គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត សម្រេចបានជាង៣០ភាគរយ

0

ដោយ ៖ រ៉ាណេត

កំពត ៖ ស្របទៅតាមគម្រោង និងផែនការលើការអភិវឌ្ឍកំពង់ផែទេសចរណ៍ ដែលអាចឈានទៅការដាក់ឱ្យប្រើប្រាស់ជាផ្លូវការយ៉ាងយូរត្រឹមដើមឆ្នាំ២០២១ ខាងមុខនេះ បច្ចុប្បន្នបានសម្រេចលទ្ធផលប្រមាណ៣០ភាគរយ ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានមានប្រសាសន៍នៅក្នុងអង្គសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះថា គិតត្រឹមដើមខែឧសភា ឆ្នាំ២០២០នេះ លទ្ធផលនៃការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត បានសម្រេចប្រមាណ៣០ភាគរយហើយ។

លោកបានមានប្រសាសន៍បន្តទៀតថា “កំពង់ផែមួយនេះគឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការបម្រើនៅក្នុងវិស័យទេសចរណ៍បន្ថែមពីលើសក្ដានុពលដែលមានស្រាប់ ដែលក្នុងនោះមានតំបន់រមណីយដ្ឋានសរុបចំនួន១៧ សហគមន៍ទេសចរណ៍ចំនួន៤ និងតំបន់គោលដៅទាក់ទាញទេសចរណ៍ចំនួន៤។ នៅក្នុងចំណោមគោលដៅទាក់ទាញទេសចរណ៍ចំនួន៤ រួមមានដូចជា ទី១ – តំបន់ចម្ការម្រេច ដែលបានទាក់ទាញទេសចរបរទេសប្រមាណ៣០ភាគរយ ទី២- តំបន់កសិទេសចរ ដែលបានទាក់ទាញទេសចរប្រមាណ៥ម៉ឺននាក់កាលពីឆ្នាំ២០១៩ ទី៣- តំបន់ស្រែអំបិល និងទី៤ -តំបន់សំណង់បេតិកភ័ណ្ឌដែលបន្សល់ទុកពីសម័យអាណានិគមបារាំង និងតំបន់ទេសចរណ៍កំពង់បាយ”។

លោកបានបញ្ជាក់ថា “បច្ចុប្បន្ននេះ យើងមានរបាំងដោយសារវិបត្តិនៃជំងឺ Covid-19 ប៉ុន្តែក្រោយពីបញ្ចប់ និងគ្រប់គ្រងវិបត្តិមួយនេះបាន ខណៈពេលដែលកំពង់ផែទេសចរណ៍អន្តរជាតិបញចប់ការសាងសង់ជាស្ថាពរ យើងជឿជាក់ថា កំណើនទេសចរនឹងកើនឡើងខ្ពស់ ជាពិសេសអាចស្រូបទាញទេសចរអន្តរជាតិប៉ែកអឺរ៉ុប ដែលក្នុងនោះក៏ធ្លាប់មានសារព័ត៌មាអាមេរិកសរសេរផ្សព្វផ្សាយពីសក្ដានុពលនៃខេត្តកំពតដែលជាគោលដៅទេសចរ១ក្នុងចំណោមគោលដៅទាំង៥២នៅលើពិភពលោក”។

គម្រោងអភិវឌ្ឍន៍ធ្វើផ្លូវទៅកំពង់ផែទេសចរណ៍ ដែលជាជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ស្ថិតនៅ ភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត។

ខេត្តកំពតមានកំពង់ផែចំនួន៤ ដែលទី១ គឺកំពង់ផែ វិញ ហួរ ដែលមានជម្រៅទឹករហូតដល់១៤ម៉ែត្រ អាចសម្រាប់ដឹកជញ្ជូនទំនិញតាមកប៉ាល់ធំៗ។ ទី២ កំពង់ផែរបស់ឧកញ៉ា ទ្រី ភាព សម្រាប់ដឹកជញ្ជូនប្រេងចូល។ ទី៣ កំពង់ផែរបស់ជំទាវ កែវ ម៉ាលី សម្រាប់ដឹកជញ្ជូននាំចេញស្រូវ និងផលិតផលផ្សេងៗចេញចូលប្រទេសថៃ និងទី៤ គម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលបើកសម្រាប់ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមកប៉ាល់ ពិសេសទេសចរមកពីប្រទេសវៀតណាម និងថៃអាចចូលចតបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here