ដោយៈ រ៉ាណេត
សៀមរាបៈ មកដល់ពេលនេះ ដោយសារតែការភ័យខ្លាច នៃការរីករាលដាលនៃមេរោគ Covid-19 បានធ្វើឱ្យព្រឹត្តិការអន្តរជាតិ ក៏ដូចជាកម្មវិធីទេសចរណ៍កម្សាន្តធំៗភាគច្រើននៅលើសាកលលោកត្រូវបានលុបចោល ប៉ុន្តែសម្រាប់ព្រឹត្តិការណ៍ពិព័រណ៍ធុរកិច្ចទេសចរណ៍ ដែលរៀបចំឡើងដោយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា នៅខេត្តសៀមរាប នៅតែបន្តដំណើរការ។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ប្រចាំកម្ពុជា( PATA Cambodia Chapter) លោក ធួន ស៊ីណាន បានមានប្រសាសន៍កាលពីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ថា “នៅក្នុងស្ថានភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ ដោយសារតែឥទ្ធិពលនៃមេរោគ Covid-19 បានធ្វើឱ្យព្រឹត្តិការណ៍អន្តរជាតិធំៗជាច្រើន នៅលើសាកលលោកត្រូវបង្ខំលុបចោល ជាពិសេសព្រឹត្តិការណ៍នៃដំណើរទេសចរណ៍នានា ដែលធ្វើឱ្យធ្លាក់ចុះនូវវិស័យទេសចរណ៍ជាសាកលយ៉ាងគំហុក ហើយក្នុងនោះកម្ពុជាក៏ទទួលរងផលអវិជ្ជមានផងដែរ។
លោកបន្តថា “ក្នុងគោលបំណងធ្វើឱ្យមានភាពល្អប្រសើរឡើង និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានសហការជាមួយក្រសួងទេសចរណ៍ រៀបចំព្រឹត្តិការណ៍ពិព័រណ៍ធុរកិច្ចទេសចរណ៍ (Biz Fair 2020 Tourism and MICE) នៅក្នុងខេត្តសៀមរារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ រហូតដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ”។ លោកបានបន្តទៀតថា “Biz Fair គឺជាព្រឹត្តិការណ៍ជំនួបបែបធុរកិច្ចទេសចរណ៍លើកទី៣ ដែលខាងសមាគមធ្លាប់បានដំណើរការជោគជ័យរួចមកហើយ ប៉ុន្តែឆ្នាំនេះដោយសារមើលឃើញពីស្ថានភាព នៃវិស័យទេសចរណ៍កំពុងកើតមានបញ្ហាប្រឈម ជាពិសេសខេត្តសៀមរាប និងដោយមានការលើកទឹកចិត្តផ្ទាល់ពីក្រសួងទេសចរណ៍ យើងបានសម្រេចចិត្តប្ដូរទីតាំង ដែលគ្រោងធ្វើក្រុងភ្នំពេញ មកកាន់ទឹកដីខេត្តសៀមរាបវិញ”។
លោកបណ្ឌិត ធួន ស៊ីណាន បានបញ្ជាក់ប្រាប់ថា បើទោះជាធ្លាប់ទទួលបានភាពជោគជ័យខ្លាំងកាលពី២ឆ្នាំមុនក៏ដោយ ប៉ុន្តែនៅឆ្នាំនេះព្រឹត្តិការណ៍បានជួបប្រទះនឹងឧបសគ្គមួយចំនួន ជាពិសេសការកៀងគរប្រតិបត្តិករទេសចរណ៍ជាតិ និងអន្តរជាតិក្នុងការចូលរួមដោយសារការភ័យខ្លាច ពីសុវត្ថិភាពសុខភាពក្នុងពេលធ្វើដំណើរ ជាពិសេសការរឹតបណ្ដឹងតាមច្រកចេញចូល នៃប្រទេសនានាទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសផងដែរ។
ស្ថានភាពដែលកាន់តែអាក្រក់ ទៅនៅលើពិភពលោកពាក់ព័ន្ធទៅនឹងបញ្ហា Covid-19នេះ ព្រឹត្តិការណ៍ធំៗនៅលើពិភពលោកដូចជា Mobile World Congress, Facebook’s Global Marketing Summit, Milan Furniture Fair, Global Fashion Weeks, The Dalai Lama’s engagements, Chinese Grand Prix, x Nations Rugby Match ជាពិសេស ASEAN Meeting ដែលគ្រោងនៅប្រទេសសហរដ្ឋអាមេរិកនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ រួមជាមួយនឹងកម្មវិធី ITB Berlin ក៏ត្រូវបានពន្យាពេលផងដែរ។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា រូបនេះបានបង្ហាញពីគោលជំហរយ៉ាងមុតមាំថា ទោះបីស្ថិតនៅក្នុងសំពាធបែបណាក្ដី ព្រឹត្តិការណ៍Biz Fair ឆ្នាំ២០២០ ដែលធ្វើឡើងនៅក្នុងខេត្តសៀមរាប នៅតែប្រព្រឹត្តទៅដូចធម្មតា ដើម្បីបញ្ជាក់ថា កម្ពុជា ជាប្រទេសដែលមានសុវត្ថិភាពក្នុងការធ្វើដំណើរ ខណៈដែលប្រទេសជាច្រើននៅលើសាកលលោក កំពុងតែរឹតត្បិតខ្លាំងទៅលើការធ្វើដំណើរនោះក្ដី សមាគមក៏បានត្រៀមផែនការ ក្នុងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ សំខាន់ៗជាច្រើនទៀតផងដែរ នៅពេលខាងមុខនេះ៕