ដោយ ប៊ី
ភ្នំពេញ ៖ តម្លៃមុខទំនិញក្នុងវិស័យសំណង់ស្ទើរគ្រប់ប្រភេទ នៅលើទីផ្សាររាជធានីភ្នំពេញ បាននិងកំពុងធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែទំនិញសម្ភារៈការិយាល័យ, គ្រឿងសង្ហារឹម និងគ្រឿងអេឡិចត្រូនិកឈរនៅទ្រឹង និងថ្លៃលក់ម្ហូបអាហារ និងភេសជ្ជៈផ្សេងៗ មានការប្រែប្រួលថ្លៃបន្តិចបន្តួច។

-->
តម្លៃមុខទំនិញទាំងនេះត្រូវបានបង្ហាញនៅក្នុងទិន្នន័យជាផ្លូវការ របស់អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងខែមេសា ឆ្នាំ២០២០ នេះ។
ពាក់ព័ន្ធសន្ទស្សន៍ ថ្លៃទំនិញប្រើប្រាស់ និងសេវាកម្ម នៅរាជធានីភ្នំពេញ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងសេវាកម្ម មានការប្រែប្រួលខ្លះៗ ជាពិសេសថ្លៃលក់សម្ភារៈសំណង់ និងថ្លៃលក់ម្ហូបអាហារ និងភេសជ្ជៈផ្សេងៗនៅតាមទីផ្សារ ខណៈដែល ការលក់ប្រភេទទំនិញសម្ភារៈការិយាល័យ គ្រឿងសង្ហារឹម និងគ្រឿងអេឡិចត្រូនិកបានឈរនៅទ្រឹង។
ទិន្នន័យបានបង្ហាញថា ក្នុងនោះថ្លៃលក់រាយសម្រាប់វិស័យសំណង់បានកំពុងស្រុតចុះរួមមាន៖ ថ្លៃទីផ្សារលក់ឥដ្ឋតាន់ នៅក្នុងខែមីនា ឆ្នាំ២០២០ ចំនួន ១០០០ដុំ តម្លៃ ៦០០ ដុល្លារ មកនៅត្រឹម ៥៧០ ដុល្លារ ឥដ្ឋប្រហោងពី ៧០០ ដុល្លារ មកនៅត្រឹម ៤១០ ដុល្លារ ខ្សាច់រៀប មួយម៉ែត្រគីប ១៨ ដុល្លារ នៅត្រឹម ១៥ ដុល្លារ ខ្សាច់បូក ២២ ដុល្លារ មកនៅត្រឹម ១៧ ដុល្លារ ស៊ីម៉ង់អូដ្ឋ មួយតោន ១០៥ ដុល្លារ នៅត្រឹម ១០០ ដុល្លារ ដែកកង(ខ្មៅ៣លី) ក្នុងមួយតោន ៣២៥ ដុល្លារ មកនៅត្រឹម ៣១៥ ដុល្លារ, ដែកសរសៃ (១០លី) ថ្លៃ ៦១៥ ដុល្លារមកនៅត្រឹម ៦១០ ដុល្លារផងដែរ។

ចំណែកសន្ទស្សន៍មុខទំនិញ ថ្លៃម្ហូបអាហារ និងភេសជ្ជៈមិនមែនគ្រឿងស្រវឹង មានការប្រែប្រួលបន្តិចបន្តូចផងដែរ ក្នុងនោះ មីម៉ាម៉ា ក្នុងមួយកេះ ថ្លៃ ៥.១៣ ដុល្លារ បានហក់ឡើងដល់ ៦.៣៨ ដុល្លារ មីកំប៉ុងម៉ាម៉ាមួយដុំ ២.៣៨ ដុល្លារ ឡើងដល់ ២.៥០ ដុល្លារ មីយើង ៤.៣៨ ដុល្លារ ឡើងដល់ ៥ ដុល្លារ និងត្រីខកំប៉ុងរូបស្រី៣នាក់ (កំប៉ុងបញ្ឈរ) មួយដុំ ៤.៧៥ ដុល្លារ ហក់ឡើងដល់ប្រមាណ ៧ ដុល្លារផងដែរ ។
ក្រៅពីប្រភេទទំនិញខាងលើ នៅក្នុងខែមេសា ឆ្នាំ២០២០ នេះ ហាក់មិនមានការប្រែប្រួលខ្លាំងនោះឡើយ បើធៀបធៀបនៅនិងខែ មីនា ឆ្នាំ២០២០ ៕