ក្រសួងទេសចរណ៍បង្កើតផលិតផលថ្មី រមណីយដ្ឋាន ឡូរី ជើងភ្នំបាណន់

0

ដោយ ៖ រ៉ាណេត

បាត់ដំបង ៖ ក្រសួងទេសចរណ៍បានសម្រេចបង្កើតផលិតផលទេសចរណ៍ថ្មី ដែលមានឈ្មោះថា រមណីយដ្ឋាន ឡូរី ស្ថិតនៅជើងភ្នំបាណន ស្រុកបាណន ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ និងជំរុញកំណើនទេសចរឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមពីលើព្រឹត្តិការណ៍បុណ្យទន្លេលើកទី៦ក្រោមប្រធានបទ «ទន្លេនៃសន្ដិភាព ទន្លេនៃវិបុលភាព»។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះថា តំបន់ជើងភ្នំបាណនត្រូវបានរៀបចំ និងកែច្នៃបង្កើតជាទីរមណីយដ្ឋានបែបធម្មជាតិ និងជាទីចាប់អារម្មណ៍ក្នុងន័យជាផលិតផលទេសចរណ៍ថ្មីនៅក្នុងតំបន់។

ជាមួយនឹងការបង្កើតផលិតផលទេសចរណ៍ថ្មី រមណីយដ្ឋាន ឡូរី ជើងភ្នំបាណន នៅថ្ងៃដំបូងនៃពិធីបុណ្យទន្លេ គណៈប្រតិភូក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តបាត់ដំបង បានធ្វើដំណើរទស្សនកិច្ច ដោយជិះឡូរីកម្សាន្ត រួមជាមួយក្រុមកីឡាករជិះកង់ និងភ្ញៀវទេសចក្នុងស្រុកប្រហែល ៣០០នាក់។ ឡូរីនេះ ជាផលិតផលទេសចរណ៍ថ្មី ប្រកបដោយភាពទាក់ទាញសម្រាប់ទេសចរណ៍ជាតិ និងអន្តរជាតិ ហើយទេសចរទាំងអស់មានក្តីរំភើបសប្បាយរីករាយ ដោយបានទស្សនាទេសភាព និងធម្មជាតិដ៏ស្រស់ស្អាតនៅតាមជើងភ្នំបាណន់។

រមណីយដ្ឋានឡូរី ជើងភ្នំបាណន់ ត្រូវបានដាក់បញ្ចូលក្នុងកញ្ចប់ទស្សនកិច្ចទេសចរក្នុងស្រុក ពិសេសក្នុងឱកាសបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបងនេះ ហើយរមណីយដ្ឋាននេះ បាននិងកំពុងផ្តល់ឱកាសការងារ បង្កើតមុខរបរ និងប្រាក់ចំណូលជាច្រើនជូនប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងជួយជំរុញដល់កំណើនសេដ្ឋកិច្ចនៅស្រុកបាណន់ និងខេត្តបាត់ដំបង។

ខេត្តបាត់ដំបងមានគោលដៅទេសចរណ៍ប្រមាណ ៤៦កន្លែង ដែលអាចឲ្យភ្ញៀវទេសចរមកទស្សនាកម្សាន្តបាន មានដូចជា រមណីយដ្ឋានឡូរី ជើងភ្នំបាណន់ ប្រាសាទឯកភ្នំ ភ្នំសំពៅ ល្អាង១០០ អាងកំពីងពួយ ទឹកធ្លាក់ចំការស្វាយ សេកសក សារៈមន្ទីរប្រវត្តិសាស្រ្តខេត្ត ជាដើម ។ល។

សម្រាប់បុណ្យទន្លេត្រូវសម្រេចឱ្យប្រារព្ធជារៀងរាល់ឆ្នាំដោយអនុក្រឹត្យ គឺ៖ លើកទី១នៅឆ្នាំ២០១៥នៅខេត្តក្រចេះ លើកទី២នៅឆ្នាំ២០១៦នៅខេត្តកំពង់ចាម លើកទី៣នៅឆ្នាំ២០១៧នៅខេត្តស្ទឹងត្រែង លើកទី៤នៅឆ្នាំ២០១៨នៅខេត្តកណ្តាល និងលើកទី៥នៅឆ្នាំ២០១៩នៅខេត្តកំពង់ឆ្នាំង និងលើកទី៦ប្រារព្វនៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០។ ពិធីបុណ្យទន្លេត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ទេសចរណ៍មួយដែលចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ពិសេសចូលរួមគាំទ្រដោយផ្ទាល់ដល់ការបង្កើតផលិតផលទេសចរណ៍ថ្មី និងការជម្រុញចលនាទេសចរណ៍ក្នុងស្រុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here