ដោយវុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឱ្យដឹងថា កម្ពុជាបាននឹងត្រៀមថវិកាចន្លោះ ៨០០ ទៅ ១០០០ លានដុល្លារអាមេរិក ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចកម្ពុជាឱ្យមានស្ថេរភាព និងលំនឹង បើជំងឺផ្លូវដង្ហើមកូវីដ ១៩ អូសន្លាយរហូតដល់ ១ ឆ្នាំ ។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដានៅថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០នេះ ថ្លែងឱ្យដឹងថា កម្ពុជាបានត្រៀមថាវិកាប្រមាណ ៨០០ លាដុល្លារអាមេរិកក្នុងរយៈពេល ៦ខែ ហើយបើជំងឺកូវីដ ១៩ អូសបន្លាយរយៈពេល ១ ឆ្នាំ នឹងអាចត្រៀមថវិកាជាតិប្រមាណចន្លោះ ៨០០ ទៅ ២០០០ លានដុល្លារអាមេរិកក្នុងការសង្គ្រោះសេដ្ឋកិច្ច។
សម្តេចតជោថ្លែងថា “យើងត្រៀមថវិកាប្រមាណ ៨០០ លានដុល្លារក្នុងរយៈពេល ៦ ខែ ដើម្បីសង្គ្រោះសេដ្ឋកិច្ច ហើយបើវាអូសបន្លាយដល់១ ឆ្នាំ យើងក៏ប៉ានស្មានថាវាធ្លាក់កំណើនប៉ុណ្ណា ផលប៉ះពាល់វាធំប៉ុណ្ណា ហើយបាត់បង់ចំណូលប៉ុណ្ណា បើវាដល់មួយឆ្នាំ សេដ្ឋកិច្ចរបស់យើងធ្លាក់ប៉ុណ្ណា ត្រូវប៉ះប៉ូវទំហំទឹកប្រាក់ប៉ុណ្ណា អញ្ចឹងវាស្ថិតនៅក្នុងចន្លោះ ពី ៨០០ ទៅ ២០០០ លានដុល្លារអាមេរិកដើម្បីបំរ៉ុង”។
កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០នឹងមានត្រឹមតែ ៦.១%ប៉ុណ្ណោះ។ នេះ
បើតាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ ២០២០ គឺស្ថិតនៅក្នុងរង្វង់ ៦.៥% ដែលទាញទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជាដែលធ្លាប់តែសម្រេចបានជាង៧ភាគរយក្នុងមួយឆ្នាំក្នុងរយៈពេលពីរទស្សវត្សរ៍មកនេះ។
មានការកត្តាជាច្រើនដែលធ្វើឱ្យធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជានេះ ដោយសារការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក ភាពមិនប្រាកដប្រជានៅតំបន់មជ្ឈឹមបូព៌ា ជម្លោះពាណិជ្ជកម្មរវាងចិន-សហរដ្ឋអាមេរិក ការប្រែប្រួលអាកាសធាតុ និងការផ្ទុះឡើងនៃជំងឺឆ្លងដែលបង្កដោយកូរ៉ូណាវីរុសថ្មីៗ ឬកូវីដ ១៩ នៅក្នុងប្រទេសចិន ជាដើមដែលបាននឹងកំពុងរីករាលដាលនៅក្នុងពិភពលោក៕






