រដ្ឋាភិបាលគាំទ្រគម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច ចំនួន៨ក្នុងខេត្តកោះកុង

0

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈស្ថាប័នពាក់ព័ន្ធ បានគាំទ្រគម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន៨គម្រោង នៅលើផ្ទៃដីទំហំមិនលើស១០ហិកតា និងស្ថិតក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃតំបន់ការពារធម្មជាតិនៅក្នុងខេត្តកោះកុង។

លោកស៊្រុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារសម្រ​ប​សម្រួលលើគម្រោងវិនិយោគ និងលោក អ៊ុក ភ័ក្ត្រា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០ ម្សិលមិញនេះ បានចុះពិនិត្យសិក្សាលើទីតាំងស្នើសុំវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច៨គម្រោងនេះ។

បើតាមលទ្ធផលក្រុមការងារសម្របសម្រួល លើគម្រោងវិនិយោគបានបង្ហាញថា គម្រោងវិនិយោគអភិវឌ្ឍន៍ ទេសចរណ៍ធម្មជាតិខ្នាតតូចទាំង៨នេះ រួមមាន ៥ គម្រោងស្ថិតនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ភូមិសាស្ត្រឃុំស្រែអំបិល និងឃុំដងពែង ស្រុកស្រែអំបិល និង៣គម្រោង ស្ថិតក្នុងឧទ្យានជាតិបុទុមសាគរ ភូមិសាស្ត្រឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង។

ក្រុមការងារបានគាំទ្រដល់គម្រោងទាំង៨ ដែលបានស្នើសុំ ហើយនឹងលើកយកនូវចំណុចសំខាន់ៗ ដែលបានសិក្សាឃើញនៅទីតាំងជាក់ស្តែង រួមជាមួយនឹងការរៀបចំនូវទស្សនទានសង្ខេបនៃគម្រោងនីមួយៗ ដើម្បីគោរពរាយការណ៍ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច។

លោកស្រីឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងថា ខេត្តកោះកុង មានសក្តានុពលទេសចរណ៍ធម្មជាតិដ៏សម្បើម ដែលយើងមិនទាន់ទាញយកមកប្រើប្រាស់អស់នៅឡើយ។

លោកស្រីបន្តថា “ធនធានធម្មជាតិរបស់ខេត្តនេះហាក់ស្ថិតក្នុងអាថ៌កំបាំង ដែលយើងនៅតែមើលឃើញពីភាពអស្ចារ្យ និងមានធនធានជាច្រើន ដែលអាចទាញផលចំណូលដល់សេដ្ឋកិច្ចជាតិតាមរយៈវិស័យទេសចរណ៍”។

ខេត្តកោះកុងទាំងមូលជាខេត្ត ដែលប្រកបដោយសក្តានុពលទេសចរណ៍ធម្មជាតិ សត្វព្រៃ តំបន់បូរាណដែលកំពុងទាក់ទាញ អ្នកស្រឡាញ់ដំណើរកំសាន្តបែបផ្សងព្រេង។ ក្នុងនោះ តំបន់អេកូទេសចរណ៍អារ៉ែង និងជីផាត់គឺជាតំបន់ពីរដែលមានសក្តានុពលខ្លាំងជាងគេ ដោយសារមានព្រៃភ្នំ ទឹកជ្រោះ និងវត្ថុបូរាណជាដើម។

ក្រៅពីតំបន់ទេសចរណ៍ ដែលល្បីល្បាញទាំងពីរខាងលើខេត្តកោះកុង មានតំបន់សក្តានុពលចំនួន៣កន្លែងផ្សេងទៀត រួមមានទឹកជ្រោះ ព្រៃភ្នំ សត្វព្រៃ រូបសំណាក់ថ្មដំរីស្ថិតក្នុងភូមិសាស្ត្រភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ ទន្ទឹមនឹងនេះ ភូមិពោធិ៍បឹង និងភូមិព្រះអង្គកែវ ក្នុងឃុំដងពែង ក៏មានតំបន់សក្តានុពលជាច្រើនដូចជាទឹកធ្លាក់ ទេសភាពដងស្ទឹង សត្វព្រៃ និងព្រៃភ្នំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here