លោក គង់ វិបុល៖ បើទោះបីមិនបង់ពន្ធ ប៉ុន្តែម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ចាំបាច់ត្រូវដាក់លិខិតប្រកាសពន្ធ

0

ដោយវុត្ថា

សៀមរាប៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការដើម្បីជួយដល់វិស័យ ទេសចរណ៍ ដោយការលើកលែងមិនយកពន្ធផ្ទះសំណាក់ និងសណ្ឋគាររយៈពេល៤ខែ ចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២០នេះ។

លោក គង់ វិបុល នៅក្នុងសិក្ខាសាលា ស្តីពីវិធានការសម្រួលផ្នែកពន្ធដារ ដើម្បីកាត់បន្ថយផលប៉ះពាល់ លើវិស័យសណ្ឋាគារ-ផ្ទះសំណាក់ និងវិស័យអចលនទ្រព្យ កាលពីថ្ងៃទី ២ ខែមីនា ម្សិលមិញនេះ ឱ្យងដឹងថា ការមិនយកពន្ធនេះ គឺដើម្បីជួយកាត់បន្ថយផលប៉ះពាល់នៃស្ថានភាពជម្ងឺឆ្លង Covid-19 ដែលធ្វើឲ្យភ្ញៀវទេសចរចិនធ្លាក់ចុះយ៉ាងខ្លាំងនោះ ។

លោកថា “យ៉ាងណាក៏ដោយ បើទោះជាមានការលើកលែងនេះក៏ដោយ ក៏ប៉ុន្តែម្ចាស់សណ្ខាគារ និងផ្ទះសំណាក់ ចាំបាច់ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន ដាក់លិខិតប្រកាសពន្ធ ដូចដែលធ្លាប់បានអនុវត្តកន្លងមក”។

លោកបន្តថា “ការបំពេញកាតព្វកិច្ចរបស់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ លើការដាក់លិខិតប្រកាសពន្ធ គឺជាវិធានការប្រមូលទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលជាសេនាធិការជំនាញរបស់រដ្ឋ ក្នុងការលើកបង្ហាញឲ្យដឹងថា តើរដ្ឋត្រូវបានចំណាយថវិកាក្នុងទំហំប៉ុនណា លើការលើកលែងពន្ធរយៈពេល៤ខែនេះ”។

លោកថា “ការលើកលែងពន្ធនេះ ជាគោលបំណងរបស់រាជរដ្ឋាភិបាល ក្នុងការជួយឲ្យវិស័យទេសចរណ៍នៅខេត្តសៀមរាប បន្តនិរន្តរភាពរបស់ខ្លួន និងជាឱកាសនៃការដាក់ចេញតម្លៃសេវាកម្មទាក់ទាញភ្ញៀវទេសចរ ផងដែរ” ។

លោកបន្ថែមថា “អគ្គនាយកដ្ឋានពន្ធដារ ពុំមានការធ្វើសវនកម្មពេញលេញនោះទេ សម្រាប់កាលបរិច្ឆេតឆ្នាំ២០២០នេះ ហើយជាមួយនឹងការមិនធ្វើសវនកម្មនេះ សូមឲ្យវិស័យឯកជនដែលជាអ្នកជាប់ពន្ធ ប្រើប្រាស់កាតព្វដាក់លិខិតប្រកាសពន្ធ ក្នុងភាពស្មោះត្រង់ជាមួយគ្នា រួមចំណែកទាំងអស់គ្នាដើម្បីកំណើនសេដ្ឋកិច្ចជាតិ”។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប ក៏បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ទាំងអស់ ចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរដែលមកស្នាក់នៅ និងមកលំហែកម្សាន្តនៅក្នុងខេត្តសៀមរាបដោយរក្សាឱ្យបាននូវគុណភាពនៃសេវា និងតម្លៃជូនភ្ញៀវទេសចរ ខណៈនៅក្នុងឆ្នាំនេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត ឆ្នាំ២០២០ ដើម្បីអបអរសាទរ ក្នុងឱកាសចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដែលនឹងឈានមកក្នុងពេលដ៏ខ្លីខាងមុខនេះ។

លោកបន្ថែមថា “ដោយសារតែវិស័យទេសចរណ៍ គឺជាផ្នែកដ៏សំខាន់មួយនៃការចូលរួមចំណែកយ៉ាងសកម្ម ក្នុងការប្រមូលចំណូលចូលថវិការដ្ឋ រហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់ ជូនប្រទេសជាតិទាំងមូល ដូចនេះការថមថយនៃចំណូលពីវិស័យទេសចរណ៍ បានជះឥទ្ធពល ដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ ជាពិសេសគឺប៉ះពាល់យ៉ាងខ្លាំងដល់ចំណូលពីវិស័យទេសចរណ៍ នៃខេត្តសៀមរាប ដែលជាប៉ូលទេសចរណ៍ នៃព្រះរាជណាចក្រកម្ពុជាយើង”។

លោក ទៀ សីហាបន្តថា “ដូចយើងទាំងអស់គ្នាបានជ្រាបស្រាប់ហើយថា វត្តមានរបស់វីរុស COVID-19 ដែលបានផ្ទះឡើងក្រុងវូហាន ខេត្តហឺប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន កន្លងមកនេះ ហើយដែលកំពុងតែវាយលុកប្រទេសចំនួន៥៧ នៅលើពិភលោក បានធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំង ហើយបើទោះបីជាប្រទេសកម្ពុជា យើង នៅមិនទាន់មានករណីឆ្លងវីរុសដ៏កាចសាហាវនេះក្តី ក៏ប៉ុន្តែយើងក៏បានទទួលរងនូវផលប៉ះពាល់ផងដែរ ព្រោះការរីករាលដាលនេះ ធ្វើឱ្យស័យទេសចរណ៍ និងវិស័យអចលទ្រព្យទាំងនៅក្នុងប្រទេសកម្ពុជា និង នៅទូទាំងពិភពលោក បានជួបប្រទះនូវបញ្ហាជាច្រើន ជាពិសេសចំនួនភ្ញៀវទេសចរ ធ្លាក់ចុះយ៉ាងគំហុកគួរឱ្យកត់សំគាល់”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា បញ្ហាបង្កដោយជំងឺ COVID-19 នាំឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ខ្លាំងជាងគេ និង បានអំពាវនាវដល់អ្នកចូលចិត្តដើរលេងក្រៅស្រុកបង្វែមកលេងនៅក្នុងស្រុក ដើរឱ្យស្គាល់គ្រប់កន្លែងកម្សាន្តនៅក្នុងស្រុក ពិសេសពលរដ្ឋខ្មែរទៅលេងរមណីយដ្ឋានអង្គរ គួរប្រើមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីបានយល់ដឹងពីប្រវត្តិសាស្ត្រ និងផ្តល់ការងារដល់អ្នកមគ្គុទ្ទេសក៍ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលធ្លាប់និយមចូលចិត្តចេញដើរលេងកម្សាន្តនៅក្រៅប្រទេស សូមវិលមកធ្វើដំណើរទេសចរណ៍ក្នុងប្រទេសវិញ ដើម្បីជំរុញឲ្យចលនាទេសចរក្នុងស្រុកកាន់តែមានសកម្មភាពខ្លាំងឡើង។

ប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវយ៉ាងដូច្នេះថា «ឥឡូវនេះ ជើងហោះហើរមួយចំនួនក៏ត្រូវបានផ្អាក ហើយភាពមិនច្បាស់លាស់នៃជំងឺ Covid-19 នៅក្រៅប្រទេសក៏ស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយដែរ ដូច្នេះសូមប្រជាពលរដ្ឋដែលធ្លាប់ធ្វើដំណើរទៅក្រៅប្រទេសក្នុងមួយឆ្នាំជាង ១លាននាក់ សូមបកមករកការធ្វើដំណើរក្នុងស្រុកទៅកាន់តំបន់ទេសចរណ៍នានា ក្នុងនោះត្រូវគិតជាអាទិភាពខ្ពស់ទៅខេត្តសៀមរាប»។

សម្តេច ហ៊ុន សែន បានបន្តថា ការធ្វើយ៉ាងដូច្នេះ កម្ពុជាអាចសន្សំរូបិយបណ្ណផង ឱ្យប្រជាពលរដ្ឋបានស្គាល់ប្រទេសរបស់ខ្លួនកាន់តែច្បាស់ផង និងដើម្បីជួយស្រោចស្រង់វិស័យទេសចរណ៍ជាតិ នាកំលុងពេលនៃការធ្លាក់ចុះភ្ញៀវទេសចរបរទេស ហើយសម្តេចតេជោក៏បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ទាំងអស់ សូមបន្ធូរបន្ថយថ្លៃស្នាក់នៅដល់ភ្ញៀវទេសចរ ជាជាងទុកបន្ទប់ឱ្យនៅទំនេរចោល ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា ផ្ទះសំណាក់ និងសណ្ឋាគារ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មក្នុងខេត្តសៀមរាប រាជរដ្ឋាភិបាល នឹងលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ រយៈពេល៤ខែ ចាប់ពីខែកុម្ភៈ រហូតដល់ខែឧសភា ឆ្នាំ២០២០ ។

អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ទិត ចន្ថា បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ថា នៅក្នុងខែមករា និងខែកុម្ភៈ ដើមឆ្នាំ២០២០ កន្លងទៅនេះ ដោយសារតែបញ្ហាជំងឺរលាកផ្លូវដង្ហើម ឬ Covid-19 បានធ្វើឱ្យអ្នកទេសចរថយចុះប្រមាណ ១០ភាគរយ ដោយក្នុងភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៥ភាគរយ នៅទូទាងប្រទេសកម្ពុជា ដោយក្នុងនោះតំបន់ទេសចរណ៍ដែលមានភាពប្រឈមខ្លាំងគឺនៅក្នុងខេត្តសៀមរាប អាចថយចុះច្រើនជាង ១៥ភាគរយ។
លោកបន្តថា “សម្រាប់សណ្ឋាគារនៅខេត្តសៀមរាបប្រមាណជា ៧ភាគរយ បានផ្អាកអាជីវកម្ម ដោយការធ្លាក់ចុះភ្ញៀវទេសចរ អំឡុងពេលវីរុសកូរ៉ូណាកំពុងវាយលុកនៅប្រទេសចិន និងទូទាំងពិភពលោក”។
លោបន្តថា “នៅសៀមរាបមានសណ្ឋាគារសរុបទាំងអស់ ទាំងផ្ទះសំណាក់ផង មានប្រមាណជាជិត ៣០០ ប៉ុន្តែក្នុងនោះមានប្រមាណជា ៧ ឬ៨ សណ្ឋាគារដែលមានការផ្អាកបណ្តោះអាសន្ន”។
លោកបានបន្តទៀតឱ្យដឹងទៀតថា “ជាយុទ្ធនាការបន្ទាន់ រដ្ឋាភិបាលបានអនុគ្រោះពន្ធចំនួន៤ខែសម្រាប់បណ្តាផ្ទះសំណាក់ និងសណ្ឋាគារនៅទូទាំងខេត្យតសៀមរាបដែលមានសរុបប្រមាណជាង៣០០ទីតាំង ដើម្បីជាការជួយសម្រួលដល់ភាពប្រឈម ក៏ដូចជាការលើកទឹកចិត្តរបស់ម្ចាស់អាជីវកម្មផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here