ដោយៈ រ៉ាណេត
ព្រះសីហនុៈ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានអះអាងថា ការស្ថាបនាហេ ដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៤ខ្សែ នៅទូទាំងក្រុងព្រះសីហនុ មានសន្ទុះលឿនបំផុតដែលអាចសម្រេចបានមុនផែនការ ខណៈដែលពេលនេះបានសម្រេចជាង៤០ភាគរយហើយ។

ដោយៈ រ៉ាណេត
ព្រះសីហនុៈ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានអះអាងថា ការស្ថាបនាហេ ដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៤ខ្សែ នៅទូទាំងក្រុងព្រះសីហនុ មានសន្ទុះលឿនបំផុតដែលអាចសម្រេចបានមុនផែនការ ខណៈដែលពេលនេះបានសម្រេចជាង៤០ភាគរយហើយ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យ បានមានប្រសាសន៍ប្រសាសន៍ប្រាប់តាមទូរស័ព្ទថា គិតត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២០នេះ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រឡាយ បណ្តាញបង្ហូរទឹកនានា នៅទូទាំងក្រុងព្រះសីហនុ ជាលទ្ធផលគឺសម្រេចបានប្រមាណជាង៤០ភាគរយ។
លោកបានបន្តទៀតថា “ការសាងសង់ផ្លូវនេះ ជាទូទៅមានល្បឿនលឿន ព្រោះកន្លែងខ្លះធ្វើទាំងយប់ទាំងថ្ងៃ និងយឺតនៅកន្លែងខ្លះ ដោយសារបច្ចេកទេសដាក់លូ ប៉ុន្តែត្រូវបានដោះស្រាយហើយ”។ លោកបន្តថា “ផ្លូវអូរត្រេះ តភ្ជាប់ទៅឆ្នេរដទៃទៀត ដូចជាឆ្នេរអូរឈើទាល ឆ្នេរសុខា ជាដើម ត្រូវបានចាក់បេតុង ដោយឡែក ចំណោទផ្លូវនៅជិតរង្វង់មូលជំទាវម៉ៅ កំពុងត្រូវបានបន្ទាប ដើម្បីងាយស្រួលធ្វើចរាចរឡើងចុះ”។
លោកបន្តទៀតថា រាល់ថ្ងៃនេះ មិនមែនមានតែផ្លូវក្នុងក្រុងនោះទេ ដែលសម្រុកសាងសង់ ផ្លូវថ្មីដែលសាងសង់កាត់ព្រៃ តាមឆ្នេរ ក៏ត្រូវបានសម្រុកសាងសង់ដូចគ្នា ដើម្បីឱ្យស្រប់ទៅនឹងផែនការដែលបានគ្រោងទុក និងទាន់ពេលវេលាដែលបានកំណត់។
រដ្ឋាភិបាលបានស្ថាបនាផ្លូវទាំង៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ក្នុងគោលបំណងដើ ម្បីឆ្លើយតបទៅនឹងសភាពការណ៍ នៃការអភិវឌ្ឍយ៉ាងគំហុកនៅក្នុងខេត្តព្រះសីហនុ ជាពិសេសសំដៅប្រែក្លាយក្រុងព្រះសីហនុ ឱ្យទៅជាក្រុងទំនើបមានសោភ័ណ្ឌភាព បរិស្ថានល្អសម្រាប់ការរស់នៅទេសចរណ៍ និងធុរកិច្ចផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ធ្លាប់បានលើកឡើងកាលពីពេលថ្មីៗនេះថា ផ្លូវទាំង៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលកំពុងដំណើរការស្ថាបនានេះ គឺមានប្រវែងសរុបជា ៨៤គីឡូម៉ែត្រ មានរង្វង់មូលចំនួន៣ និងស្ពានចំនួន ៦ប្រវែង ២៥២ម៉ែត្រ។
លោកបន្តថា ផ្លូវទាំងនេះ ត្រូវប្រើរយៈពេលក្នុងការស្ថាបនា ត្រឹមតែ៨ខែប៉ុណ្ណោះ ដូច្នេះនៅពេលខាងមុខឆាប់ៗនេះ ក្រុងព្រះសីហនុនឹងប្រែមុខមាត់ថ្មី ក្លាយទៅជាទីក្រុងដែលមានសុវត្ថិភាពបំផុត និងទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគនានា។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា ក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើប ដែលមានសោភណ្ឌភាព បរិស្ថាន ល្អសម្រាប់ការរស់នៅទេសចរណ៍ និងធុរកិច្ច ជាពិសេស ធានាបានគុណភាពខ្ពស់រឹងមាំ ប្រើប្រាស់បានយូរអង្វែង ការស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងក្របខណ្ឌនៃថវិកាទទួលបាន ពីការដោះដូរធនធាន នៅខេត្តព្រះសីហនុ និងថវិការបស់រាជរដ្ឋាភិបាល ចំនួនប្រមាណជាង៣០០លានដុល្លារអាមេរិក ក្រោមការទទួលបន្ទុកដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា៕