ដោយ ៖ រ៉ាណេត
កែប ៖ គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកែប ដែលស្ថិតនៅកោះទន្សាយមានតម្លៃជាង១លានដុល្លារ ដែលអនុវត្តផ្ទាល់ដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន សម្រេចបានជាង៣០ភាគរយ និងគ្រោងបញ្ចប់នៅត្រឹមខែធ្នូ ឆ្នាំ២០២០ឆាប់ៗខាងមុខនេះ ។
តាមការប្រកាសនៅក្នុងអង្គសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងលើកទិសដៅអនុវត្តបន្តរបស់រដ្ឋបាលខេត្តកែប នៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះ លោក កែន សត្ថា អភិបាលខេត្តកែបបានលើកឡើងថា បច្ចុប្បន្ននេះ គម្រោងសាងសង់ កំពង់ផែទេសចរណ៍អន្តរជាតិ ស្ថិតនៅលើទីតាំងចាស់នៃកោះទន្សាយ បានសម្រេចប្រមាណជាង៣០ភាគរយ ។
-->
លោកបានបញ្ជាក់ថា “ក្រោមគោលនយោបាយលើកកម្ពស់វិស័យទេសចរណ៍នៅទូទាំងខេត្តកែបឱ្យក្លាយជាទីក្រុងអាស៊ានឈានមុខ បច្ចុប្បន្ននេះ ក្រៅពីគម្រោងស្ដារ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងខេត្ត ក្រុង ទាំងមូល រួមមានផ្លូវថ្នល់ តំបន់ឆ្នេរ និងតំបន់ទេសចរណ៍ធម្មជាតិផ្សេងៗទៀតនៅទាំង១៣កោះ គម្រោងជួសជុល និងសាងសង់លម្អបន្ថែមកំពង់ផែទេសចរណ៍អន្តរជាតិកោះទន្សាយ ដែលមានតម្លៃជាង១លានដុល្លារសម្រេចបានជាង៣០ភាគរយ”។
លោកបានបន្តទៀតថា “គម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍អន្តរជាតិដែលមានទំហំសរុបចំនួន៣៤០០ម៉ែត្រការ៉េនេះ គ្រោងនឹងបញ្ចប់នៅត្រឹមខែធ្នូ ឆ្នាំ២០២០ឆាប់ៗខាងមុខនេះ ក្រោមការយកចិត្តទុកដាក់ដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន សហការជាមួយរដ្ឋបាលខេត្តកែប ដើម្បីធ្វើយ៉ាងណាជម្រុញឱ្យសម្រេចបានទៅតាមផែនការដែលបានគ្រោងទុក”។
ជាមួយនឹងលទ្ធផលដែលទទួលបាននៅពេលបច្ចុប្បន្ននេះ រដ្ឋបាលខេត្តមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោយពីបញ្ចប់ការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិមួយនេះ គួបផ្សំនឹងការកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធនានា ខេត្តនៃតំបន់ឆ្នេរមួយដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយនេះនឹងកាន់តែមានសក្ដានុពលខ្លាំងក្នុងការទាក់ទាញកំណើនទេសចរជាតិ និងអន្តរជាតិ ជាពិសេសក្រោយវិបត្តិនៃជំងឺ Covid-19 ត្រូវបានបញ្ចប់ ខណៈដែលកាលពីឆ្នាំ២០១៩កន្លងទៅ កំណើននៃចំនួនទេសចរសរុបមានចំនួនរហូតដល់ជិត២លាននាក់រួចទៅហើយ ៕