ដោយ វុត្ថា
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីប្រកាសថ្មីមួយស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ សំដៅធានាប្រសិទ្ធិភាពនៃការគ្រប់គ្រង និងការអនុវត្តន៍ត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ និងជំរុញឱ្យអ្នកអភិវឌ្ឍគោរពតាមផ្លូវច្បាប់។
តាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញដែលបានចេញកាលពីកន្លងមកនេះបានឱ្យដឹងថា ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុទទួលបានផលប្រយោជន៍សំខាន់ៗចំនួន៥ រួមមាន ទី១ ធានាប្រសិទ្ធិភាពនៃការគ្រប់គ្រង និងត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ ទី២ ធានាសមធម៌ និងតុល្យភាពនៃផលប្រយោជន៍រវាងអ្នកអភិវឌ្ឍន៍ រវាងអ្នកត្រួតពិនិត្យ និងអ្នកប្រើប្រាស់ ទី៣ បង្កាទប់ស្កាត់ហានិភ័យហិរញ្ញវត្ថុ ក្នុងវិស័យអចលនវត្ថុ។
ទី៤ ធានាចីរភាពនៃការអភិវឌ្ឍអចលនវត្ថុ សំដៅបង្កើនជំនឿទុកចិត្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងទី៥ រួមចំណែកទប់ស្កាត់សកម្មភាពលាងសំអាតប្រាក់ក្នុងវិស័យអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ។
ម្យ៉ាងទៀតក្នុងការគ្រប់គ្រងអាជីវកម្មអចលនវត្ថុនេះ ប្រសិនបើម្ចាស់គម្រោងមិនមានអាជ្ញាបណ្ណនោះទេ បញ្ជាក់ថាគម្រោងនោះគឺជាគម្រោងខុសច្បាប់ ហើយសាធារណជនមិនគួរទិញលំនៅឋានពីគម្រោងនោះទេ។ ជាមួយគ្នានេះ នៅពេលដែលលោកអ្នកដែលមានបំណងចង់ទិញ ត្រូវសួររកអាជ្ញាបណ្ណអភិវឌ្ឍអចលនវត្ថុដែលចេញដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុដើម្បីកុំឱ្យមានការខាតបង់ប្រយោជន៍៕