ទីក្រុង​បាវិត​កាន់​តែមាន​សក្តានុពល​ខ​ណៈ​កំនើន​នៃ​ការវិនិយោគ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ជាមួយនឹង​កំនើន​ប្រជាសាស្ត្រ និង​កំនើន​នៃ​អ្នកវិនិយោគ​បានធ្វើ​ឲ្យ​ទីក្រុង​បាវិត​កំពុង​ប្រែប្រួល​មុខមាត់​ថ្មី តាមរយៈ​ការកើនឡើង​នូវ​សកម្មភាព​ពាណិជ្ជកម្ម និង​ការកើនឡើង​នូវ​រោងចក្រ​សហគ្រាស​នា​នា។

នាយក​រដ្ឋបាល​សាលាក្រុង​បាវិត លោក​ប៉ែន ភា​រ៉ុ​ន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃទី១៣ មិនា​នេះ​ថា បច្ចុប្បន្ន​ក្រុង​បាវិត​មាន​សកម្ម​ភាពរសរវើក​ឡើងវិញ ដោយ​ចំនួន​មនុស្ស​រស់នៅ​បាន​កើន​ដល់​ជាង៥០,០០០នាក់ ដែល​ធ្វើ​ឲ្យ​សកម្មភាព​ក្នុង​វិស័យ​អចល​ទ្រព្យ​មាន​ភាព​ពុះកញ្ជ្រោល​ខ្លាំង លើ​ការ​ពុះ​ដីឡូត៍​លក់ និង​សកម្មភាព​មួយចំនួនទៀត។លោក​បន្តថា សកម្មភាព​និង​តម្លៃ​អចលនទ្រព្យ ចាប់ផ្តើម​មានការ​ប្រែប្រួល ហើយ ប៉ុន្តែ​តម្លៃ​មិនទាន់​កើនឡើង​ខ្លាំង​នៅឡើយ​ទេ។

លោក​បន្តថា ទីក្រុង​បាវិត​មាន​ទំហំ​ផ្ទៃដី២០៦,៦៩គីឡូម៉ែត្រ​ការ៉េ និង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៥ និង​មាន​រោងចក្រ​ចំនួន៥៦កំពុងដំណើរការ មាន​សណ្ឋាគារ និង​កាស៊ីណូ​ចំនួន១២កំពុងដំណើរការ និង​មួយ​កំពុង​សាងសង់។

លោក​ប៉ែន ភា​រុន​បាន​បន្តថា “បច្ចុប្បន្ន​ការវិនិយោគ​កើនឡើង​ក្នុង​ទីក្រុង​នេះ​ទាំង​សកម្មភាព​ពាណិជ្ជកម្ម រោងចក្រ​សហគ្រាស និង​វិស័យ​អចលនទ្រព្យ។

លោក​បណ្ឌិត​គីម ហ៊ាង​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា និង​ជា​អ្នកមាន​ស្រុកកំនើត​នៅ​ទីក្រុង​បាវិត ខេត្តស្វាយរៀង ព្រំប្រទល់​ប្រទេស​វៀតណាម បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា មួយរយៈ​ចុងក្រោយ​នេះ ទីក្រុង​បាវិត មាន​សកម្មភាព​អភិវឌ្ឍន៍​ច្រើន ដោយសារ​បច្ចុប្បន្ន​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ប្រាំ​នៅក្នុង​ទីក្រុង​នេះ ដែល​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់ ពិសេស​ការចូលទៅ​វិនិយោគ​របស់​ជនជាតិ​ចិន កាន់តែច្រើន​នៅក្នុង​ទីក្រុង​នេះ ដែល​ធ្វើ​ឲ្យ​សកម្មភាព​ពាណិជ្ជកម្ម​មា​ន​ភាពរសរវើក។

លោក​បន្តថា “បច្ចុប្បន្ន​គេ​អាច​សាងសង់​ផ្ទះជួល​បាន សាងសង់​ផ្ទះ​លក់​ក៏បាន​និង​សាងសង់​ផ្សារ​ក៏បាន និង​មាន​សកម្មភាព​ពុះ​ដីឡូត៍​លក់​ច្រើន ដោយសារ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​នៅក្នុង​ទីក្រុង​នេះ។លោក​បន្តថា “ដោយសារ​សកម្មភាព​ពា​ណិ​ជ្ជ​កម្ម​កើនឡើង បានធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​កើនឡើង​ទ្វេ​រដង ធៀប​នឹង​ឆ្នាំមុន ជា​អ្វីដែល​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​នេះ កំពុង​រីករាយ​នឹង​សកម្មភាព​អភិវឌ្ឍន៍​របស់​ក្រុង​ជាយដែន​នេះ។

បច្ចុប្បន្ន​តម្លៃ​ដីធ្លី​នៅ​ក្រុង​បាវិត មាន​ចន្លោះ​ពី២០០ទៅ៣០០ដុល្លារ​សម្រាប់​តំបន់​ជាប់​ផ្លូវជាតិ និង​តំបន់​ពាណិជ្ជកម្ម។ តំបន់ឧស្សាហកម្ម​មាន​តម្លៃ​ចន្លោះ​ពី៣០ទៅ៥០ដុល្លារ​អាមេរិក និង​តំបន់​ស្ថិតនៅ​ឆ្ងាយ​ពី​ផ្លូវជាតិ​មានតម្លៃ​ចន្លោះ​ពី៥ ទៅ២០ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ។ តម្លៃ​នេះ​ប្រែប្រួល​អាស្រ័យ​ទីតាំង និង​ទំហំ​ដី​ជាក់ស្តែង។នេះ​បើ់តាម​លោក​គីម ហ៊ាង។

លោក​បន្តថា ជាមួយនឹង​សកម្មភាព​អភិវឌ្ឍន៍ និង​កំនើន​នៃ​ការវិនិយោគ​បច្ចុប្បន្ន​មាន​កាស៊ីណូ និង​សណ្ឋាគារថ្មីៗជាច្រើន​កំពុង​សាងសង់​បន្ថែមទៀត ខណៈ ពីមុនមក​មាន​កាស៊ីណូ​មួយចំនួន​បាន​បិទទ្វារ ប៉ុន្តែ​ពេលនេះ​ពួកគេ​បាន​បើក​ដំណើរការ​ឡើងវិញ​អស់ហើយ។

នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍ វិស័យ​ឧស្សាហកម្ម​របស់​រដ្ឋាភិបាល ឆ្នាំ២០១៥ ២០២៥ រដ្ឋាភិបាល​បានដាក់​ទីក្រុង​បាវិត និង​ក្រុង​ប៉ោយប៉ែត​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស សម្រាប់​ការសម្រួល​ពាណិជ្ជកម្ម ការដឹកជញ្ជូន និង​ការទាក់ទាញ​ការវិនិយោគ​ពី​អ្នកវិនិយោគ​នៅ​ប្រទេសជិតខាង ហើយ​ប្រើប្រាស់​ទីក្រុង​នេះ​ជាទី​តាំង​ស្តុក​ទំនិញ និង​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here