ខេត្តបាត់ដំបងត្រៀមបន្ទប់ស្នាក់នៅនិងតង់ជាង៤០០០សម្រាប់ទទួលភ្ញៀវទេសចរណ៍ក្នុងពិធីបុណ្យទន្លេ

0

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋបាលខេត្តបាត់ដំបង បានត្រៀមបន្ទប់ស្នាក់នៅទាំងសណ្ឋាគារ ផ្ទះសំណាក់ និងតង់ជាង៤០០០ សម្រាប់ទទទួលផ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមានបំណងមកកម្សាន្ត ក្នុងឱកាសពិធីបុណ្យទន្លេលើកទី៦នាពេលខាងមុខនេះ ខណៈតាមការព្យាករណ៍នឹងមានភ្ញៀវជាតិ និងអន្តជាតិមកលេងកម្សាន្តច្រើន។

មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោកនី រស្មី បានប្រាប់ឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី៣ ខែមីនាឆ្នាំ ២០២០កន្លងមកនេះថា រដ្ឋបាលខេត្តបាត់ដំបង បានត្រៀមបន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ជិត៤០០០បន្ទប់ និងតង់ជាង១០០តែចំនួននេះ គឺមិនអាចទទួលគ្រប់នោះទេ ខណៈភ្ញៀវទេសចរណ៍ត្រូវបានរំពឹងថានឹងមកលេងកម្សាន្តច្រើន។

លោកបន្តថា “ជាមួយគ្នានេះរដ្ឋបាលខេត្ត បានស្នើសុំសហការជាមួយខេត្ត ដែលនៅជាប់នឹងខេត្តបាត់ដំបង ឱ្យគេត្រៀមបន្ទប់ស្នាក់នៅផងដែរ ដើម្បីសម្រួលដល់ការស្នាក់នៅរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យកាន់តែមានភាពងាយស្រួល”។

លោកបន្ថែមទៀតថា តាមការព្យាករណ៍នឹងមានភ្ញៀវជាតិ និងអន្តរជាតិច្រើនមកកំសាន្តក្នុងពិធីបុណ្យទន្លេនៅខេត្តបាត់ដំបង ដូច្នេះតម្រូវឱ្យរដ្ឋបាលខេត្ត ត្រូវរៀបចំផ្ទះស្នាក់នៅទីក្រុង សម្រាប់ជួលជូនភ្ញៀវ ដែលបានមកកំសាន្តក្នុងពិធីបុណ្យទន្លេឆាប់នេះ។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការរៀបចំបុណ្យទន្លេនេះ និងមានការអញ្ជើញចូលរួមពីភ្ញៀវជាតិជាច្រើន ក្រុមការងាររៀបចំបុណ្យ បានធ្វើការរៀបចំផ្ទះស្នាក់ទីក្រុង ដើម្បីរៀបចំទទួលភ្ញៀវជាតិ និងអន្តរជាតិ នឹងនឹងមកលេងកម្សាន្ត និងបានណែនាំដល់មន្ទីរទេសចរណ៍ សហការណ៍ជាមួយបណ្តាមន្ទីរ អង្គភាព និងក្រុងបាត់ដំបង ដើម្បីរៀបចំបន្ទប់ស្នាក់នៅ តាមសមាគមន៍ និងទីតាំងមន្ទីរ អង្គភាពមួយចំនួនទៀត។

លោកសឿម ប៊ុនរិទ្ធិ បានណែនាំដល់រដ្ឋបាលក្រុងបាត់ដំបង ធ្វើការប្រជុំផ្សព្វផ្សាយតាមបណ្តាផ្ទះជួលក្នុងក្រុងបាត់ដំបង ដែលនៅសល់បន្ទប់ ត្រូវរៀបចំទុកសម្រាប់ជួលស្នាក់នៅប្រចាំថ្ងៃវិញ ម្យ៉ាងវិញត្រូវរៀបចំបោះតង់ស្នាក់នៅ ទៅតាមទីតាំងជាក់ស្តែង ដូចជានៅមន្ទីរទេសចរណ៍ជាដើមផងដែរ ។

លោកបញ្ជាក់ទៀតថា ក្រៅពីការរៀបចំកន្លែងស្នាក់នៅ ក្នុងឱកាសពិធីបុណ្យទន្លេនេះ ក៏មានរៀបចំស្តង់ដើម្បីដាក់តាំងពិព័ណ៌ផលិតផលក្នុងស្រុក ការរៀបចំមហាស្រពម្ហូបអាហារ និងវិថីម្ហូបអាហារ ការរៀបចំតុបតែកែលម្អតាមដងផ្លូវ និងសួនសាធារណៈព្រមទាំងរៀបចំក្លោងទ្វារច្រកចូលមកក្រុងបាត់ដំបង និងក្លោងទ្វារច្រកចូលតូចៗមួយចំនួនទៀតនៅតាមបណ្តាលផ្លូវសំខាន់ផងដែរ។

រដ្ឋបាលខេត្តបាត់ដំបង កាលថ្ងៃទី២ខែមីនាឆ្នាំ២០២០ កន្លងមកនេះ បានចេញសេចក្តីជូនដំណឹងមួយ ដើម្បីសម្របសម្រួលរៀបចំទីតាំង ផ្តល់ជូនភ្ញៀវសម្រាប់បោះតង់សម្រាប់បរិវេណវាលបែកចាន និងតាមបណ្តាមន្ទីរ អង្គភាពនានា ក្នុងខេត្តបាត់ដំបងដើម្បីផ្តល់ភាពងាយស្រួល ជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមានបំណងមកកម្សាន្តក្នុងឱកាសពិធីបុណ្យទន្លេលើកទី៦ខាងមុខនេះ។

យោងតាមកម្មវិធីដែលគ្រោងទុក ពិធីបុណ្យទន្លេលើកទី៦នេះ នឹង មានរៀបចំជាព្រឹត្តិការណ៍មុនពិធី (Pre Event) និងសកម្មភាពជាច្រើន រួមមាន៖  ពិធីដាំដើមឈើ សិក្ខាសាលាស្តីពី ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ពិធីបួងសួង និងក្រុងពាលី កីឡាជិះកង់កម្សាន្ត១០គម រត់ប្រណាំងកំសាន្ត ការប្រកួតកីឡាបាល់ទាត់ បាល់ទះមិត្តភាព  កីឡាប៉េតង់  ប្រដាល់គុណខ្មែរអន្តរជាតិ  កីឡាចំបាប់បុរាណ  កីឡាទាញព្រាត់  ការប្រកួតអុកចត្រង្គ ការតាំងពិព័រណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូច និងមធ្យម ផលិ​តផលបរទេស  មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការសំដែងទស្សនីយភាពសិល្បៈវប្បធម៌ និងការប្រគំតន្ត្រី  និង ការបាញ់កាំជ្រួចអបអរសាទរបុណ្យទន្លេ។

ខេត្តបាត់ដំបង នឹងរៀបចំពិធីបុណ្យទន្លេលើកទី៦ ក្រោមប្រធានបទ ទន្លេនៃសន្តិភាព និងទន្លេនៃវិបុលភាព ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ខាងមុខឆាប់ៗនេះ ហើយព្រឹត្តិការណ៍នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបើកបុណ្យទន្លេនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here