តំបន់​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ កាន់​តែមាន​សក្តានុពល

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ បន្ទាប់ពី​ផ្លូវជាតិ​លេខ១បានបញ្ចប់​ការស្ថាបនា តំបន់​នេះ​បានប្រែក្លាយ​មុខមាត់​អភិវឌ្ឍ​យ៉ាង​លឿន ដោយ​បច្ចុប្បន្ន​មាន​ហាងល្បីៗជាច្រើន បានមក​បោះ​ទីតាំងនៅ​តំបន់​នេះ។

បច្ចុប្បន្ន​ហាងល្បីៗជាច្រើន​បានមក​កាន់​តំបន់​នេះ បន្ទាប់ពី​ហាង​កាហ្វេ Amazon ដ៏​ល្បី​បានមក​កាន់​តំបន់​នេះ​មុនគេ ហើយ​ហាង​ជា​បន្តបន្ទាប់​ដូចជា ភោជនីយដ្ឋាន Park Cafe, Pizza Company, Bread Talk និង​ហាងល្បីៗជាច្រើន​ទៀត​បាននិងកំពុង​ត្រៀម​ចូលមក​កាន់​តំបន់​នេះ ដូចជា ហាង​កាហ្វេ Brown ជា​ម៉ាក​សញ្ញា​ដ៏​ល្បី​ក្នុងស្រុក ក៏​នឹង​បើក​សាខា​របស់ខ្លួន​នៅតាម​បណ្តោយ​ផ្លូវជាតិ​ដ៏​វែង​នេះ​ផងដែរ។

ជាមួយ​គំរោង​អភិវឌ្ឍន៍​ឥតឈប់ឈរ ក្រុមហ៊ុន​បុរី​ប៉េង ហួត​គ្រុប​ក៏​គ្រោង​បើក​សួន​កម្សាន្ត​តម្លៃ៦០លាន​ដុល្លារ​នៅ​តំបន់​នេះ នៅ​ចុង​ឆ្នាំនេះ ខណៈ​ផ្សារ​ទំនើប​ដ៏​ធំ​របស់ខ្លួន​ក៏​បាននិងកំពុង​សាងសង់​ផងដែរ។ អ្វី​កាន់តែ​ពិសេស​ផ្សារ​បែប​សហគមន៍ ដែល​ផ្សារភ្ជាប់​ជាមួយ​ធម្មជាតិ នៅ​ច្រកចូល​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍​បាយ័ន ក៏​គ្រោង​នឹង​បើកទ្វារ​នៅ​ចុង​ឆ្នាំនេះ ឬ​ដើមឆ្នាំ២០១៩ខាងមុខ​ផងដែរ។

លោកស្រី សោម ស្រី​ណា​ជ្រា​ជា​ជន​រស់នៅ​រាជធានី​ភ្នំពេញ​លើកឡើង​ប្រាប់ថា តាម​ដងផ្លូវ​ជាតិ​លេខ១ ពិតជា​មានការ​អភិវឌ្ឍ​ច្រើនជាង​កាលពីមុន ដោយ​ល​លោកស្រី​សង្កេតឃើញថា ការធ្វើ​ចរាចរណ៍​ល្អប្រសើរ ហើយ​មាន​ហាង​ទំនើប”ជាច្រើន​ទៀតផង។

ចំណែក​លោក​សាម​ឌី និង​លោកស្រី​ណាវី ដែល​ទើប​ត្រលប់​មកពី​ប្រទេស​កូរ៉េ ក៏​បង្ហាញ​ជាការ​ភ្ញាក់ផ្អើល ចំពោះ​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា និង​តាម​ដងផ្លូវ​ជាតិ​លេខ១ផងដែរ ដោយ​ពួកគាត់​ទាំងពីរ​បញ្ជាក់ថា ការអភិវឌ្ឍ​នៅ​កម្ពុជា​នាពេលនេះ មិន​ចាញ់​ការអភិវឌ្ឍ​នៅ​ប្រទេស​កូរ៉េ​នោះទេ។

ស្ថាបនិក​និង​ជា​អគ្គនាយក​គេហទំព័រ Propertyarea.asia លោក​លាង​គង់ យិន​ដែលមាន​ការិយាល័យ​នៅ​តំបន់​នេះ​បាន​ថ្លែងថា ផ្លួ​វ​ជាតិ​លេខ១កាន់​តែមាន​សក្តានុពល បន្ទាប់ពី​ផ្លូវជាតិ​នេះ​បាន​ស្ថាបនា​រួច ហើយ​តំបន់​នេះដែ​លពី​មុនគេ​មិនសូវ​នឹកនា​ដល់ ពេលនេះ​បាននិងកំពុង​ក្លាយជា​ទីតាំង​មួយ ដែល​ក្រុម​អ្នកមាន​ប្រាក់​ចាប់អារម្មណ៍​ច្រើន ដោយសារ​បុរី​ប៉េង ហួត​បាន​វិនិយោគ​នៅទីនេះ ដែល​បាន​ទាក់ទាញ​ក្រុម​អភិជន​មក​រស់នៅ​តំបន់​នេះ​ច្រើន ដែល​បានធ្វើ​ឲ្យ​ម្ចាស់​អាជីវកម្ម​នានា បាន​ចាប់អារម្មណ៍​មកកាន់​តំបន់​នេះ ដើម្បី​ពង្រីក​មូលដ្ឋាន​ជំនួញ​របស់ខ្លួន។

លោក​បន្តថា “ខ្ញុំ​គិតថា​រយៈពេល​ពី៣ទៅ៥ឆ្នាំ​ខាងមុខ តំបន់​នេះ​នឹង​កាន់​តែមាន​ភាពរសរវើក ដោយសារ​កំនើន​ប្រជាសាស្ត្រ និង​សកម្មភាព​ពាណិជ្ជកម្ម​ជាច្រើន​ទៀត​នឹង​បង្កើតឡើង ពិសេស​ផ្សារ​ទំនើប​និង​សួន​កម្សាន្ត​ស្តង់ដា​អន្តរជាតិ​របស់​បុរី​ប៉េង ហួត​បើក​ដំណើរការ។លោក​បន្តថា “តំបន់​នេះ​ក្រៅពី​មាន​សក្តានុពល​ផ្នែក​លំនៅដ្ឋាន ក៏​ជា​តំបន់ឧស្សាហកម្ម ដែល​យ៉ាងយូរ​រយៈពេល១០ឆ្នាំ​ទៀត ការអភិវឌ្ឍន៍​ឧស្សាហកម្ម​និង​លំនៅដ្ឋាន នឹង​រីក​ទៅ​តំបន់​ស្ពាន​អ្នក​លឿង​ក្នុង​ខេត្តព្រៃវែង។

ផ្លូវជាតិ​លេខ១ ជា​ផ្លូវ​យុ​ទ្ឋ​សាស្ត្រ​មួយ សម្រាប់​ការអភិវឌ្ឍន៍​នៅ​ច្រករបៀង​ភាគខាងត្បូង​នៃ​មហា​អនុតំបន់​ទន្លេមេគង្គ និង​អាស៊ាន ដែល​ភ្ជាប់​រវាង​ប្រទេស​ថៃ កម្ពុជា និង​វៀតណាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here