លោកគួច ចំរើន៖ ទេសចរណ៍ម្ហូបអាហារកំពុងតែទទួលបានការពេញនិយមពីភ្ញៀវទេសចរ

0

ដោយវុត្ថា

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឱ្យដឹងថា ទេសចរណ៍ម្ហូបអាហារកំពុងតែទទួលបានការពេញនិយមពីភ្ញៀវទេសចរ ព្រោះទេសចរណ៍នឹងធ្វើដំណើរទៅតំបន់ណាមួយ គឺដើម្បីភ្លក់រសជាតិអាហារនៅតំបន់គោលដៅ ក្នុងន័យនេះការរៀបចំវិថីម្ហូបអាហារនៅតាមទីក្រុង ដើរតួរនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចចាំបាច់គ្រប់ក្រុងស្រុក ទាំងអស់ត្រូវមានវិធីម្ហូបអាហារមួយយ៉ាងតិច។

លោក គួច ចំរើន នៅក្នុងពិធីទិវាជាតិ ទីក្រុងស្អាតលើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ ” ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត ” នៅឆ្នេរអូរឈើទាល ស្ថិតនៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុនាថ្ងៃទី ៤ ខែមីនា នេះ ឱ្យដឹងថាការរៀបចំឱ្យមានវិថីម្ហូបអាហារនៅតាមរាជធានីខេត្ត មិនត្រឹមតែចូលរួមទាក់ទាញទេសចរជាតិ អន្តរជាតិ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងលើកតម្កើងប្រពៃណីបេតិកភណ្ឌជាតិប៉ុណ្ណោះទេ ថែមទាំងចូលរួមបង្កើតការងារបន្ថែមឱ្យសហគ្រិនភាព ការបង្កើតថ្មី និងភាពច្នៃប្រឌិតផងដែរ។

លោកបន្តថា “ការអភិវឌ្ឍវិស័យទេសចរណ៍ម្ហូបអាហារពិតជានាំមកនូវការរីកចម្រើនក្នុងវិស័យទេសចរណ៍ ពិសេសចូលរួមទប់ស្កាត់ការចំណាកស្រុក និងបង្កើនស្មារតីស្រឡាញ់ជាតិមាតុភូមិ”។

ខេត្តព្រះសីហនុ បានរៀបចំទិវាជាតិទីក្រុងស្អាត ឆ្នាំទី៨ក្រោមប្រធានបទ “ទីក្រុងស្អាតទីក្រុងដែលមានវិថីម្ហូបអាហារស្អាត” ប្រធានបទនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា វិថីម្ហូបអាហារ គឺជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ការផ្ដល់នូវបទពិសោធន៍ និងការចងចាំសម្រាប់ភ្ញៀវទេសចរ តែងប្រាថ្នាចង់ដើរកម្សាន្ត និងទទួលទានម្ហូបអាហារប្រកបដោយអនាម័យ និងជឿទុកចិត្ត ម្ហូបអាហារផ្សារភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ទៅនឹងជីវភាពប្រជាពលរដ្ឋ ព្រមទាំងជំរុញអាជីវកម្មខ្នាតតូចបែបគ្រួសារ ឱ្យលូតលាស់យ៉ាងមានប្រសិទ្ធភាព។

វិស័យទេសចរណ៍ និងម្ហូបអាហារមានទំនាក់ទំនងជាសារវ័ន្តពីរ គឺម្ហូបអាហារជាផលិតផលទេសចរណ៍ ឬសេវាកម្មទេសចរណ៍ ( Gastronony Tourism Product) ម្ហូបអាហារជាចំណែកទីផ្សារទេសចរណ៍ (Market Segment) ដ៍ទាក់ទាញ។

ម្ហូបអាហារជាទូតនាំសារអំពីវប្បធម៌ អត្តសញ្ញាណ ការរស់នៅក្នុងតំបន់ទៅភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងបានបង្កើតភាពចងចាំដល់ទេសចរណ៍អំពីគោលដៅដែលបានទស្សនា ចាំបាច់យើងត្រូវកែច្នៃចងក្រងខ្លឹមសារបង្ហាញនិងលើកគុណតម្លៃអំពីម្ហូបអាហារ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ទាំងនេះ បម្រើឱ្យសេវាកម្មទេសចរណ៍ផង និងចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋានផងដែរ ព្រោះការចំណាយជាមធ្យមនៃភ្ញៀវទេសចរគឺមានប្រមាណ២៥ភាគរយ លើចំណីអាហារ និងផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here