កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ៧៦ មានទុនជាង ១៥០០លានដុល្លារអាមេរិក

ចែករំលែក

ដោយវុត្ថា

ភ្នំពេញៈ គិតចាប់ពីដើមឆ្នាំ២០២០រហូតមកដល់ពេលនេះ គណៈកម្មាធិការវិនិ​យោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានចេញវិញ្ញាបនបត្រដល់ក្រុមហ៊ុនវិនិយោ​គចំនួន៧៦ មានទំហំទុនវិនិយោគចំនួន១៥០០លានដុល្លារអាមេរិក និងអាចបង្កើតការ​ងារជាង៥ម៉ឺនកន្លែងជូនដល់ពលរដ្ឋកម្ពុជា។


លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរ៉ែ និងថាមពល»នាថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២០នេះឱ្យដឹងថា ក្នុងចំណោមក្រុមហ៊ុនវិនិយោគទាំង៧៦ មានរោងចក្រមានចំនួន៤១កន្លែង និងគម្រោងសាងសង់អគារចំនួនជាង១០កន្លែង  និងរោងចក្រផលិតឧប​ករណ៍អេឡិចត្រូនិក  រោងចក្រផលិតបរិក្ខា និងរោងចក្រ ផលិតកម្មចំណីអាហារមានចំនួន ២០កន្លែង។

លោកបញ្ជាក់ទៀតថា  “ទោះបីកម្ពុជាមានបញ្ហាប្រឈម ចំពោះការរីករាលដាលជា​សាកលយ៉ាងណា ក៏កម្ពុជានូវតែទទួលបានគម្រោងវិនិយោគជាបន្តបន្ទាប់ ប្រកបដោយសក្តានុពលខ្ពស់ និងថាមពល”។

ទោះជាយ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន មិនបានបញ្ជាក់ថា ចំនួននេះ មានការកើនឡើងឬក៏ថយចុះនោះទេ បើធៀបទៅនឹងឆ្នាំមុន។

លោក សុខ ចិន្តា សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្លាប់បានមានប្រសាសន៍កន្លងមកនេះថា  ប្រទេសកម្ពុជាមានសក្តានុពល និងកាលានុវត្តន៍ភាពវិនិយោគខ្លាំងនៅក្នុងតំបន់។


លោកបន្តថា “ក្រៅពីធនធាន ធម្មជាតិដ៏សម្បូរបែប និងកម្លាំងពលកម្មដែលមានតម្លៃមិនសូវថ្លៃ កម្ពុជាជាប្រទេសមានសក្តានុពលវិនិយោគខ្លាំងនៅក្នុងតំបន់ បើផ្អែកទៅតាមទីតាំងភូមិសាស្ត្រ កត្តាស្ថេរភាពនយោបាយ កត្តាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។ល។  បន្ថែមពីទៅទៀត កម្ពុជាបានរក្សានូវ កំណើនអតិផរណាប្ររចាំឆ្នាំរបស់ខ្លួន នៅក្នុងកម្រិតទាបបំផុត”។     

លោករដ្ឋមន្ត្រីបន្ថែមថា កម្ពុជាផ្តល់ដល់វិនិយោគិន នូវបរិស្ថានវិនិយោគមួយប្រក​បដោយភាពស្មើគ្នា រវាងបរទេសនិងជនកម្ពុជា ក៏ដូចជាការលើកទឹកចិត្ត ដែលមានលក្ខណៈប្រកួតប្រជែង គឺវិនិយោគិនបរទេសអាចធ្វើការវិនិយោគ១០០% លើស្ទើរគ្រប់វិស័យ ដោយមិនចាំបាច់មានការចូលរួមពីវិនិយោគិនកម្ពុជា។ អ្នកវិនិយោគ ក៏អាចធ្វើការផ្ទេរដោយសេរីនូវប្រាក់ចំណេញ ទៅប្រទេសរបស់ខ្លួនដោយគ្មានការរឹតត្បិត និងអាចទទួលបាននូវការលើកលែងពន្ធ លើប្រាក់ចំណេញពី៦ឆ្នាំ ទៅ៩ឆ្នាំ ព្រមទាំងការលើកទឹកចិត្តដទៃផ្សេងទៀត ដែលមិនមានប្រទេសផ្សេងទៀតនៅក្នុង តំបន់ ដែលអាចផ្តល់អោយដល់វិនិយោគិនបរទេស៕


ចែករំលែក