GMAC ស្នើសុំម្ចាស់អាគារបញ្ចុះតម្លៃជួល ៣០ ភាគរយ

0

ដោយ ៖ រ៉ាណេត 

ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ GMAC បានចេញសេចក្ដីអំពាវនាវដោយស្នើដល់បណ្តាម្ចាស់អាគារនានាដែលជួល និងបម្រើដល់វិស័យកាត់ដេរនៅកម្ពុជា ពិចារណាក្នុងការបញ្ចុះតម្លៃយ៉ាងតិច៣០ភាគរយ ដើម្បីចូលរួមជួយទ្រទ្រង់ដល់វិស័យឧស្សាហកម្មនៅកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។ 

នៅក្នុងសេចក្ដីអំពាវនាវរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជានារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះបានលើកឡើងថា ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ ដែលជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្មផ្សេងៗទៀតនៅកម្ពុជា បាន និងកំពុងទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិនៃជំងឺ Covid-19 ជាក់ស្ដែង មានរោងចក្រចំនួន១៨០ត្រូវបានព្យួរផលិតកម្មរបស់ខ្លួន និងរោងចក្រចំនួន៦០ផ្សេងទៀត កំពុងប្រឈមការព្យួរផលិតកម្មដូចគ្នាក្នុងពេលដ៏ខ្លីខាងមុខនេះ។ 

ការព្យួរផលិតកម្មទាំងអស់ខាងលើនេះបានបង្ហាញពីភាពមិនអាចទ្រទ្រង់នូវបន្ទុកក្នុងការចំណាយជាប្រចាំបានបន្ទាប់ពីការបញ្ជាទិញរបស់ទីផ្សារអន្តរជាតិត្រូវបានផ្អាក និងលុបចោលជាច្រើន។ 

ជាមួយគ្នានេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានបញ្ជាក់ពីផលលំបាកយ៉ាងធ្ងន់ធ្ងររបស់ឧស្សាហកម្មកាត់ដេរ ដែលតម្រូវឱ្យបណ្តាម្ចាស់អាគារជួលឱ្យរោងចក្រនានាពិចារណាក្នុងការបញ្ចុះតម្លៃឱ្យបានកម្រិតច្រើន ដែលតិចបំផុតត្រឹម៣០ភាគរយនៃតម្លៃជួលសរុប សម្រាប់រយៈ៣-៦ខែ ដើម្បីជាការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជួយទ្រទ្រង់ដល់វិស័យមួយនេះ និងស្ដារសេដ្ឋកិច្ចនៅកម្ពុជា ដែលកំពុងប្រឈមជាមួយនឹងវិបត្តិនៃជំងឺសាកលនៅពេលបច្ចុប្បន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here