កន្លែង​កម្សាន្ត Disneyland ចាប់​បើក​វិញ​នៅ​សប្តាហ៍​ក្រោយ​បន្ទាប់ពី​ខាតបង់​ចំណូល ១៤០០លាន​ដុល្លារ

0

ដោយ ៖ ហ្សូ​លី

សៀង​ហៃ ៖ ក្រុមហ៊ុន Walt Disney សកលលោក បាន​លើកឡើងថា ទឹកប្រាក់​ប្រមាណ​ជា​ជិត ១៤០០លាន​ដុល្លារ បាន​ខាតបង់​ដោយសារតែ​ការ​រាតត្បាត​នៃ​ជំងឺ Covid-19 ប៉ុន្តែ Disneyland នៅ​ទីក្រុង​សៀង​ហៃ​នឹង​បើក​ដំណើរការ​ឡើងវិញ​នៅ​សប្តាហ៍​ក្រោយនេះ ដោយ​កំណត់​ចំនួន​ភ្ញៀវ​ចូល​កម្សាន្ត។

នាយក​ប្រតិបត្តិ​ក្រុម Disney បានឱ្យដឹងថា មិនទាន់​ច្បាស់​នោះទេ​ថា Disneyland នៅ​តំបន់​អាស៊ី​ចំនួន​ប៉ុន្មាន​ដែល​នឹងត្រូវ​ចាប់​បើក​ដំណើរការ​ឡើងវិញ​នោះ ខណៈដែល​អាមេរិក និង​បារាំង​នឹង​ត្រឡប់មក​បន្ត​ស្វាគមន៍​ភ្ញៀវ ប្រសិនបើ​ស្ថានការណ៍​ធូរស្បើយ ហើយ​ហាង​លក់ទំនិញ និង​ទូក​កម្សាន្ត​ក៏​នឹង​ត្រឡប់​បើក​អាជីវកម្ម​ដូចគ្នា។

លោក Bob Chapek ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Disney បានឱ្យដឹងថា ជំងឺ​កូ​រ៉ូ​ណា​បាន​សាយភាយ​នៅ​ពាសពេញ​សាកលលោក លើកលែងតែ Disneyland នៅ​ទីក្រុង​សៀង​ហៃ​នឹង​បើក​ដំណើរការ​នៅ​ថ្ងៃ​ចន្ទ ខែឧសភា សប្តាហ៍​ក្រោយនេះ។

លោក​បន្ថែមថា រដ្ឋាភិបាល​ចិន​បាន​កំណត់ថា ចំនួន​អ្នក​ចូល​កម្សាន្ត​អនុញ្ញាតឱ្យ​ផ្ទុក​ត្រឹម ២៤០០០នាក់​តែប៉ុណ្ណោះ ដែល​នេះ​គឺជា​ចំនួន ៣០ភាគរយ នៃ​សមត្ថភាព​ផ្ទុក​របស់ Disneyland។ ការចូល​កម្សាន្ត​នេះ​នឹងត្រូវ​មានការ​ការពារ​រឹតបន្តឹង​ខ្លាំង​ដូចជា ការរក្សា​គម្លាត ការពាក់​ម៉ាស និង​វាស់​កម្តៅ​ថែម​ទៀតផង។

ថ្វីត្បិតតែ​លឿន​បន្តិច​ក្នុងការ​ចាប់ផ្តើម​ប្រតិបត្តិការ ប៉ុន្តែ​ក្រុមការងារ​នឹងធ្វើ​ការវាយតម្លៃ​ទៅលើ​សេណា​រី​យ៉ូ​មួយចំនួន ដើម្បី​ប្រាកដថា​គ្រប់គ្នា​មានការ​ប្រុងប្រយ័ត្ន​មុននឹង​ចាប់​បើក​កន្លែង​កម្សាន្ត​នេះ។

ប្រាក់ចំណូល​របស់​ក្រុមហ៊ុន Disney គិត​ចាប់ពី​ខែមករា​ដល់​ខែមីនា ឆ្នាំ ២០២០នេះ បាន​ធ្លាក់ចុះ​ប្រមាណ​ជាង ៦០ ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ អ្នកវិភាគ​បាន​ព្យាករណ៍​ថា Disneyland នឹង​អាច​រកចំណូលបាន ១៧,៨ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២០នេះ ៕ REUTERS

LEAVE A REPLY

Please enter your comment!
Please enter your name here