ដំណឹងរីករាយ! វិស័យថ្មីមួយទៀតនឹងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៩

0

ដោយ ដែន ចែងចាំង

ភ្នំពេញ ដំណឹងរីករាយ ប្រទេសកម្ពុជានឹងមានវិស័យថ្មីមួយទៀត ចូលរួមជាកំលាំងចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ នៅឆ្នាំ២០១៩ខាងមុខនេះ ខណៈ​បច្ចុប្បន្នកម្ពុជាពឹងផ្អែកលើវិស័យបួន ដើម្បីទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួន។

វិស័យថ្មីនោះគឺវិស័យរ៉ែ និងថាមពល ដែលកម្ពុជានឹងអាចទាញយកដំណក់ប្រេងលើកតំបូង និងកម្ពុជាអាចផលិតមាសបានដោយខ្លួនឯង នៅចុងឆ្នាំ២០១៩ ខណៈបច្ចុប្បន្នវិស័យវាយណភ័ណ្ឌកាត់ដេរ និងស្បែកជើង វិស័យសំណង់ និងអចលនទ្រព្យ វិស័យទេសចរណ៍ និងវិស័យកសិកម្ម កំពុងឈានមុខក្នុងការរុញសេដ្ឋកិច្ចកម្ពុជាទៅមុខប្រកបដោយឧត្តមភាព។

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលលោកស៊ុយ សែមបានថ្លែងឲ្យដឹងក្នុងពិធីបើក​សន្និបាតការងារក្រសួងកាលពីពេ​លថ្មីៗនេះថា កម្ពុជាដល់ពេលអាចប្រមូលផលពីធនធានរ៉ែរបស់ខ្លួន ដើម្បីយក​មកអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនហើយ ពិ​សេ​សប្រាក់ចំណូលពន្ឋបានមកពីវិស័យរ៉ែ និងថាមពលក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ក្នុងរយៈពេលប៉ុ​ន្មានឆ្នាំចុងក្រោយនេះ។លោកបន្តថា ជាមួយគ្នានេះការចែកចាយបណ្តាញថាមពលអគ្គិសនី ក៏បានកើនឡើងរហូតដល់៨០ភាគរយ នៅគ្រប់បណ្តាភូមិទូទាំងប្រទេសផងដែរ វាជាអ្វីដែលជាមោទនភាពរបស់កម្ពុជា។

លោកបន្តថា “ធនធានរ៉ែកម្ពុជាមានភាពសម្បូរបែប ប៉ុន្តែក្រុមហ៊ុនអន្តរជាតិ​មួយបានរកឃើញរ៉ែមាសក្នុងទ្រង់ទ្រាយធំមួយ ដែលអនុញ្ញាត្តឲ្យកម្ពុជាអាចផលិតមាសបានដោយខ្លួនឯងនៅឆ្នាំ២០១៩ខាងមុខនេះ”។

រដ្ឋាភិបាលកម្ពុជាកាលពីចុងឆ្នាំមុន បានចុះហត្ថលេខាជាមួយក្រុមហ៊ុន KRISENERGY ដើម្បីចាប់ផ្តើមអាជីវកម្មទាញយកប្រេងចេញពីប្លុកA របស់កម្ពុជា ដែលរំពឹងថា កម្ពុជានឹងទទួលបានប្រាក់ចំណូលចេញ ពីវិស័យប្រេងកាតបានប្រ​មាណ៥០០លានដុល្លារក្នុងមួយឆ្នាំ។

បើតាមលោកយស់ មុនីរ៉ាតអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា ដំណើរការធ្វើអាជីវកម្ម និងទាញយកធនធានប្រេងកាត កំពុងប្រព្រឹត្តិទៅដោ​យរលូន ហើយកម្ពុជារំពឹងទទួលបានដំណក់ប្រេងតំបូង នៅចុងឆ្នាំ២០១៩ខាងមុខនេះ។

លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុនEmerging Market Consulting បានថ្លែងថា វាជាការល្អប្រសើរណាស់ ដែលកម្ពុជា​មានវិស័យថ្មីមួយ ដែលអាចទាញយកថវិកាចូលជាតិ និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ប៉ុន្តែបញ្ហាប្រឈមរបស់យើង គឺយើងមិនទាន់មានច្បាប់គ្រប់គ្រាន់ សម្រា​ប់គ្រប់គ្រងធនធានទាំងនោះឲ្យមានប្រសិទ្ឋិភាព និងតម្លាភាពនៅឡើយ។

លោកបន្តថា “មានការព្រួយបារម្ភពីអ្នកជំនាញ ខ្លាចកម្ពុជារងបណ្តាសារពី​ធនធានធម្មជាតិទាំងនោះ និងបារម្ភខ្លាចធនធានទាំងនោះមិនបានយកមកប្រើប្រាស់សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ”។លោកបន្តថា “ប្រសិនជាកម្ពុជាកសាងមូលដ្ឋានច្បាប់បានរ៉ឹងមាំ និងមានអ្នកជំនាញអន្តរជាតិមកជួយ ដើម្បីគ្រប់គ្រងធន​ធានទាំងនោះបាន ពិតជាល្អណាស់សម្រាប់យកធនធានទាំងនោះមកអភិវឌ្ឍន៍​ប្រទេសរបស់យើង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here