ដោយវុត្ថា
ភ្នំពេញ៖ ក្រសួងទេសចរណ៍បានចេញសេចក្តីជូនដំណឹងមួយដល់ ម្ចាស់សេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ឱ្យប្រើប្រាស់ជាកាតព្វកិច្ចនូវ “ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍” ដែល មានគេហទំព័រផ្លូវការ “www.accommodationregistrar.net” ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
យោងតាមសេចក្តីជូនដំណឹងលេខ១៤៧ សជណ.អគឧ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ ឱ្យដឹងថា “ការគ្រប់គ្រងបញ្ជីស្នាក់នៅទេសចរណ៍” តាមអនឡាញនេះផ្តល់ភាពងាយស្រួលដល់ក្រសួងទេសចរណ៍អាចសហការផ្តល់ព័ត៌មានជូនអជ្ញាធរមានសមត្ថកិច្ចក្នុងការត្រួតពិនិត្យឬតាមដានវត្តមានឈ្មោះភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកស្នាក់នៅក្នុងសេវាកម្មស្នាក់នៅទេសចរណ៍ក្នុងករណីដែលចាំបាច់ និងមានតំរូវការក្នុងការចូលរួមដល់វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ដែលមានការកើតឡើងចេញពីភ្ញៀវទេសចរក្នុងករណីជាយថាហេតុណាមួយ។







