សម្ដេចតេជោ នឹងអញ្ជើញបើកសម្ពោធជាផ្លូវការនូវផ្លូវជាតិលេខ៥៥ ជាង១៣០លានដុល្លារ

0

ដោយ ហ្សូលី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទៅបើកសម្ពោធផ្លូវជាតិលេខ ៥៥ ដែលមានតម្លៃជាង ១៣០លានដុល្លារ នៅថ្ងៃទី ០៩ មីនា ឆ្នាំ ២០២០ ខាងមុខនេះ។ នេះបើតាមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ៥៥ ដែលបានធ្វើឡើងកាលពីថ្ងៃទី ០២ មីនា ឆ្នាំ ២០២០ កន្លងទៅនេះ នៅទីស្តីការក្រសួង។

ផ្លូវជាតិលេខ ៥៥ ដែលមានប្រវែងសរុប ១៨០ គីឡូម៉ែត្រ គ្រោងនឹងដាក់សម្ពោធដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ផ្លូវជាតិមួយនេះ ត្រូវបានសាងសង់ឡើងក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានតម្លៃប្រមាណ ១៣២,៨០លានដុល្លារ គិតចាប់ពីផ្លូវប្រសព្វផ្លូវជាតិលេខ៥ (១៩១+១៥០) រហូតដល់ភ្នំក្រវាញ-ស្រុកវាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ)។

ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ នឹងក្លាយជាវិថីដ៏មានសក្ដានុពលទេសចរណ៍ថ្មីនៅលើដែនដីនៃខេត្តពោធិ៍សាត់ ដោយសារតែធនធានធម្មជាតិប្រចាំតំបន់ រួមជាមួយនឹងវិធានការការពារ និងកែច្នៃក្រោមការគ្រប់គ្រងដោយក្រសួងទេសចរណ៍។

មិនតែប៉ុណ្ណោះ ផ្លូវនេះផ្ដល់អត្ថប្រយោជន៍មួយផ្នែកក្នុងវិស័យទេសចរណ៍ធម្មជាតិ ទេសចរណ៍ធ្វើដំណើរ សម្រួលដល់ការដឹកជញ្ជូនកសិផល និងផលិតផលពីក្នុងតំបន់ទៅកាន់ទីផ្សារក្នុង និងក្រៅប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here