ក្រសួងប្រៃសណីយ៍នឹងដាក់ឱ្យដំណើការកម្មវិធីទូរស័ព្ទដើម្បីប្រយុទ្ធប្រឆំាងជំងឺ Covid-19

0

ដោយវុត្ថា

ភ្នំពេញ៖ បន្ទាប់ពីស្រាវជ្រាវទទួលបានជោគជ័យ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គ្រោងដាក់ឱ្យដំណើការកម្មវិធីទូរស័ព្ទចំនួន ២ និងម៉ាស៊ីនជំនួយផ្លូវដង្ហើមចំនួន ១ ប្រភេទ ដើម្បីជាជំនួយបន្ថែមក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 នាពេលខាងមុខនេះដ៏ខ្លី។

យោងតាមកិច្ចប្រជុំរវាង លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ក្រុមអ្នកស្រាវជ្រាវ និងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ហៅកាត់ថា និបទីក (NIPTICT)នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា កម្មវិធីទូរស័ព្ទចំនួន ២ និងមាស៊ីនចំនួនរួមមាន៖

១) កម្មវិធី OpenTraceKH ប្រើសម្រាប់ស្វែងរកបុគ្គលដែលធ្លាប់មានទំនាក់ទំនងជាមួយអ្នករកឃើញថាមានជំងឺកូវីដ១៩។ កម្មវិធីនេះអាចតាមដានទំនាក់ទំនងក្នុងសហគមន៍ដោយប្រើ Bluetooth ជាគោល ហើយធ្វើការកត់ត្រាបុគ្គលដែលធ្លាប់មានទំនាក់ទំនងជាមួយគ្នា។

២) កម្មវិធីទូរស័ព្ទ (Self Quarantine)ដើម្បីកំណត់ និងរាយការណ៍ពីស្ថានភាពសុខភាពរបស់បុគ្គលដែលត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេ ឬសម្រាប់គ្រប់គ្រងអ្នកជំងឺ។

៣) ម៉ាស៊ីនជំនួយផ្លូវដង្ហើម ផ្គត់ផ្គង់អ៊ុកស៊ីសែនខ្នាតតូច អាចប្រើជាជំនួយដល់ការដកដង្ហើមរបស់អ្នកជំងឺជាពិសេសសម្រាប់មន្ទីពេទ្យនៅជនបទ ឬទីតាំងគ្មានអ៊ុកស៊ីសែនគ្រប់គ្រាន់។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចាត់ក្រុមអ្នកជំនាញឱ្យបន្តការងារជាមួយក្រសួងសុខាភិបាល ដើម្បីបន្តនីតិវិធីដាក់ឱ្យដំណើការកម្មវិធីខាងលើក្នុងពេលឆាប់ៗខាងមុខ និងបានសម្តែងនូវការកោតសរសើរចំពោះគំនិតច្នៃប្រឌិតរបស់ក្រុមអ្នកស្រាវជ្រាវ និងបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺ Covid-19៕

LEAVE A REPLY

Please enter your comment!
Please enter your name here