ដោយៈ រ៉ាណេត
សៀមរាបៈ រហាត់ទឹកអង្គរដ៏ធំជាងគេ និងមានអាយុកាលតាំងពីទសវត្សរ៍ទី៦០ ស្ថិតក្នុងទីតាំងសួនបណ្តុះកូនឈើប្រាសាទតាកែវ ត្រូវបានជួសជុលដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា នឹងត្រូវបញ្ចប់ការជួសជុលក្នុងពេលឆាប់ៗ ហើយដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅអំឡុងខែមេសា ឆ្នាំ២០២០ខាងមុខ ក្រោយការជួសជុលអស់រយៈពេលជាងកន្លះឆ្នាំ។
រហាត់ទឹកឈើដ៏ធំមួយ ស្ថិតក្នុងទីតាំងបណ្តុះកូនឈើប្រាសាទតាកែវ ក្នុងឧទ្យានអង្គរ គឺបានកសាងឡើងតាំងពីសម័យសង្គមរាស្ត្រនិយមមកហើយ អមដោយផ្ទះលម្ហែកាយមួយនៅក្បែរនោះ ប៉ុន្តែត្រូវបានរងនូវការខូចខាតស្ទើរបាត់រូបរាង ដោយសារអាយុកាល និងសង្គ្រាមនាសម័យប៉ុលពត តែក៏ត្រូវបានរដ្ឋបាលព្រៃឈើខេត្តសៀមរាប ធ្វើការសាងសង់ឡើងវិញនៅចុងទស្សវត្សរ៍ទី៨០ ប៉ុន្តែមិនមានផ្ទះលម្ហែកាយដូចមុនទេ ដើម្បីទាញទឹកពីស្ទឹងសៀមរាប មកស្រោចស្រពកូនឈើ នៅក្នុងសួនបណ្តុះកូនឈើប្រាសាទតាកែវដែលខ្លួនគ្រប់គ្រង។






