ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្រោមការយកចិត្តទុកដាក់គាំទ្រ និងជំរុញការគ្រប់គ្រង អភិវឌ្ឍន៍នៅទូទាំងខេត្តឱ្យក្លាយទៅជាតំបន់ទេសចរណ៍កម្រិតខ្ពស់ និងជាទីក្រុងអាស៊ានឈានមុខ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើកិច្ចដំណើរការចុះបញ្ជីដីធ្លីសរុបបានប្រមាណ៦១ភាគរយ បន្ទាប់ពីបានសម្រេចដាក់ចេញឱ្យអនុវត្តតាមប្លង់គោលជាផ្លូវការកាលពីពេលកន្លងទៅថ្មីៗនេះ ។
អភិបាលខេត្តកែប លោក កែន សត្ថា បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកែប កាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះថា គិតត្រឹមដើមខែឧសភា ឆ្នាំ២០២០ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានធ្វើការចុះបញ្ជីដីធ្លីជូនដល់ប្រជាពលរដ្ឋសរុបចំនួនប្រមាណ៦១ភាគរយហើយ។
-->
លោក កែន សត្ថា បានមានប្រសាសបន៍បន្តទៀតថា “បច្ចុប្បន្ននេះ ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធបានរួចរាល់ចំនួន១១ភូមិ ក្នុងចំណោមភូមិសរុបចំនួន១៨ ស្មើនឹង៦១ភាគរយ និងបានចែកប័ណ្ណសម្គាល់កម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន៨ភូមិ ស្មើនឹង ២៦ ១១២ ប័ណ្ណ។ ដោយឡែក ការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ បានចំនួន ១ ២៨៩ ប័ណ្ណ និងកំពុងចុះបន្តវាស់វែងផ្តល់ប័ណ្ណជូនប្រជាពលរដ្ឋយ៉ាងសកម្មស្របតាមគោលការណ៍ណែនាំរបស់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនរៀបចំដែនដី នគរូបនីយកម្ម និងសំណង់”។
លោកអភិបាលខេត្តបានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងគោលដៅធានាការគ្រប់គ្រង និងអភិវឌ្ឍន៍ទីក្រុង ខេត្ត ដោយមានការគាំទ្របច្ចេកទេសពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្លង់គោលប្រើប្រាស់ដីក្រុងកែប ចក្ខុវិស័យឆ្នាំ២០៣០ ដើម្បីជាមូលដ្ឋានក្នុងការគ្រប់គ្រង និងតម្រង់ទិស អភិវឌ្ឍន៍ដែនដីក្រុងស្របតាមចក្ខុវិស័យ និងគោលនយោបាយជាតិស្ដីពីការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយតាមវិស័យសំខាន់ៗជាច្រើនទៀត៕