សំឡេង​ពីវិស័យ​ឯកជន៖ អ្នក​អភិវឌ្ឈន៍​ជំរុញ​រដ្ឋាភិបាល​រៀប​ចំ​ប្លង់​មេ​អភិវឌ្ឍទីក្រុង

0

ដោយ វុត្ថា
ភ្នំពេញ៖ វិស័យឯកជនចាប់ផ្តើមបញ្ចេញសម្លេង តាមរយៈការជំរុញឲ្យរដ្ឋាភិបាលនឹងជួយរៀបចំ និងដាក់ចេញនូវប្លង់មេ ឬហៅថា ប្លង់គោលនៃការអភិវឌ្ឍទីក្រុង ពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឲ្យបានឆាប់ ដើម្បីអាចដើរទាន់នៃកំណើនយ៉ាងឆាប់រហ័សនៃវិស័យសំណង់ និងអចលនទ្រព្យកម្ពុជា។

កង្វះប្លង់មេនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាកត្តាប្រឈមមួយ ក្នុងការអភិវឌ្ឍលំនៅឋាន ឲ្យស្របទៅតាមស្ដង់ដារខ្ពស់ និងប្រកបដោយចីរភាព។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន World Bridge Group លោកឧកញ៉ា សៀ រិទ្ឋី បានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី៧ មិនានេះថា អ្នកសាងសង់បុរីលំនៅដ្ឋានមួយចំនួនតែងតែប្រឈមនឹងបញ្ហា ក្នុងការដោះស្រាយប្រព័ន្ធលូបង្ហូរទឹក និងភ្លើង ដោយខ្លួនឯង ខណៈដែលការអភិវឌ្ឍ ហាក់មិនទាន់មានបទដ្ឋានច្បាស់លាស់ ដែលធានាបាននូវចីរភាពនៅឡើយ។ឮ

លោកបន្តថា​ “ការអភិវឌ្ឍនៅក្នុងទីក្រុង ពិសេសនៅតាមតំបន់ជាយៗរាជធានីភ្នំពេញ នៅមិនទាន់មានច្បាស់លាស់នៅឡើយទេ ដោយសារកង្វះប្លង់គោ​លអភិវឌ្ឍន៍ក្រុង”។ លោកឧកញ៉ាបន្តថា “សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នឹងរៀបចំវេទិកាពិភាក្សាជាមួយ នឹងអាជ្ញាធរពាក់ព័ន្ធបន្ថែមទៀតលើបញ្ហានេះ ខណៈដែលកន្លងមក សមាគម និងរាជរដ្ឋាភិបាលក៏ធ្លាប់បានពិភាក្សា និងដោះស្រា​យបានបញ្ហាខ្លះៗជាបណ្ដើរៗផងដែរ”។

លោកឧកញ៉ា ចេង ខេងប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Hutton CPL បានថ្លែងថា ការរៀបចំប្លង់មេ ពិតជាមានសារសំខាន់ណាស់ សម្រាប់អ្នកអភិវឌ្ឍន៍ យកជាគំរូឬក្បួនខ្នាតត្រឹមត្រូវមួយក្នុងការអភិវឌ្ឍ ដើម្បីបញ្ជៀសនូវផលប៉ះពាល់អវិជ្ជមាននាពេលអនាគត”។លោកបន្តថា ការមានប្លង់គោល វាមិនត្រឹមតែធ្វើឲ្យការអភិវឌ្ឍកាន់តែមានចីរភាពប៉ុណ្ណោះទេ ប៉ុន្ដែវាក៏ជាផ្នែកមួយលើកកម្ពស់សេចក្ដីថ្លៃថ្នូរនៃការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ”។

ឧស្សាហកម្មសំណង់ និងអចលនទ្រព្យ បានចូលរួមចំណែកជាង២០ភាគរយ នៃផលទុនជាតិសរុបក្នុងស្រុក និងបង្កើតការងារដោយផ្ទាល់ និងប្រយោលជាច្រើនដល់ប្រជាពលរដ្ឋ។

លោកជា សុផារ៉ាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសូងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថា តម្រូវការលំនៅដ្ឋានសម្រាប់អ្នកនៅរស់នៅទីក្រុង និងទីប្រជុំជនមានជាងប្រមាណ១ម៉ឺនខ្នងក្នុងមួយឆ្នាំៗ ខណៈរដ្ឋាភិបាល នឹងមានការរៀបចំទីក្រុងនៅតាមបណ្តាស្រុកនានា ដើម្បីជំរុញការអភិវឌ្ឈនិងលើកកំពស់ជីវភាពប្រជាពលរដ្ឋ ពិសេសធ្វើឲ្យមូលដ្ឋាននោះមាន​ការអភិវឌ្ឍកាន់តែលឿន និងស្របតាមការរីកចម្រើននៃសេដ្ឋកិច្ចសង្គម៕

LEAVE A REPLY

Please enter your comment!
Please enter your name here