ដោយវុត្ថា
ភ្នំពេញៈ កិច្ចសន្យាលក់ទិញ ជាកិច្ចសន្យាអញ្ញមញ្ញ ដែលតម្រូវឲ្យភាគីទាំងពីរ ត្រូវមានកាតព្វកិច្ចទៅវិញទៅមក មានន័យថា ភាគីម្ខាងត្រូវមានកាតព្ចកិច្ចប្រគល់វត្ថុ ហើយភាគីម្ខាងទៀត មានកាតព្វកិច្ចប្រគល់លុយ ជាថ្នូរនឹងវត្ថុដែលបានប្រគល់។
កិច្ចសន្យាលក់ ទិញ ជាកិច្ចសន្យាមូលា ព្រោះកិច្ចសន្យានេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងស្វែងរកប្រយោជន៍ និងថ្នូរទៅវិញទៅមក។
តម្លៃ គឺពិតជាមានសារៈសំខាន់ណាស់ ចំពោះកិច្ចសន្យាលក់ ទិញ ពីព្រោះកិច្ចសន្យាលក់ ត្រូវតែមានតម្លៃជាថ្នូរ ដែលខុសពីកិច្ចសន្យាដូរ ដែលគ្មានតម្លៃជាថ្នូរឡើយ។ ដូចច្នេះការកំណត់តម្លៃ វាជាកត្តាមួយសំខាន់ណាស់ចំពោះភាគីអ្នកលក់ តែអ្វីដែលកាន់តែសំខាន់នោះគឺជារបៀប និងបច្ចេកទេសនៃការកំណត់តម្លៃ ថាតើយើងត្រូវធ្វើតាមរបៀបណា ដើម្បីឲ្យមានភាពសុក្រឹត្យនោះ។
ការកំណត់នូវតម្លៃ អាចយកតាមទីផ្សារ ឬតាមការព្រមព្រៀងរបស់ភាគីទាំងសងខាង។ ក្នុងន័យនេះ ទោះបីជាតម្លៃនោះ មិនទាន់ត្រូវបានប្រគល់ទៅភាគីម្ខាងទៀតក៏ដោយ ក៏កិច្ចសន្យាអាចកើតមានបានដែរ។
មានកិច្ចសន្យាមួយចំនួន ការបង់ថ្លៃត្រូវបានធ្វើតាមក្រោយ។ នៅថ្ងៃក្រោយលើកឡើងអំពីទំរង់នៃកិច្ចសន្យា ទិញ លក់ អចលនទ្រព្យមកជូនលោក អ្នកបន្តទៀត៕