ដោយវុត្ថា
ភ្នំពេញ៖ អ្នកជំនាញអន្តរជាតិ បានឱ្យដឹងថា សម្រាប់អនាគត អ្នកវិនិយោគជនជាតិអាស៊ីទាំងអស់ ជាពិសេសជនជាតិសិង្ហបុរី និងកូរ៉េខាងត្បូងនឹងបន្តនូវការវិនិយោគរបស់ខ្លួន នៅក្នុងវិស័យអចលនទ្រព្យនៅក្រៅប្រទេសថែមទៀតនៅឆ្នាំ២០២០នេះ បើទោះបីពិភពលោកស្ថិតនៅក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដោយ។

-->
លោកស្រី អាន សុធីតា ដែលជានាយកគ្រប់គ្រង នៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍នៅក្នុងសេចក្តីសេចក្តីប្រកាសព័ត៌មារបស់ក្រុមហ៊ុនមួយកាលពីថ្ងៃទី ២៥ខែមីនា ឆ្នាំ ២០២០ម្សិលមិញនេះថា នៅពេលដែលមានការរឹតបន្តឹងក្នុងការធ្វើដំណើរដោយមូលហេតុមកពីជំងឺ Covid-19 យើងរំពឹងទុកថានឹងមានការថយចុះរយៈពេលខ្លីនូវការវិនិយោគ។
លោកស្រីបន្តថា ប៉ុន្តែយើងក៍រំពឹងទុកថារវាពុំបានបញ្ឈប់អ្នកវិនិយោគពីយុទ្ធសាស្រ្តរយៈពេលយូរ ក្នុងការបោះទុនក្នុងវិស័យអចលនទ្រព្យឡើយ ហើយ ក្រុមហ៊ុន CBRE Cambodia នៅរក្សាជំហររបស់ខ្លួនក្នុងការតាំងចិត្តបង្កើននូវផលប្រយោជន៍សម្រាប់អតិថិជន ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺ COVID-19 ក៏ដូចជាក្នុងរយៈពេលជាច្រើនខែទៅមុខទៀតផងដែរ។
លោកស្រីបន្ថែមថាក្នុងការឆ្លើយតបនឹងព្រឹត្តិការណ៍ដែលមិនអាចស្មានទុកមុននេះ ក្រុមហ៊ុនបានអនុវត្តនូវគោលការណ៍ក្នុងការបំពេញការងារ និងស្វែងរកនូវដំណោះស្រាយដែលមានភាពច្នៃប្រឌិតដើម្បីរក្សាការទំនាក់ទំនង តាមរយៈមធ្យោបាយនានា ជាមួយនិងអតិថិជនរបស់ខ្លួន។
លោកស្រីថា “នេះគឺជាគ្រោះមហន្តរាយដែលយើងមិនអាចស្មានទុកមុន។ ពិភពលោកទាំងមូលកំពុងទទួលរងផលប៉ះពាល់ ហើយវាអាចបន្តទៅក្នុងអនាគតខាងមុខផងដែរ។ យើងត្រូវតែថែរក្សាគ្នាទៅវិញទៅមក និងចូលរួមទាំងអស់គ្នាប្រឹងប្រែងដើម្បីវិស័យរបស់យើង ក៏ដូចជាបុគ្គលិក និងអតិថិជនរបស់យើងផងដែរ។
យើងបានរិះរកគ្រប់វិធីដើម្បីផ្តល់ការរក្សាសុវត្ថិភាពដល់បុគ្គលិករបស់យើង ខណៈដែលយើងនៅបន្តផ្គត់ផ្គង់ដល់តម្រូវការទីផ្សារ”។

លោកស្រីបញ្ជាក់ទៀតថា “ខ្ញុំមានការស្ញប់ស្ញែងចំពោះបុគ្គលិកជំនាញដែលកំពុងបំពេញភារកិច្ច ដែលមានសារៈសំខាន់ តាមទីតាំងជាក់លាក់នានាដោយផ្ទាល់។ ខ្ញុំពិតជាមានមោទនភាពចំពោះក្រុមការងារដែលបានបង្ហាញនូវភាពបត់បែនខ្ពស់ ជាមួយនិងស្ថានភាពថ្មី និងបានបង្ហាញនូវការតាំងចិត្តខ្ពស់ក្នុងការរក្សានូវភាពល្អប្រសើរក្នុងការងារ ខណៈដែលការទំនាក់ទំនងផ្នែកធុរកិច្ចនានាស្ទើរទាំងអស់ត្រូវបានធ្វើតាមរយៈប្រព័ន្ធអនឡាញ។ ខ្ញុំស្នើឲ្យអ្នកទាំងអស់គ្នាចូលរួមជាមួយគ្នាក្នុងពេលវេលានេះ រក្សាទស្សនៈវិជ្ជមាន និងជាពិសេសមើលថែទាំសុខភាពរបស់ខ្លួននិងគ្រួសារ”។
លោកស្រីបញ្ជាក់បន្ថែមថា “ដោយសារតែវីរុសកូរូណាបានបង្ករនូវភាពមិនប្រាកដប្រជានៅក្នុងសេដ្ឋកិច្ចពិភពលោក វាបានជម្រុញឲ្យតួអង្គនានានៅក្នុងវិស័យអចលនទ្រព្យស្ថិតក្នុងការរងចាំ។ ហេតុដូចនេះ ក្រុមហ៊ុន CBRE Cambodia នឹងបន្តធ្វើរបាយការណ៍ឲ្យបានទាន់បច្ចុប្បន្នភាព រក្សារការផ្តល់ប្រឹក្សា និងជាប្រភពព័ត៌មានដ៍ជាក់លាក់មួយ”៕