ដោយ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុនជែងស៊ូកៃលីរ៉ូដ អេនជីនារីង ខូអិលធីឌី ដែលមានមូលដ្ឋាននៅប្រទេសចិនបោះទុនវិនិយោគប្រមាណ៣០លានយ័ន លើផ្នែកវិស្វកម្មផ្លូវថ្នល់នៅក្នុងខេត្តព្រះសីហនុ។
លោកប្រធានក្រុមហ៊ុន ជែងស៊ូកៃលីរ៉ូដ អេនជីនារីង ខូអិលធីឌី ថ្លែងក្នុងពិធីបើកសម្ភោធក្រុមហ៊ុនស្ថាបនាផ្លូវនាព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២០នេះថា គំរោងនេះស្ថិតនៅក្នុភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោកបន្តថា គំរោងនេះធ្វើឡើងដើម្បីគាំទ្រ គោលនយោបាយ ខ្សែក្រវ៉ាត់មួយ វិថីមួយ ខណៈក្រុមហ៊ុននៅតែមានសង្ឃឹមថា សម្រាប់ខេត្តព្រះសីហនុសេដ្ឋកិច្ច នឹងងើបឡើងវិញក្នុងពេលដ៏ឆាប់ខាងមុខ។
-->
លោកបានឲ្យដឹងថា ក្រុមហ៊ុនបានបង្កើតឡើងនៅខែមករា ឆ្នាំ២០០៣ នៅប្រទេសចិន ជាមួយនឹងទុនវិនិយោគចំនួន៣០លានយ័ន។ នៅប្រទេសចិន ក្រុមហ៊ុនមានផ្នែកវិស្វកម្មផ្លូវថ្នល់ បុគ្គលិកគ្រប់គ្រង ជំនាញវិស្វកម្មផ្លូវថ្នល់ និងអ្នកគ្រប់គ្រងសេដ្ឋកិច្ចជាង៥០នាក់ ហើយក៏មានម៉ាស៊ីនក្រាល ថ្មកៅស៊ូប្រភេទធំ ម៉ាស៊ីនរឡូកិនថ្នល់ ម៉ាស៊ីនត្រាទ័រ នឹងម៉ាស៊ីនផ្សេងទៀតជាង៣០គ្រឿង។
ក្រុមហ៊ុនមានបទពិសោធផ្នែកគម្រោងផ្លូវថ្នល់ និងវិស្វកម្មនៅក្រុងស៊ូចូវ ក្រុងអ៊ូស៊ី ក្រុងណានជីង ខេត្តអានហួយ និងទីតាំងផ្សេងៗជាច្រើនទៀតនៅប្រទេសចិន ។ ក្រុមហ៊ុនមានសម្ភារៈ សំណង់ ទំនើប គ្រប់គ្រាន់ និងសម្បូរបែប។
នៅខែមីនា ឆ្នាំ ២០២០ ក្រុមហ៊ុនកៃលីវូដ អ៊ិនជីនេះរីង (ខេមបូឌា) ខូអិលធីឌី បានបញ្ចប់ការវិនិយោគដំណាក់កាលទី១ លើទឹកប្រាក់ប្រមាណ៧លានដុល្លារអាមេរិក។ បច្ចុប្បន្ននេះ បានត្រៀមរួចរាល់សម្រាប់សង្វាក់ផលិតកម្ម ជាមួយនឹងឧបករណ៍ធំជាងគេនិងទំនើបបំផុតនៅក្នុង ប្រទេសកម្ពុជា ដែលមានសមត្ថភាពផលិតបាន៣២០តោន ក្នុងមួយម៉ោងប្រមាណជាង៣៥០០តោនក្នុងមួយថ្ងៃ។ ម៉ាស៊ីននេះ ក្នុងមួយថ្ងៃអាចក្រាលថ្មកៅស៊ូបានប្រមាណជាង២០,០០០ ម៉ែត្រការ៉េ ក្នុងកំរ៉ាស់៧សង់ទីម៉ែត្រ ។
លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍សា្វគមន៍ ចំពោះវត្តមានអ្នកវិនិយោគ នៅលើទឹកដីខេត្តព្រះសីហនុ និងបានបញ្ជាក់ថា ការបើកសម្ពោធក្រុមហ៊ុនស្ថាបនាផ្លូវ ជែងស៊ូកៃលីរ៉ូដ អេនជីនារីង ខូអិលធីឌី នៅពេលនេះបានបង្ហាញឆន្ទៈយ៉ាងមុតមាំនូវការជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ខណៈដែលប្រទេសកម្ពុជាកំពុងតែប្រឈមមុខ នឹងការឆ្លងរីករាលដាលនៃវីរុសកូវីត១៩។
លោកមានប្រសាសន៍ថា “ក្រុមហ៊ុននេះនឹងអាចក្លាយជាក្រុមហ៊ុន ដែលជោគជ័យហើយការបើកសម្ពោធនេះ គឺជាការបង្ហាញពីការរីកចម្រើនថ្មីមួយ ទោះក្នុងស្ថានភាពបែបណាក៏ដោយ នៅខេត្តព្រះសីហនុនៅតែបន្ត ដំណើរការអភិវឌ្ឍជាពិសេស តាមរយៈការបើកសម្ពោធថ្មីរបស់ក្រុមហ៊ុន ជឿជាក់ថាក្រុមហ៊ុន នឹងក្លាយជាដៃគូដ៏ល្អរបស់រដ្ឋបាលខេត្ត របស់ប្រជាជន និងអ្នកវិនិយោគ”។
ជាមួយគ្នានេះក្រុមហ៊ុន ក៏បានរួមចំណែកផ្ដល់ការងារដល់យុវជនកម្ពុជា និងរួមចំណែក ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មី នៃខេត្តព្រះសីហនុ ក៏ដូចជារួមចំណែកលើក កម្ពស់សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុទាំងមូលផងដែរ៕