ដោយ ៖ វុត្ថា
ភ្នំពេញ ៖ អាគារមជ្ឈមណ្ឌលនវានុវត្តន៍ និងសហគ្រិនភាពផ្នែកឌីជីថល ស្ថិតនៅក្នុងបរិវេណវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (NIPTICT) កម្ពស់ ៤ ជាន់ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងខែមិថុនា ឆ្នាំ២០២០ខាងមុនេះ ។
នេះបើយោងតាមការចុះផ្សាយរបស់វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ ខណៈដែលលោក កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងថ្នាក់ដឹកនាំវិទ្យាស្ថានជាតិ NIPTICT ចុះពិនិត្យការសាងសង់អាគារ ។
-->
លោក កាន ច័ន្ទមេត្តា បានថ្លែងថា បេសកកម្មរបស់អាគារមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល គឺលើកកម្ពស់ការចាប់ផ្ដើមជំនួញថ្មី និងសហគ្រិនភាពផ្នែកឌីជីថល និង ភ្ជាប់ទំនាក់ទំនងរវាងគ្រឹះស្ថានអប់រំ សហគ្រាស និងរដ្ឋាភិបាល។
អាគារមជ្ឈមណ្ឌលបច្ចេកវិទ្យា (Tech Center) នេះ ត្រូវបានបើកការដ្ឋាសាងសង់ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩កន្លងមកនេះ ដោយប្រើប្រាស់មូលនិធិនៃប្រតិបត្តិករទូរគមនាគមន៍បង់វិភាគទានចំនួន១ ភាគរយនៃចំណូលដុល ដើម្បីចូលរួមអភិវឌ្ឍន៍ដល់ការបណ្តុះបណ្តាលធនធានមនុស្ស និងការស្រាវជ្រាវ និងការអភិវឌ្ឍផ្នែកទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យ ទ-ប.គ.ព របស់កម្ពុជា។
អាគារមជ្ឈមណ្ឌលបច្ចេកវិទ្យា មានកម្ពស់ ៤ជាន់ និងទំហំអាគារសរុប ៣៨០០ម៉ែត្រក្រឡា នឹងក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា ឌីជីថលដំបូងគេនៅកម្ពុជា ដែលកើតឡើងពីកិច្ចសហការរួមគ្នារវាងវិទ្យាស្ថានជាតិ NIPITCT ជាគ្រឹះស្ថានស្រាវជ្រាវរបស់រដ្ឋ និងក្រុមហ៊ុន Viettel (Cambodia)។
អគារមជ្ឈមណ្ឌលបច្ចេកវិទ្យា (Tech Center) នឹងត្រូវប្រើប្រាស់សម្រាប់ជម្រុញការស្រាវជ្រាវ និងប្រែក្លាយសមិទ្ធផលដែលកើតចេញពីការស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកបញ្ញាសប្បនិម្មិត (AI) វិទ្យាសាស្រ្តទិន្នន័យ (Data Science) អ៊ិនធឺណិតនៃវត្ថុ (IoT) បច្ចេកវិទ្យាពពក (Cloud Computing) សុវត្ថិភាពអ៊ិនធឺណិត ទៅជាបច្ចេកវិទ្យាឌីជីថលដែលអាចធ្វើអាជីវកម្មបានដូចជាបច្ចេកវិទ្យាបម្រើឱ្យរដ្ឋាភិបាលឌីជីថល (GovTech) បច្ចេកវិទ្យាសម្រាប់អប់រំ (EduTech) បច្ចេកវិទ្យាសម្រាប់កសិកម្ម (AgriTech) បច្ចេកវិទ្យាសម្រាប់ហិរញ្ញវត្ថុ (FinTech) បច្ចេកវិទ្យាសម្រាប់សុខាភិបាល (HealthTech) ។ល។ ៕