ដំណឹងល្អ! ព្រលានយន្តហោះខេត្តសៀមរាប ផ្តើមបើកការដ្ឋានសាងសង់ហើយ

0

ដោយ វុត្ថា

ភ្នំពេញដំណឹងល្អ! នៅទីបំផុតព្រលានយន្តហោអន្តរជាតិខេត្តសៀមរាបបានចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការហើយ បើទោះបីការដោះស្រាយ ជាមួយក្រុមហ៊ុន SCA បាននិងកំពុងដំណើរការមិនទាន់បញ្ចប់ក្តី។

អ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា (SSCA) លោក ស៊ិន ចាន់សិរីវុត្ថាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៩ មិនានេះបន្តថា  ក្រុមអ្មកអភិវឌ្ឍន៍ព្រលានយន្តហោះនេះ បានកៀងគរក្រុមកម្មកររបស់ខ្លួន ឧបករណ៍ និងធនធានកំពុង ពង្រាប ការសំអាត និងការឈូសឆាយដីនៅទីតាំងគម្រោង។ បន្ថែមពីនេះ ក្រុមងការងារ នឹងធ្វើការសាងសង់ផ្លូវចូល  អគារស្ថានីយ៍ បំពាក់អំពូលបំភ្លឺ និងគ្រឿងបរិក្ខារផ្សេងៗទៀតដែលចាំបាច់នឹងធ្វើទៅតាមគម្រោង។

ព្រលានយន្តហោះថ្មី ដែលគ្រោងសាងនៅក្នុងទឹកដីខេត្តសៀមរាបនេះ នឹងចំណាយថវិការប្រមាណ ៨៨០លានដុល្លារ និងសាងសង់លើផ្ទៃដីទំហំ ៧៥០ ហិកតា នៅក្នុងស្រុកសូត្រនិគម នាជាយក្រុងសៀមរាប។ តាមគម្រោងនឹងត្រូវប្រើពេលយ៉ាងហោចណាស៣ឆ្នាំ ទៅ៥ឆ្នាំទើបសាងសង់បញ្ចប់។

លោកបន្តថា “ការបើកការដ្ឋានសាងសង់បានចាប់ផ្តើមហើយ ខណៈក្រុម​ចចារជាមួយក្រុមហ៊ុនវិនិយោគ ព្រលានយន្តហោះនៅកម្ពុជា (SCA)បាននិងកំពុងចចារបញ្ចប់”។

គម្រោងសាងសង់ព្រលានយន្តហោះថ្មីនេះ នឹងត្រូវបានសាងសង់ជាបីដំណាក់កាល។ ដំណាក់កាលទី ១ ក្រុមហ៊ុននឹងវិនិយោគ ៥០០លានដុល្លារក្នុងការឈូសឆាយ សាងសង់ស្ថានីយ៍ និងបំពាក់គ្រឿង ដំណាក់កាលទី២ សាងសង់ផ្លូវ ដែលអាចអនុញ្ញាតឱ្យយន្តហោះដឹកអ្នកដំណើរខ្នាតមធ្យម ដូចជាយន្តហោះ ប្រភេទ Boeing 737 និង Airbus A320 ចុះចតបាន និងដំណាក់កាលពី៣ មានទឹកប្រាក់៣០០លានដុល្លារផ្សេងទៀត ត្រូវបានត្រៀមទុកក្នុងការពង្រីកព្រលាន។

កាលពីខែតុលាឆ្នាំ២០១៧ កិច្ចព្រមព្រៀងសាងសង់ព្រលានយន្តហោះថ្មីនេះ ត្រូវបានចុះហត្ថលេខារវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Yunnan Investment Holdings Ltd ដែលគ្រប់គ្រងដោយរដ្ឋចិន។ កិច្ចព្រមព្រៀងនេះបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនចិន គ្រប់គ្រងអស់រយៈពេល ៥៥ឆ្នាំក្រោមយន្តការ (BOT) ។

កិច្ចព្រមព្រៀងថ្មីនេះ គឺជំនួសអោយកិច្ចព្រមព្រៀងផ្តាច់មុខជាមួយអាកាសយានដ្ឋានកម្ពុជា ដែលជាប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិ នាពេលបច្ចុប្បន្ន។ អាកាសយានដ្ឋានកម្ពុជាផ្នែកមួយ នៃការគ្រប់គ្រងដោយក្រុមហ៊ុន Vinci Group របស់បារាំង ដែលកំពុងដំណើរការក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដែលមានស្រាប់ ហើយថ្មីៗនេះបានវិនិយោគទឹកប្រាក់ចំនួន១០០លានដុល្លារ ដើម្បីធ្វើឱ្យព្រលានយន្តហោះនៅរាជធានីភ្នំពេញ និងសៀមរាបកាន់តែប្រសើរឡើង។

ផែនការកសាងព្រលានយន្តហោះមួយផ្សេងទៀត នៅខេត្តសៀមរាបត្រូវបានស្វាគមន៍ ដោយភាគីពាក់ព័ន្ធជាច្រើន ដែលយល់ឃើញថា វាជាការជំរុញពាណិជ្ជកម្ម និងទេសចរណ៍ មិនត្រឹមតែនៅក្នុងខេត្តសៀមរាប ប៉ុន្តែក៏នៅក្នុងប្រទេសកម្ពុជាផងដែរ។

លោកស្រីឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា អាកាសយានដ្ឋានថ្មីនៅសៀមរាបនឹងល្អ សម្រាប់វិស័យទេសចរណ៍ ហើយប្រាកដណាស់ វានឹងទាក់ទាញភ្ញៀវទេសចរច្រើនជាងមុន ហើយនឹងអាចស្វាគមន៍យន្តហោះដែលមានទំហំធំ” ។

ខេត្តកោះកុងក៏នឹងចាប់ផ្តើមការសាងសង់ ព្រលានយន្តហោះអន្តរជាតិថ្មីមួយនៅឆ្នាំនេះ ដែលមានតម្លៃ ៥០០លានដុល្លារលើផ្ទៃដីទំហំ៧៥០ហិកតា ស្ថិតនៅក្នុងស្រុកបទុមសាគរផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here