ដោយវុត្ថា
ភ្នំពេញៈ ពន្ធលើប្រាក់ចំណូល ត្រូវបានកំណត់លើអ្នកជាប់ពន្ធនិវាសនជន ចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូល ប្រភពបរទេស។ សម្រាប់អ្នកជាប់ពន្ធអនិវាសនជន ពន្ធលើប្រាក់ចំណូលកំណត់តែលើប្រាក់ចំណូលប្រភពកម្ពុជាប៉ុណ្ណោះ។
យោងតាមឯកសារអគ្គនាយកដ្ឋានពន្ធដារបាឱ្យដឹងថា ប្រាក់ចំណូលជាប់ពន្ធ គឺជាប្រាក់ចំណូលសុទ្ធ បានមកពីលទ្ធផលទាំងអស់ នៃប្រតិបត្តិការអារជីវកម្មគ្រប់ប្រភេទ រួម បញ្ចូលទាំងចំណូលមូលធន ដែលសម្រេចបានក្នុងពេលកំពុងប្រកបអាជីវកម្ម ឬនៅពេលបញ្ចប់អាជីវកម្មព្រមទាំងប្រាក់ ចំណូលពីទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មវិនិយោគការប្រាក់ថ្លៃឈ្នួល និងសួយសារផង។
ប្រាក់ចំណូលជាប់ពន្ធក៏រួម បញ្ចូលផងដែរនូវចំណូលមូលធនទាំងអស់ ពីអចលនទ្រព្យ ទ្រព្យហិរញ្ញវត្ថុឬទ្រព្យវិនិយោគ ដែលសម្រេចបានមកពីប្រតិបត្តិ ការនានាក្រៅពីប្រតិបត្តិការអាជីវកម្ម។
អត្រាពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំមានដូចតទៅៈ
១- ២០ភាគរយ ចំពោះប្រាក់ចំណូលដែលសម្រេចបានដោយនីតិបុគ្គល
២- ៣០ភាគរយ ចំពោះប្រាក់ចំណូលដែលសម្រេចបាន ក្រោមកិច្ចសន្យាបែងចែកផលិតផលប្រេងកាត និងឧស្ម័នធម្មជាតិ ឬសម្រេចបានពីការធ្វើអាជីវកម្ម លើធនធានធម្មជាតិរួមទាំង ព្រៃឈើ រ៉ែ មាស ឬត្បូងថ្មមានតម្លៃនានា។
៣- ០ភាគរយ ចំពោះប្រាក់ចំណូលរបស់គម្រោងវិនិយោគ មានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ដែលស្ថិតនៅក្នុងរយៈ ពេលលើកលែងពន្ធដែលកំណត់ ដោយក្រុមប្រឹក្សាអភិ វឌ្ឍន៍កម្ពុជា។
៤- តាមតារាងអត្រាពន្ធកំណើន តាមថ្នាក់ខាងក្រោមចំពោះប្រាក់ចំណូល ដែលសម្រេចបានដោយរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល និងចំណែកដែលត្រូវបែងចែកឱ្យសមាជិកម្នាក់ៗ របស់ក្រុមហ៊ុនសហកម្មសិទ្ធិ ដែលមិនត្រូវបានចាត់ទុកជានីតិបុគ្គលៈ
ភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ អត្រាពន្ធ
ពី ០ ៛ ដល់ ១២.០០០.០០០ ៛ ០%
ពី ១២.០០០.០០១ ៛ ដល់ ១៨.០០០.០០០ ៛ ៥%
ពី ១៨.០០០.០០១ ៛ ដល់ ១០២.០០០.០០០ ៛ ១០%
ពី ១០២.០០០.០០១ ៛ ដល់ ១៥០.០០០.០០០ ៛ ១៥%
លើសពី ១៥០.០០០.០០០ ៛ ២០%
៥- ចំពោះសហគ្រាស ដែលមានសកម្មភាពជាសំខាន់ ក្នុងការធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើជីវិត ទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗ ពន្ធលើប្រាក់ចំណូលត្រូវបានកំណត់ខាងក្រោមៈ ក. ៥% នៃបុព្វលាភធានារ៉ាប់រងដុល ដែលទទួលបាននៅក្នុងឆ្នាំជាប់ពន្ធ ចំពោះការធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើទ្រព្យសម្បត្តិ ឬនូវហានិភ័យផ្សេងៗនៅព្រះរាជាណាចក្រកម្ពុជា។
ខ. ចំពោះសកម្មភាពធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើជីវិត ដែលមានលក្ខណៈសន្សំ និងសកម្មភាពដទៃទៀតក្រៅពីធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗ ពន្ធលើប្រាក់ចំណូលត្រូវបានកំណត់តាមមាត្រា២០ថ្មី(មួយ)៕