ដោយ គង់ សូរិយា
ភ្នំពេញ៖ មនុស្សភាគច្រើនក្លាយជាអ្នកមាន ឬមានងារជាឧកញ៉ាតាមរយៈការសន្សំប្រាក់ពីតិចតួច រហូតដល់មានប្រាក់ច្រើនសមល្មមសម្រាប់វិនិយោគ ទើបអាចក្លាយជាអ្នកមានបាន។
លោកឧកញ៉ាលី ហួរអគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបដែលបច្ចុប្បន្នមានក្រុមហ៊ុនជាបុត្រសម្ព័ន្ឋចំនួន៨ បានចាប់ផ្តើមជំនួញជាមួយការលក់ជ្រូកមួយក្បាល ដើម្បីចាប់ផ្តើមរកស៊ីពីតួចតាច រហូតក្លាយជាឧកញ៉ាដែលមានកេរ្ត៍ឈ្មោះល្បី ល្បាញក្នុងសង្គមមកដល់បច្ចុប្បន្ននេះ។
-->
គេហទំព័រ Propertyarea.asia សួមនាំចំណេះដឹង និងវិធីសាស្រ្តសន្សំប្រាក់របស់ឧកញ៉ារូបនេះមកចែករំលែកដល់មិត្តអ្នកអាន។
លោកឧកញ៉ាលី ហួរបានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា ការនិយាយស្រួល តែការធ្វើវាពិបាក ព្រោះអ្វីៗមិនមែនងាយស្រួលដូចយើងគិតទេ តែមានអ្នកខ្លះមានភាពអត់ធ្មត់ រហូតទទួលបានជោគជ័យ ប៉ុន្តែសម្រាប់លោក ឧកញ៉ាផ្ទាល់លោកបានអត់ធ្មត់ និងលះបង់ច្រើនណាស់ ដោយមិនទិញរបស់មិន គួរទិញនោះទេ នៅពេលយើងគ្មានប្រាក់។ ចំណីអាហារឆ្ងាញ់ ថ្លៃៗ និងគ្រឿងលំអរតុបតែងទាំងប្តី ទាំងប្រពន្ឋយើងមិនហ៊ានទិញទេ។
លោកបន្តថា“អ្វីសំខាន់យើងខិតខំអត់ធ្មត់ សន្សំសំចៃ ដើម្បីយើងមានប្រាក់អាចរកស៊ីបាន”។លោកបន្តថា “កាលពីមុនសម័យបារីស្មីត បើទិញមួយកញ្ចប់ក្នុងឪមួយថ្ងៃយើងជក់អស់ហើយ តែខ្ញុំទិញតែបីដើមក្នុងមួយថ្ងៃទេ ដោយមួយជក់នៅពេលព្រឹក មួយជក់នៅពេលថ្ងៃត្រង់ មួយជក់នៅពេលល្ងាច។ នេះជាការសន្សំ សំចៃរបស់ខ្ញុំ”។
លោកឧកញ៉ាលី ហួរបានបន្តទៀតថា ការសន្សំដំបូងគិតថាមិនច្រើនទេ តែបើយើងសន្សំសំចៃគ្រប់ផ្នែក គ្រប់រឿងទាំងអស់ទៅវាបានច្រើនដែរ នៅពេលយើងសន្សណយូរឆ្នាំទៅ។ លោកបន្តថា នៅពេលយើងខ្វះទុន ជំនាន់ទសវត្សរ៍ទី៨០ ឬ៩០ យើងមិនអាចរកទុនពីធនាគារនោះទេ ដែលពេលនោះយើងសន្សំពង្រីកមុខរបរបន្តិចម្តងៗ។
លោកឧកញ៉ាបានផ្តល់អនុសាសន៍ថា “យើងត្រួវមានមហិច្ឆតាដូចកាំជណ្តើរអញ្ចឹង ព្រោះបើយើងគ្មានមហិច្ឆតាទេ អ្វីដែលជាភាពសុខស្រួល ភាពខ្ជិលច្រអូសរបស់យើង វាចូលមកក្នុងជីវិតយើង។ យើងមិនអាចដើរបានលឿនទៅមុខទេ”។លោកឧកញ៉ាបន្តថា “ហេតុនេះយើងត្រូវមានមហិច្ឆតា ដូចឡើងកាំជណ្តើរ ពេលយើងឈានឡើងមួយកាំហើយ យើងត្រូវឈានទៅមួយកាំទៀត នោះហើយជាកត្តាជំរុញឲ្យយើងខិតខំ អំណត់ អត់ធ្មត់គ្រប់បែបយ៉ាង ទើបយើងទទួលបានជោគជ័យ”៕










