សមាគមហិរញ្ញវត្ថុពីរ និងសង្គមស៊ីវិលនិយាយខុសគ្នាជុំវិញបញ្ហាប្រជាពលរដ្ឋកំឡុងវិបត្តិCovid-19

ចែករំលែក

ដោយវុត្ថា

ភ្នំពេញៈ សមាគមធ្វើការទាក់ទងនឹងវិស័យហិរញ្ញវត្ថុធំៗពីរនៅកម្ពុជា បានអះអាងថា អតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅតែអាចប្រើប្រាស់ដីធ្លី ឬអចលនទ្រព្យ ដែលដាក់ធានា(ទ្រព្យបញ្ចាំ) បានជាធម្មតា។


វាពិតជាមិនត្រឹមត្រូវនោះទេដែលថា អតិថិជនត្រូវការប្លង់បញ្ចាំ ដើម្បីអាចឱ្យពួកគេប្រកមុខរបស់ខ្លួននោះ ។ ការនិយាយនេះ ជាការខុសឆ្គង និងមានបំណងធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ និងយល់ខុសធ្ងន់ធ្ងរ។

នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម របស់សមាគមធនាគារនៅកម្ពុជា និងសមា​គមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០កន្លងមក​នេះ បានប្រតិកម្មយ៉ាងខ្លាំង ទៅនឹងរបាយការណ៍របស់អង្គការសង្គមស៊ីវិលស្តីពី ផលប៉ះពាល់លើប្រជាពលរដ្ឋ ដែលបណ្ដាលមកពីការរីករាលដាលនៃវីរុសកូវីដ១៩។

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានចាត់ទុករបាយការណ៍មួយរបស់អង្គការលីកាដូ ក្រោមចំណងជើងថា “បំណុលមីក្រូហិរញ្ញវត្ថុ គួរត្រូវបានព្យួរ និងប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនម្ចាស់ទ្រព្យវិញ អំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩” នេះថា ជារបាយការណ៍ មិនបានឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្តែង និងបណ្ដាលឱ្យមានផលប៉ះពាល់ដល់វិស័យ ធនាគារ និងហិរញ្ញវត្ថុ ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិទាំងមូល។

យោងតាមរបាយការណ៍របស់អអង្គការរលីកាដូ ដែលបានបង្ហាញនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃទី២៧ មេសាកន្លងមកបានឲ្យដឹងថា ការរងគ្រោះ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់លាន​នាក់​ ដែល​កំពុង​ប្រឈមមុខ​នឹងវិបត្តិ​សេដ្ឋកិច្ច ​ពីការ​រីករាលដាល​នៃជំងឺកូវីដ១៩​ គឺកំពុង​ត្រូវបាន​រងគ្រោះ​បន្ថែមទៀត ​ដោយសារ​ការបន្ដ​កើតមាន​នូវវិបត្តិ​ជំពាក់បំណុល​ច្រើនលើសលុប​នៅក្នុងប្រទេស​​ ដែលកើតចេញ​ពីកម្ចីឥណទានជាង១០ពាន់លាន​ដុល្លាររបស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយចំនួន​។


បច្ចុប្បន្ននេះ​ ប្រជាពលរដ្ឋ​កម្ពុជា​ច្រើនជាង​២,៥លាននាក់ ​មានជាប់​ជំពាក់​កម្ចីខ្នាតតូច​ ជាមួយនឹង​អត្រាកម្ចី​ជាមធ្យម ៣៨០០ដុល្លារ​ ដែលជា​ចំនួនច្រើន​ជាងគេ​នៅលើពិភពលោក​ ។ ការណ៍នេះ​ធ្វើឱ្យ​ជីវភាព​រស់នៅ ​សុខភាព​ និងសុវត្ថិភាព​កម្មសិទ្ធិ​ដីធ្លីរបស់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់លាននាក់​ ប្រឈម​នឹង​ហានិភ័យ​ ។

របាយការណ៍របស់លៅកាដូបានបន្តថា កន្លងមក​រាជរដ្ឋាភិបាល​មានវិធានការ​មួយចំនួន​រួចមកហើយ ​។ យើងខ្ញុំ​​ សូម​សំណូមពរ​​បន្ថែម​​ដល់​​រាជរដ្ឋាភិបាល ​​ក្នុងការ​ពិចារណា​ដើម្បីធានាថា​​ គ្រឹះស្ថាន​​មីក្រូហិរញ្ញវត្ថុ​​ ឆាប់​ផ្អាក​ការ​សងប្រាក់​​កម្ចី​​ និង​ការប្រាក់​ទាំងអស់​​ យ៉ាងតិចណាស់​​ចំនួន៣ខែ​​ និង​ប្រគល់​​ជូនម្ចាស់​ទ្រព្យ​វិញ​​នូវប័ណ្ណ​កម្ម សិទ្ធិ​ដីធ្លីរាប់លានប្លង់​ពាក់ព័ន្ធនឹងកម្ចី​ខ្នាតតូច​ ដែល​បច្ចុប្បន្ន​ត្រូវបាន​ដាក់ជា​ទ្រព្យធានា (បញ្ចាំ​) ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។

វិធានការ​ទាំងនេះ​គឺមានភាព​ចាំបាច់​ ដើម្បី​ធានាថា​ប្រជាពលរដ្ឋ​អាចបន្តរស់នៅ​ក្នុងពេល​មានវិបត្តិនេះ ​ដោយគ្មាន​ហានិភ័យ​ចំពោះសុខភាព​ ឬលំនៅដ្ឋាន​របស់អ្នកទាំងនោះ​ និង​អាចបញ្ជៀស​ពីកម្ចីឥណទាន​មានហានិភ័យ​ ដែលអាច​នាំឱ្យកើតមាន​ករណី​ធ្វើការងារ​ដោះបំណុល​ ការជួញដូរមនុស្ស​ និងការ​រំលោភ​សិទ្ធិមនុស្ស​ដទៃទៀត​។

កម្មករ​-កម្មការិនី​រាប់លាននាក់​ក្នុងវិស័យ​ទេសចរណ៍​ កាត់ដេរ​ និងសំណង់​ កំពុង​ប្រឈមមុខ​នឹងការបញ្ឈប់​ពីការងារ​ និងការ​បាត់បង់ប្រាក់បៀវត្សរ៍​ ។ ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ​ក្នុងការ​ជួយផ្គត់ផ្គង់​ចំពោះ​ការបាត់បង់​ទាំងនេះ​កន្លងមក​ គឺនៅមាន​ភាពខ្វះខាត ​ក្នុងការ​បំពេញ​តម្រូវការ​មូលដ្ឋាន ​របស់កម្មករ​-កម្មការិនី​។ បំណុល​មីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា ​ដែលភាគច្រើន​មានប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី របស់អ្នកខ្ចី​ប្រាក់​រាប់លាន​ប្លង់ដាក់​ជាទ្រព្យធានា​ បង្កើនឱ្យ​មានហានិភ័យ​រយៈពេលខ្លី​ និងវែង​កាន់តែខ្លាំង​ ក្នុងពេល​មានវិបត្តិ​សេដ្ឋកិច្ចនេះ ​។


យើងខ្ញុំ​ទទួលស្គាល់​ពីវិធានការ​ណណ៍ ដែលបាន​ដាក់ចេញ​ដោយធនាគារជាតិ​នៃកម្ពុជា​ ក្នុងការ​លើកទឹកចិត្ត​ឱ្យគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ រៀបចំ​ឥណទាន​ឡើងវិញ​ និងការ​ពន្យាពេល​សងប្រាក់​ ដោយផ្អែក​តាមករណី​ជាក់ស្ដែង​នីមួយៗ​។ ទោះបីជា​យ៉ាងណាក៏ដោយ​ កម្ពុជា​មានគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាង៨០​ ហើយ​ដំណើរការ​ដោះស្រាយ​តាមករ​ណី​​ជាក់ស្ដែង​នីមួយៗ ​នឹងមិនអាច​ធ្វើទៅបាន​លឿននោះទេ​ សម្រាប់​អ្នកខ្ចីប្រាក់​ជាង២លាន​៦សែននាក់​ ដែលកំពុង​ត្រូវការ​ជួយសម្រាល​បន្ទុកជាបន្ទាន់​ ។ វិធានការ​ជាលក្ខណៈប្រព័ន្ធ​លើសពីនេះ ​គឺត្រូវការ​ជាបន្ទាន់ ​។

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងផងដែរថា “ក្នុងអំឡុងពេល នៃការចាប់ផ្តើមរីករាលដាលនៃវីរុសកូវីដ១៩ ធនាគារជាតិនៃកម្ពុជាបានធ្វើការវិភាគយ៉ាងល្អិតល្អន់ នូវផលប៉ះពាល់នានា ដោយបានដាក់ចេញនូវវិធាន ដើម្បីសម្រា​លបន្ទុកដល់អតិថិជនរបស់ស្ថាប័នធនាគារ និងហិរញ្ញវត្ថុ”។

សមាគទាំងពីរបានបន្តថា “គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បាននិងកំពុងអនុវត្តន៍យ៉ាងពេញលេញ នូវគោលនយោបាយតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រសួងសាម៉ីពាក់ព័ន្ធ ក៏ដូចជាការណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដែលជាអាណាព្យា​បាល ដើម្បីធានា និងការពារបានគ្រប់ភាគីពាក់ព័ន្ធ រួមទាំងវិស័យទាំងមូល ដោយគ្មានភាពចាំបាច់ ក្នុងការអនុវត្តតាមការស្នើសុំ ដោយខ្វះការសិក្សាត្រឹមត្រូវតាមនិយាមបច្ចេ​កទេសរបស់ស្ថាប័ន ដែលមិនពាក់ព័ន្ធ ឬជំរុញឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចជាតិ“។

ការលើកឡើងរបស់ស្ថាប័នសង្គមស៊ីវិល ពាក់ព័ន្ធនឹងទ្រព្យធានាកាតព្វកិច្ចបំណុលដែលជាការអនុវត្តទូទៅលើសកលលោក និងជាការទទួលខុសត្រូវដោយផ្ទាល់របស់ស្ថាប័នធនាគារ និងហិរញ្ញវត្ថុ គឺកំពុងតែជំរុញឱ្យមានផលប៉ះពាល់ ដល់ស្ថិរភាពសេដ្ឋកិច្ចជាតិ។


ម៉្យាងវិញទៀត អនុសាសន៍របស់អង្គការសង្គមស៊ីវិលមួយចំនួន កំពុងតែជំរុញឱ្យសេដ្ឋកិច្ចជាតិរងនូវផលប៉ះពាល់បន្ថែមទៀត ដោយបង្កឱ្យបាត់បង់នូវជំនឿទុកចិត្តពីសំណា​ក់ អ្នកដាក់ប្រាក់បញ្ញើ មានទាំងមូលនិធិរបស់ស្ថាប័នសាធារណៈ ឯកជន និងរបស់អង្គការសង្គមស៊ីវិលខ្លួនឯងផងដែរ។

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានអំពាវនាវទុកលទ្ធភាពឱ្យសាម៉ី ស្ថាប័ន ធនាគារ និងហិរញ្ញវត្ថុបំពេញការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ផងដែរ។

ទោះជាយ៉ាងណាអតតិថិជនជាច្រើនរបស់ធនាគារនានា បាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ពួកគេមិនទទួលបានការលើកទឹកចិត្តណាមួយពីសំណាក់ធនាគារ ដែលពួកគេទទួលបានឥណទាននោះទេ ទាំងអត្រាការប្រាក់ ទាំងការពន្យាពេល ទូទាត់សំណង។

បុគ្គលិកជាច្រើនរបស់ធនាគារធំមួយនៅកម្ពុជាបាននិយាយថា ពួកគេមិនបានទទួ​លការណែនាំពីថ្នាក់លើរបស់ពួកគេ ទាក់ទងនឹងការពន្យាពេលសងឥណទានដល់អតិថិជ​ន ឬការបន្ឋូរបន្ថយណាមួយនៅឡើយទេរហូតមកទល់ពេលនេះ៕


ចែករំលែក