ផ្សារទំនើបអន្តរជាតិចំនួន៥ ត្រៀមស្វាគមន៍អតិថិជននៅឆ្នាំនេះ

0

ដោយ គង់ ម៉ាលីន

ភ្នំពេញ ដោយសារកំនើនប្រាក់ចំណូលប្រជាពលរដ្ឋ បានធ្វើឲ្យកំលាំងទិញ​កើនឡើង អ្នកវិនិយោគអន្តរជាតិនានា បានបោះទុនវិនិយោគផ្សារទំនើបលំដាប់​អន្តរជាតិជាច្រើននៅកម្ពុជា។

គេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ច propertyarea.asia ដែលកាលពីដើមសប្តាហ៍នេះ បានបង្ហាញផ្សារទំនើបក្នុងស្រុកចំនួន៥នឹងបើកនៅឆ្នាំនេះ ប៉ុន្តែថ្ងៃនេះយើងនឹងនាំអ្នកអាន មកស្វែងយល់ផ្សារទំនើបលំដាប់អន្តរជាតិចំនួន៥ទៀត នឹងបើកដំណើរការនៅឆ្នាំនេះ ដែលផ្សារទាំងនោះ រួមមាន ផ្សារទំនើបលំដាប់អន្តរជាតិ AEON Mall2, ស្ថិតក្នុងខ័ណ្ឌសែនសុខ Phnom Penh Mega Mall ស្ថិតនៅតាមមហាវិថីសហព័ន្ឋរុស្ស៊ី  Prince Plaza Mallស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម  Midtown Mallស្ថិតនៅតាមផ្លូវលេខ២០០៤ និងផ្សារទំនើបEden Gardenស្ថិតនៅក្នុងតំបន់បឹងកក់ នឹងបើកដំណើរការនៅឆ្នាំនេះ។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនលំដាប់ពិភពលោក CBRE Cambodiaបានថ្លែងដោយសយទិដ្ឋិនិយមថា ទីផ្សារទំនើបនៅកម្ពុជានៅតែបង្ហាញសញ្ញាវិជ្ជមាន ដោយសារចំនួនប្រជាពលរដ្ឋកើនឡើង និងអំណាចនៃ​ការទិញបានកើនឡើងនៅក្នុងទីផ្សារកម្ពុជា ព្រោះប្រាក់ចំណូលប្រជាពលរដ្ឋកើន​ឡើង ស្របពេលដែលអ្នកវិនិយោគបានចាប់យកចំណែកទីផ្សារខុសៗគ្នា ដើម្បីធ្វើឲ្យអាជីវកម្មរបស់ពួកគេជោគជ័យ។

អ្នកនាងបន្តថា “ទោះជាយ៉ាងណាការទិញទំនិញល្បីៗ នៅតាមផ្សារទំនើបនៅកម្ពុជាមិនទាន់ច្រើននៅឡើយទេ ប៉ុន្តែសេវាកម្មភេសជ្ជៈ និងម្ហូបអាហារជាផ្នែកដែលមានការពេញនិយមជាងគេនៅក្នុងទីផ្សារនានា”។

ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន World Bridge Group លោកឧកញ៉ា សៀ រិទ្ឋីដែលគ្រោងនឹងបើកផ្សារទំនើបថ្មីមួយ នៅក្នុងអាគារ The Bridge គឺ The Bridge Commercial បានទទួលស្គាល់ថា នៅកម្ពុជាមិនទាន់ដល់ពេលសម្រា​ប់ផលិតផល ដែលមានកេរ្ត៍ឈ្មោះល្បីៗលំដាប់ពិភពលោកទេ វាត្រូវការពេលវេលាពី៥ទៅ១០ឆ្នាំទៀត ដោយសារអ្នកមានប្រាក់សម្រាប់ទិញទំនិញបែបនេះមិនទាន់ប្រើប្រាស់ផ្សារទំនើបក្នុងស្រុក និងទិញទំនិញក្នុងស្រុកទេ។

លោកបន្តថា “មិនថាតែក​ម្ពុជា សូម្បីតែអ្នកមាននៅប្រទេសវៀតណាម ពួកគេនៅតែមានការពេញនិយមទិញទំនិញនៅក្រៅប្រទេស ប៉ុន្តែការមកដល់របស់ផលិតផលម៉ាកល្បីៗទាំងនោះ ពួកគេមិនគិតច្រើននោះទេ អ្វីដែលសំខាន់គឺពួកគេពង្រីកការចែកចាយផលិតផលរបស់ពួកគេ”។លោកបន្តថា “ខ្ញុំគិតថាមិនទាន់​ដល់ពេលសម្រាប់ផលិតផលល្បីៗ នៅកម្ពុជានៅឡើយទេ វាត្រូវការពេលវេលា​បន្ថែមទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here