រដ្ឋាភិបាលបង្កើតមជ្ឈមណ្ឌលសម្រាប់ភ្ញៀវទេសចរចិន China Ready Centre

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ រាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងទេសចរណ៍ បានសម្រេចឯកភាពគ្នាបង្កើតមជ្ឈមណ្ឌល China Ready Centre នៅរាជបណ្ឌិត្យសភាកម្ពុជាក្នុងការបណ្តុះបណ្តាលលើវិស័យទេសចរណ៍តាមស្តង់ដារអាស៊ាន និងសិក្សាស្រាវជ្រាវប្រមូលចងក្រងឯកសារវិស័យទេសចរណ៍ ខណៈទេសចរណ៍នៅកម្ពុជាធ្លាក់ចុះយ៉ាងកគំហុកដោយសារការរីករាលដាលជាសកលនៃជំងឺ Covid-19 ។

នេះ បើយោងតាមលទ្ធផលនៅក្នុងជំនួបពិភាក្សាការងាររវាង លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងទេសចរណ៍កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពលើចំណុចចំនួន៤រួមមាន ៖

១. រៀបចំបណ្តុះបណ្តាលវិជ្ជាជីវៈលើវិស័យទេសចរណ៍តាមស្តង់ដារអាស៊ាន ដោយបណ្តុះបណ្តាលនៅរាជបណ្ឌិត្យសភាកម្ពុជា ។ ដំណើរការបណ្តុះបណ្តាលនេះ នឹងអនុវត្តក្រោយពេល Covid-19 បានបិទបញ្ចប់។

២. បង្កើតមជ្ឈមណ្ឌល China Ready Centre នៅរាជបណ្ឌិត្យសភាកម្ពុជា

៣. ស្ថាបន័ទាំងពីរនឹងចុះអនុស្សរណៈនៃការយោគយល់គ្នាក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ

៤. ក្រសួងទេសចរណ៍និងរាជបណ្ឌិត្យសភាកម្ពុជា នឹងបង្តើតឱ្យមាននូវការសិក្សាស្រាវជ្រាវ, បណ្តុះបណ្តាល, និងការអនុវត្តជាក់ស្តែង ទៅលើវិស័យទេសចរណ៍នេះ។

ក្រសួងទេសចរណ៍ បានដាក់ចេញនូវយុទ្ធសាស្រ្តទីផ្សារទេសចរណ៍ចិន និងអនុវត្តសៀវភៅ-ស ស្ដីពី China Ready ដោយផ្តោតលើ ៤ចំណុចសំខាន់ៗ ៖ ការសម្រួលការធ្វើដំណើរ ការបញ្ជ្រាបការយល់ដឹងជាសាធារណៈ អំពីទីផ្សារចិនដល់ភាគីពាក់ព័ន្ធ ការពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ តាមរយៈការអនុវត្តប្រព័ន្ធបញ្ជាក់គុណភាព (China Ready Accreditation System) ដល់សេវាកម្មទេសចរណ៍ និងយន្តការគាំទ្រគម្រោងបង្កើត China Ready Center នៅកម្ពុជា។

រាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃទីស្តីការគណៈរដ្ឋមន្ត្រី និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រ.ប.ស.ក. មានបេសកកម្មដឹកនាំគ្រប់គ្រង អភិវឌ្ឍន៍ការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here