ដោយវុត្ថា
ភ្នំពេញ៖ រាជរដ្ឋាភិបាកម្ពុជាកំពុងខិតខំជំរុញការអនុម័ត និងអនុវត្តន៍គម្រោងច្បាប់ កម្មវិធីការងារ និងការសម្របសម្រួលស្ថាប័នដែលពាក់ព័ន្ធនឹងការងារដីធ្លីសំដៅជំរុញឱ្យសម្រេចបាននូវគោលដៅជាតិនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងអភិបាលកិច្ចល្អ ដូចមានចែងក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច យុទ្ធសាស្ត្របណ្តោះអាសន្នស្តីពីការកាត់បន្ថយភាពក្រីក្រ និងផែនការសកម្មភាពអភិបាលកិច្ចល្អ។
ចក្ខុវិស័យស្តីពីគោលនយោបាយដីធ្លីនៅកម្ពុជា គឺដីធ្លីត្រូវបានគ្រប់គ្រង រៀបចំ និងបែងចែកតាមរបៀបមួយ ដើម្បីរួមចំណែកធ្វើឱ្យសម្រេចនូវគោលដៅជាតិដ៏ទូលំទូលាយក្នុងការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមសេដ្ឋកិច្ចប្រកបដោយសមធម៌ អភិបាលកិច្ចល្អនៅក្នុងសង្គមប្រជាធិតេយ្យដែលតម្រង់ទិសទៅរកទីផ្សារដូចបានពិពណ៌នានៅក្នុងសេចក្តីប្រកាសស្តីពីគោលនយោបាយដីធ្លី។
យោងតាមឯកសាររបស់ក្រសួងរៀបចំដី នគរូបនីយកម្ម និងសំណង់ ស្តីពីក្របខ័ណ្ឌយុទ្ធសាស្ត្រនៃគោលនយោបាយដីធ្លីបានឱ្យដឹងថា ចក្ខុវិស័យនេះ មានទិដ្ឋភាពធំៗ៣គឺ៖
១) ដីត្រូវបានគ្រប់គ្រងតាមវិធីដែលធ្វើឱ្យសិទ្ធិលើអចលនទ្រព្យមានភាពច្បាស់លាស់ និងមានសុវត្ថិភាពធ្វើឱ្យការផ្ទេរជាផ្លូវការនូវសិទ្ធិទាំងនោះមានភាពងាយស្រួល និងល្មមអាំចំណាយបាន។ វិវាទនឹងថយចុះជាលំដាប់ ហើយចំពោះករណីណាដែលមានលទ្ធភាពអាចដោះស្រាយបាននឹងដោះស្រាយនៅក្រៅប្រព័ន្ធតុលាការ។
២) ដីត្រូវបានរៀបចំតាមវិធីមួយដែលធ្វើឱ្យការប្រើប្រាស់បានល្អប្រកបដោយចីរភាព និងត្រឹមត្រូវតាមបែបបទបរិស្ថាន ។ នៅក្នុងតំបន់ច្រើន ការប្រើប្រាស់ដីទាមទារឱ្យមានតុល្យភាពរវាងអ្នកប្រើប្រាស់ទាំងឡាយ និងការប្រើប្រាស់ច្រើនគោលដៅ ទន្ទឹមនេះ ទាមទារឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធនានា។
៣) ដីរដ្ឋត្រូវបានការពារសម្រាប់ការប្រើប្រាស់ជាសាធារណៈតាមកន្លែងណាដែលសមនឹងប្រើ ក្រៅពីនោះត្រូវបែអចែកសំរាប់ជាប្រយោជន៍ឯកជនតាមរយៈដំណើរការដែលមានតម្លៃភាព។
ពេលសម្រេចបានចក្ខុវិស័យទាំងនេះ នឹងអនុញ្ញាតឱ្យកម្ពុជាប្រើប្រាស់ដីប្រកបដោយប្រសិទ្ធិភាព សម្រាប់គោលដៅសេដ្ឋកិច្ច និងសង្គមកិច្ច និងធ្វើឱ្យមានការដោះដូរដីធ្វើបានដោយសេរី ព្រមទាំងទទួលបានផលចំណេញពីដីដែលជាបិតិកភណ្ឌសាធារណៈ ៕