសមុទ្រដែល មានភាពទាក់ទាញនោះ នៅខេត្តព្រះសីហនុ ក៏មានកំពង់ផែទឹកជ្រៅដ៏សំខាន់មួយ សម្រាប់ធ្វើការផ្លាស់ប្តូរទំនិញពីបរទេសមកកម្ពុជា និងពីកម្ពុជាទៅបរទេសផងដែរ”។ សម្តេចបន្តថា “កម្ពុជានឹងបង្កើតកំពង់ផែទឹកជ្រៅបន្ថែមទៀតនាពេលខាងមុខ ដែលនឹងបង្កើតឡើងក្នុងស្រុងស្ទឹងហាវ ខេត្តព្រះសីហនុ និងសមុទ្រខេត្តកំពតផងដែរ”។