ខេត្តកំពត​នឹងមាន​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​ស្អាត​ថ្មី​មួយ​ស្ថិតនៅក្នុង​តំបន់​កែប​ថ្មី

0

ដោយ  ៖  វុត្ថា

ភ្នំពេញ៖ រដ្ឋបាល​ខេត្តកំពត​បា​ន​ដាក់ចេញ​ផែនការ​អភិវឌ្ឍ​ឆ្នេរ​ស្អាត​ថ្មី​មួយ​ស្ថិតនៅក្នុង​តំបន់​កែប​ថ្មី ដើម្បី​បង្កើន​ផលិតផល​ទេសចរណ៍​ឲ្យ​កាន់តែ​សម្បូរបែប​សម្រាប់​ឱ្យ​ភ្ញៀវទេសចរ អាច​ទស្សនា​កំសាន្ត និង​ស្នាក់នៅ​យូរ​ជាង​មុន ខណៈ​កន្លងមក ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ មិនមាន​តំបន់ឆ្នេរ​សម្រាប់​ទទួល​ភ្ញៀវទេសចរ​នោះទេ។

លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្តកំពត​នៅ ព្រឹក​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះ​ឱ្យដឹងថា រដ្ឋបាល​ខេត្តកំពត​នឹង​បន្ត​អភិវឌ្ឍន៍​ឆ្នេរ​ថ្មី​ស្អាត​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ ប្រកបដោយ​ចិ​រ​ភាព និង​គុណភាព ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​ចូលមក​ទស្សនា​កម្សាន្ត​ច្រើន​ក្នុង​ខេត្ត។

លោក​ឱ្យដឹង​បន្តថា  “ខេត្តកំពត គឺជា​ខេត្ត​ស្ថិតនៅក្នុង​តំបន់ឆ្នេរ ប៉ុន្តែ​ពុំមាន​ឆ្នេរ​ខ្សាច់​សម្រាប់​បំរើ​សេចក្តីត្រូវការ​រប​ស់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​នៅឡើយ ដូច្នេះ រដ្ឋបាល​ខេត្តកំពត បានធ្វើ​ការសិក្សា​រៀបចំ​បង្កើត​នូវ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​ថ្មី​មួយ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​កែប​ថ្មី នៅ​ខាងលិច​ខេត្តកំពត ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ចូលមក​ទស្សនា​ក្នុង​ខេត្តកំពត។

លោក​បន្ថែមថា “រដ្ឋបាលខេត្ត កំពុង​សិក្សា​កន្លងមក​ប្រសិទ្ធិ​នាម​ឈ្មោះ​អ្វី​នៅ​ឆ្នេរ​នោះ ? ហើយ​កន្លងមកនេះ​រដ្ឋ​បាល​ខេត្ត​មាន​មហិច្ឆតា​ថា ធ្វើ​ឲ្យ​បើក​ដំណើរការបាន​ខ្លះបណ្តើរៗ មុនពេល​ចូលឆ្នាំ  ប៉ុន្តែ​ដោយសារ​យើង​មាន​បញ្ហា​ជំងឺ Covid-19 ទៅ យើង​ក៏​ពន្យារពេល​ទៅ” ។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រូបនេះ បន្ថែមថា ក្នុង​រយៈពេល ៥ ឆ្នាំ ចុងក្រោយ ភ្ញៀវទេសចរ​បាន​កើន​ឡើងជា​បន្តបន្ទាប់ គ្រាន់តែ​ឆ្នាំ ២០១៩ កន្លងមកនេះ ខេត្តកំពត ទទួលបាន​ភ្ញៀវទេសចរ ១លាន៦សែន​នាក់ ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ​ជាង១០ភាគរយ ខណៈ​បច្ចុប្បន្ននេះ ខេត្ត​មាន​តំបន់​ទេសចរណ៍​ចំនួន ១៧ កន្លែង សហគមន៍​ទេសចរណ៍​ចំនួន ៤ កន្លែង និង​គោលដៅ​ទាក់ទាញ​ចំនួន ៤ កន្លែង (ចម្ការ​ម្រេច ស្រែអំបិល សំណង់​បិ​តិក​ភ័​ណ្ឌ និង​សក្តានុពល​ទេសភាព​ដងព្រែក) ។

លោក​បញ្ជាក់ថា  បន្ថែម​ពីនេះ ខេត្តកំពត​មាន​កំពង​ផែ​ទឹក​ជ្រៅ ដែល​អាច​ផ្តល់​លទ្ធភាព ដល់​ការចូល​ចត​របស់​នាវា​ទេសចរណ៍ធំៗ ។ ស្របគ្នា​នេះដែរ ខេត្តកំពត​ជួប​បញ្ហា​ប្រឈម នៃ​កន្លែង​ស្នាក់នៅ និង​ភោជនីយដ្ឋាន កម្រិត​មធ្យម និង​លើ​មធ្យម និង​មជ្ឈមណ្ឌល​សេវាកម្ម​ជាច្រើន​ផ្សេងទៀត។

លោក ភូ លិ អភិបាលរង​ខេត្តកំពត បានឱ្យដឹង​ដែរ​ថា  បច្ចុប្បន្ន រមណីយដ្ឋាន​ឋានសួគ៌​បូ​គោ នៅតែ​ជា​គោលដៅ​ទាក់ទាញ​ទេសចរណ៍​ជាទីបំផុត សម្រាប់​ភ្ញៀវ​ជាតិ-អន្តរជាតិ ចូលមក​ទស្សនា​កម្សាន្ត ក្នុងចំណោម​រមណីយដ្ឋានផ្សេងៗរបស់​ខេត្ត។ ជាមួយគ្នានេះ​ផងដែរ ការកើនឡើង​ជា​បន្តបន្ទាប់​នូវ​សេវាកម្ម​ផ្ទះសំណាក់ បឹង​កា​ឡូ សណ្ឋាគារ អាហា​រដ្ឋា​ន ភោជនីយដ្ឋាន សុទ្ធតែ​បាន​លើកស្ទួយ​កម្រិតជីវភាព របស់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ភាពល្អប្រសើរ​ខ្លាំង។

លោក​បន្តថា ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ដទៃទៀត ត្រូវបាន និង​កំពុង​សាងសង់ កែលំអរ​ជា​បន្តបន្ទាប់ សំដៅ​ប្រែក្លាយ​ទឹកដី​ខេត្តកំពត ជា​ទឹកដី​ទាក់ទាញ​ភ្ញៀវទេសចរ ប្រកបដោយ​ភាពស្រស់​បំព្រង និង​ផាសុកភាព ស័ក្តិ​សមជា​ខេត្ត​ដែល​ត្រូវ​ទទួលបាន​ជ័យលាភី ផ្ការំដួល៣ទង។

យោងតាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ បាន​បង្ហាញថា វិស័យ​ទេសចរណ៍​កម្ពុជា​នៅមាន​សក្តានុពល​ច្រើន​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សង្គម និង​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ភ្ញៀវទេសចរ​ចំនួន១៥ លាន​នាក់ ជាមួយ​ចំណូល​ប្រមាណ១០ពាន់​លាន​ដុល្លារ​អាមេរិក និង​ការបង្កើត​ការងារ​បាន​ប្រមាណ ២លាន​នាក់ នៅ​ឆ្នាំ២០៣០ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here