ដោយៈ រ៉ាណេត
ភ្នំពេញៈ ស្រុកវាលវែង ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ អាចនឹងក្លាយទៅជាតំបន់មានការអភិវឌ្ឍក្នុងកម្រិតខ្ពស់ ដែលអនុគ្រោះយ៉ាងប្រសើរសម្រាប់វិស័យរោងចក្រ សហគ្រាស បន្ទាប់ពីមានហេដ្ឋារចនាសម្ព័ន្ធដ៏ល្អប្រសើរ ងាយស្រួលដល់ការដឹកជញ្ជូនទំនិញផ្សេងៗឆ្ពោះទៅកាន់កំពង់ផែទឹកជ្រៅ និងតាមបណ្តាខេត្តនានា ដែលអាចជំរុញឱ្យតម្រូវការនៃការប្រើប្រាស់ដីមានអត្រាខ្ពស់។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ ថា នៅថ្ងៃខាងមុខនេះ អាស្រ័យដោយបណ្តាញហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់មានភាពល្អប្រសើរ បម្រើដល់វិស័យដឹកជញ្ជូន ជាពិសេសមានបណ្តាញអគ្គិសនីគ្រប់គ្រាន់ តំបន់វាលវែងអាចនឹងមានការអភិវឌ្ឍក្នុងកម្រិតខ្ពស់។
-->
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា“តំបន់នេះស្ថិតនៅចំចំណុចកណ្តាល ចឹងកុំនាំគ្នាលក់ដី….លក់ក៏លក់ អាណាត្រូវប៉ាន់លក់…ដើម្បីឱ្យគេធ្វើសណ្ឋាគារ ធ្វើរោងចក្រនៅថ្ងៃក្រោយ”។ សម្ដេចបន្តថា “បន្តិចទៀត អាចនឹងមានរោងចក្របង្កើតនៅកន្លែងនេះ ព្រោះវាងាយស្រួល ក្នុងការដឹកជញ្ជូនចេញធ្លាក់ទៅខេត្តត្រាត ទៅចុះនៅសមុទ្រទឹកជ្រៅ ហើយតំបន់ទាំងនេះ ជាតំបន់ដែលមានផ្លូវដឹកជញ្ជូន មានទាំងអគ្គិសនី ចឹងទេនៅថ្ងៃក្រោយអាចនឹងក្លាយទៅជាកន្លែងដែលមានការអភិវឌ្ឍមួយក្នុងកម្រិតខ្ពស់”។
នៅក្នុងឱកាសនេះផងដែរ សម្ដេចតេជោ ក៏បានលើកឡើងពីផលប្រយោជន៍ដែលទទួលបានពីផ្លូវសំខាន់ៗទាំង២ខ្សែខាងលើនេះ ដែលអាស្រ័យផលដល់ការដឹកជញ្ជូន ក៏ដូចជាការធ្វើដំណើរជាច្រើន ចំណាយពេលតិច ប៉ុន្តែអាចចំណេញថវិកាច្រើន។
សម្ដេចបានបញ្ជាក់ថា បច្ចុប្បន្ននេះប្រសិនបើគេចង់ធ្វើដំណើរ ពីខេត្តបាត់ដំបងឆ្ពោះទៅកាន់ខេត្តកោះកុង គឺត្រូវចំណាយពេល និងថវិកាច្រើន ដោយត្រូវចេញតាមផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ភ្នំពេញ និងបន្តដំណើរតាមផ្លូវជាតិលេខ៤ និងបំបែកចេញទៅតាមផ្លូវជាតិលេខ៤៨ ដែលមានចម្ងាយសរុបរហូតដល់៥៨១គីឡូម៉ែត្រ។ ប៉ុន្តែក្រោយពេលផ្លូវទាំងអស់សាងសង់រួចរាល់ នឹងត្រូវធ្វើដំណើរត្រឹមតែ២៧៥គីឡូម៉ែត្រប៉ុណ្ណោះ។ ដូច្នេះវត្តមានផ្លូវជាតិទាំង២ខ្សែនេះ គឺបានចូលរួមសម្រួល និងបម្រើផលប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកជំនួញផ្សេងៗផងដែរ៕