តើអាស៊ាន និងអឺរ៉ុបចាប់ផ្តើមធ្វើការជាមួយគ្នាដូចម្តេចសម្រាប់វិបុលភាពរបស់ពួកគេ

0

ដោយ វុត្ថា

ភ្នំពេញ៖ ការចរចាឡើងវិញ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-អាស៊ាន បានក្លាយជាប្រធានបទដ៏សំខាន់ នៃកិច្ចប្រជុំពិគ្រោះយោបល់ពាណិជ្ជកម្មរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-អឺរ៉ុបលើកទី១៦ (16th AEM-EU) ដែលបានរៀបចំឡើង កាលពីថ្ងៃទី២ មិនាកន្លងមកនេះ។

យោងតាមសារព័ត៌មាន Straits Times របស់សាធារណរដ្ឋសឹង្ហបុរីសហភា​ព​អឺរ៉ុប និងអាស៊ាន បានសន្យានឹងពន្លឿន ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះឡើងវិញ ដើម្បីគាំទ្រការធ្វើពិពិធកម្មទីផ្សារទប់ទល់ នឹងការកើនឡើងនៃរបបគាំពារនិយមរបស់សហរដ្ឋអាមេរិក ដឹកនាំដោយលោកប្រធានាធិបតី Donald Trump។

សំណួរនៅទីនេះថា តើប្លុកទាំងពីរនឹងដើរតួនាទីយ៉ាងដូចម្តេច? ដើម្បីធ្វើឲ្យ​មានភាពរ៉ុងរឿង និងវិបុលភាពរវាងបណ្តារដ្ឋជាសមាជិកអាស៊ាន និងសហភាព អឺរ៉ុប។

លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានរបស់កម្ពុជា បានបង្ហាញទស្សនៈវិជ្ជមាន ចំពោះកិច្ចព្រមព្រៀងនេះថា នឹងអាចនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសប្រទេសកម្ពុជា។

លោកបន្តថា “ខ្ញុំជឿថាការចរចា (កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី)នេះ នឹងចាប់ផ្តើមសាជាថ្មី នៅក្នុងពេលឆាប់ៗខាងមុខ”។

ទន្ទឹមគ្នានេះ ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោកជំទាវ Anna Cecilia Malmstrom ក៏បានយល់ស្របថា កិច្ចព្រមព្រៀងនេះមានសារៈសំខាន់ និងជាផ្នែកមួយនៃរូបភាពសហប្រតិបត្តិការដ៏ធំ។ លោកស្រីបានបញ្ជាក់ថា សហភាពអឺរ៉ុបសម្លឹងឃើញជាដំណើរការបង្កើតប្លុកមួយ ឆ្ពោះទៅរកការធ្វើសមាហរណកម្មទូលំទូលាយ។

លោកជំទាវបន្តថា “កិច្ចព្រមព្រៀងក្នុងតំបន់របស់យើង គឺជាសញ្ញាដ៏រឹងមាំមួយទៅកាន់ពិភពលោកថា សហភាពអឺរ៉ុប និងអាស៊ាននឹងឈរកៀកស្មារគ្នា ដើម្បីគាំទ្រការបើកចំហពាណិជ្ជកម្ម”។

សហភាពអឺរ៉ុបតំណាងឲ្យប្រទេសចំនួន២៨ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ តំណាងឲ្យប្រទេសចំនួន១០ បានធ្វើការពិភាក្សាអំពីការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនឆ្នាំមកហើយ ដែលការចរចាលើកដំបូងបានធ្វើឡើងនៅក្នុងឆ្នាំ២០០៧ ប៉ុន្តែភាគីទាំងពីរបានលុបចោលកិច្ចព្រមព្រៀងនេះ ក្នុងរយៈពេលពីរឆ្នាំក្រោយមក។

ជាមួយគ្នានេះ កាលពីឆ្នាំមុន អាស៊ាន និងអឺរ៉ុបបានឯកភាពគ្នា ក្នុងការដាក់កិច្ចព្រមព្រៀងនេះចូលទៅក្នុងរបៀបវារៈប្រជុំ ប៉ុន្តែត្រូវបានដកចេញ មុនកិច្ចប្រជុំជាផ្លូវការចាប់ផ្តើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here