ដោយវុត្ថា
ភ្នំពេញ៖គម្រោងធ្វើឱ្យឡើងផ្លូវជាតិលេខ៣ តភ្ជាប់ពីភ្នំពេញ ទៅខេត្តកំពត ប្រវែង១៣៤ គីឡូម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) សម្រេចបាន ៦៧ភាគរយ ដោយគិតត្រឹមចុងខែមីនា ឆ្នាំ២០២០។ នេះ បើតាមការឱ្យដឹងពីក្រសួងសាធារណៈការ និងដឹកជញ្ជូននៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០នេះ ។
ក្រសួងសាធារណៈការ និងដឹកជញ្ជូនឱ្យដឹងបន្តថា តាមផែនការគ្រោងទុក គម្រោងនេះនឹងបញ្ចប់នៅក្នុងឆ្នាំ២០២២ ខាងមុខ។ក្រសួងសូមអធ្យាស្រ័យចំពោះផលប៉ះពាល់ និងការរំខាននានា ដែលកើតឡើងអំឡុងសាងសង់នេះ ហើយក្រសួងក៏បានយកចិត្តទុកដាក់តាមដាន និងជម្រុញឱ្យក្រុមហ៊ុនសាងសង់ ធ្វើការស្រោចទឹកជាប្រចាំ ជាពិសេសតំបន់ទីប្រជុំជន ដើម្បីកាត់បន្ថយផលប៉ះពាល់(ដីហ៊ុយ) ផងដែរ។
-->
ក្រសួងសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋនឹងសប្បាយរីករាយ និងទទួលបានអត្ថប្រយោជន៍ជាច្រើន ពីផ្លូវនេះ ក្រោយការសាងសង់សម្រេចបានជាស្ថាពរនាពេលខាងមុខនេះ។
បើតាមលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងថាការដ្ឋានពង្រីកផ្លូវជាតិលេខ៣ ពីភ្នំពេញ (ចោមចៅ) ទៅក្រុងកំពត ប្រវែង១៣៤គីឡូម៉ែត្រ នឹងត្រូវប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ។ គម្រោងនេះ បានចំណាយថវិកាប្រមាណជាង ២១៩លានដុល្លារ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
លោកបន្ថែមថា គម្រោងពង្រីក និងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៣ គឺចាប់ពីរាជធានីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត ដោយឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ១២គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១១គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៣០គីឡូម៉ែត្រ ខេត្តតាកែវ ប្រវែង ៣០គីឡូម៉ែត្រ និងខេត្តកំពត ប្រវែង ៥១គីឡូម៉ែត្រ។
ការពង្រីកផ្លូវនេះគឺត្រូវបានបែងចែកជា ២កំណាត់ គឺពីចោមចៅ-បែកគូស និងបែកគូស-ក្រុងកំពត។ ផ្លូវពីចោមចៅ ទៅបែកគូស ក្នុងខេត្តតាកែវ ប្រវែង ៦៤,៩០គីឡូម៉ែត្រ នឹងត្រូវពង្រីក ២គន្លងទៅ ៤គន្លង (២ទៅ ២មក) និងមានសួនកណ្តាល។ ចំណែកកំណាត់ផ្លូវពីបែកគូស ទៅក្រុងកំពត ប្រវែងជាង ៦៤គីឡូម៉ែត្រ នឹងត្រូវពង្រីកតួផ្លូវដល់ ១២ម៉ែត្រ ដោយមាន ២គន្លងផ្លូវដដែល (១ទៅ ១មក)៕