ចំណេះដឹង! តើ​គោលនយោបាយ​ដីធ្លី​ត្រូវបាន​បែងចែក​ដូចម្តេច?

0

ដោយ វុត្ថា

ភ្នំពេញ ៖ ចក្ខុវិស័យ​ស្តីពី​គោលនយោបាយ​ដីធ្លី​នៅ​កម្ពុជា ដីធ្លី​ត្រូវបាន​គ្រប់គ្រង រៀបចំ និង​បែងចែក​តាមរបៀប​មួយ ដើម្បី​រួមចំណែក​ធ្វើឱ្យ​សម្រេច​នូវ​គោលដៅ​ជាតិ​ដ៏​ទូលំទូលាយ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ប្រកបដោយ​សមធម៌ អភិបាលកិច្ច​ល្អ​នៅក្នុង​សង្គម​ប្រជា​ធិ​បតេ​យ្យ​ដែល​តម្រង់ទិស​ទៅរក​ទីផ្សារ​ដូច​បាន​ពិពណ៌នា​នៅក្នុង​សេចក្តីប្រកាស​ស្តីពី​គោលនយោបាយ​ដីធ្លី។

យោងតាម​ឯកសារ​របស់​ក្រសួង​រៀបចំ​ដី នគរូបនីយកម្ម និង​សំណង់ ស្តីពី​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​នៃ​គោលនយោបាយ​ដីធ្លី​បានឱ្យដឹងថា ចក្ខុ​វិស័យនេះ ត្រូវបាន​ចែកនៅក្នុងទិដ្ឋភាពធំៗចំនួន៣ រួមមាន ៖

១) ដី​ត្រូវបាន​គ្រប់គ្រង​តាម​វិធី​ដែល​បានកំណត់ និងធ្វើឱ្យ​សិទ្ធិ​កាន់កាប់លើ​អចលនទ្រព្យ​មាន​ភាពច្បាស់លាស់ និង​មាន​សុវត្ថិភាព​ ដែលអាចធ្វើឱ្យ​ការផ្ទេរសិទ្ធិ​ជាផ្លូវការមាន​ភាពងាយស្រួល  និងអាចកាត់បន្ថយវិវាទ ជាពិសេសចំពោះ​ករណី​ណា​ដែលមាន​លទ្ធភាព​អាច​ដោះស្រាយបាន ​នឹង​ដោះស្រាយ​នៅក្រៅ​ប្រព័ន្ធតុលាការ។

២) ដី​ត្រូវ​បានរៀបចំ​តាម​វិធី​មួយ​ដែល​ធ្វើឱ្យ​ការប្រើប្រាស់​បានល្អ​ប្រកបដោយ​ចីរភាព និង​ត្រឹមត្រូវ​តាម​បែបបទ​បរិស្ថាន ។ នៅក្នុង​តំបន់​រួម ការប្រើប្រាស់​ដី​ទាមទារ​ឱ្យមាន​តុល្យភាព​រវាង​អ្នកប្រើប្រាស់​ទាំងឡាយ និង​ការប្រើប្រាស់​ច្រើន​គោលដៅ ទន្ទឹមនេះ ទាមទារ​ឱ្យមាន​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​នានា។

៣) ដី​រដ្ឋ​ត្រូវបាន​ការពារ​សម្រាប់​ការប្រើប្រាស់​ជា​សាធារណៈ​តាម​កន្លែង​ណា​ដែល​សម​នឹង​ប្រើ ក្រៅពីនោះ​ត្រូវ​បែ​ង​ចែក​សំរាប់​ជា​ប្រយោជន៍​ឯកជន​តាមរយៈ​ដំណើរការ​ដែលមាន​តម្លៃ​ភាព។

ពេល​សម្រេចបាន​ចក្ខុវិស័យ​ទាំងនេះ នឹង​អនុញ្ញាតឱ្យ​ការ​ប្រើប្រាស់​ដី​មានភាពត្រឹមត្រូវ និងប្រកបដោយ​ប្រសិទ្ធិភាពខ្ពស់ សម្រាប់​គោលដៅ​សេដ្ឋកិច្ច និង​សង្គមកិច្ច និង​ធ្វើឱ្យមាន​ការដោះដូរ​ដី​ធ្វើបាន​ដោយ​សេរី ព្រមទាំង​ទទួលបាន​ផលចំណេញ​ពី​ដី​ដែលជា​បេតិក​ភណ្ឌ​សាធារណៈ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here