ដោយ : ដែន ចែងចាំង
ភ្នំពេញ : ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ា លី ហូរ បានគាំទ្រនឹងផែនការរបស់រដ្ឋាភិបាល ក្នុងការបង្កើតក្រុងនៅតាមស្រុកនិមួយៗ ដើម្បីជំរុញការអភិវឌ្ឍនិងផ្តល់សេវាដល់ប្រជាពលរដ្ឋកាន់តែងាយស្រួល។
ដោយ : ដែន ចែងចាំង
ភ្នំពេញ : ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ា លី ហូរ បានគាំទ្រនឹងផែនការរបស់រដ្ឋាភិបាល ក្នុងការបង្កើតក្រុងនៅតាមស្រុកនិមួយៗ ដើម្បីជំរុញការអភិវឌ្ឍនិងផ្តល់សេវាដល់ប្រជាពលរដ្ឋកាន់តែងាយស្រួល។
លោកឧកញ៉ា លី ហួរ បានថ្លែងឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៦ ខែមីនានេះថា កាលណាមានការអភិវឌ្ឍរៀបចំជាទីក្រុង នឹងត្រូវមានការិយាល័យ និងតំបន់ពាណិជ្ជកម្មរបស់ក្រុង ហេតុនេះការបង្កើតទីក្រុងនៅតាមមូលដ្ឋានស្រុកនិមួយៗពិតជាល្អ ព្រោះវាបង្ហាញឲ្យឃើញពីការរីកចម្រើននៅប្រទេសរបស់យើង។លោកបន្តថា ទោះជាយ៉ាងណាលោកមិនទាន់ដឹងថា គំរោងនេះនឹងដំណើរការពេលណានៅឡើយទេ។ លោកបន្តថា “កាលណាបង្កើតឲ្យមានទីក្រុងច្រើន មានតំបន់ពាណិជ្ជកម្មនោះ នឹងធ្វើឲ្យមានការវិនិយោគនៅតាមមូលដ្ឋាននោះកាន់តែច្រើន ធ្វើឲ្យប្រទេសយើងកាន់តែរីកចម្រើន”។
គួររំលឹកផងដែរថា ៖ កាលពីពេលថ្មីៗនេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រួងមហាផ្ទៃបានថ្លែងឲ្យដឹងថា ក្រសួងមហាផ្ទៃមានគម្រោងបង្កើតទីក្រុង នៅតាមស្រុកនីមួយៗនេះ គឺមានប្រយោជន៍ច្រើនណាស់ ដូចជា ការផ្សព្វផ្សាយប ញ្រ្ជាបព័ត៌មាន ការផ្តល់សេវាសាធារណៈផ្សេងៗ ជាពិសេសការបម្រើសេវាសាធារណៈ ដល់វិស័យឧស្សាហកម្ម និងសិប្បកម្មដែលមានតម្រូវការច្រើន។ សម្តេចបានបន្តថា “ការបង្កើតឲ្យមានសេវារបៀបនេះ និងអាចផ្តល់ភាពជោគជ័យច្រើនដល់ម្ចាស់ឧស្សាកម្ម និងសិប្បកម្ម លើការអភិវឌ្ឍន៍របស់ខ្លួន និងជួយដល់កម្មករដែលរស់នៅក្នុង មូលដ្ឋានមានការងារធ្វើនៅជិតផ្ទះសម្បែង ជាពិសេសជាផ្នែកមួយចូលរួម កាត់បន្ថយចំណាក់ស្រុករបស់ប្រជាពលរដ្ឋមករស់នៅទីក្រុង”។
សម្តេចក្រឡាហោម ស ខេង បានបន្តថា នៅពេលដែលរាជរដ្ឋាភិបាល បង្កើតទីក្រុងបន្ថែមកាន់តែច្រើន យើងនឹងជម្រុញការផ្តល់សេវាសាធារណៈកាន់តែខិតជិត និងនៅទីកន្លែងណា ដែលអាចបង្កើតច្រកចេញចូលតែមួយបាន គឺយើងត្រូវតែអនុវត្តន៍ ព្រោះសម្រាប់អ្នកមានតម្រូវការនៅលើការផ្តល់សេវា ពួកគេមិនចំណាយពេលវេលាច្រើន ក្នុងការដើរស្វែងរកការផ្តល់សេវា ដូចនេះការជម្រុញផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា គឺជាជម្រុញដល់ការ អភិវឌ្ឍទាំងវិស័យឯកជន និងសង្គមជាតិទាំងមូល៕