ដោយ ៖ ប៊ី
អន្តរជាតិ ៖ ក្រុមហ៊ុន Apple កំពុងត្រៀមបើកហាងរបស់ខ្លួននៅអាមេរិកបម្រើដល់អតិថិជនម្តងទៀត បន្ទាប់ពីបិទទ្វារជិត២ខែ បណ្តាលមកពីការរាតត្បាត ជំងឺ COVID-19 ។

ក្រុមហ៊ុន បានឱ្យដឹងកាលពីថ្ងៃសុក្រ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះថា ខ្លួននឹងបើកហាងលក់រាយមួយចំនួនឡើងវិញនៅសប្តាហ៍ក្រោយនៅទូទាំងរដ្ឋចំនួន ៤ រួមមាន រដ្ឋអាយដាហូ រដ្ឋខារ៉ូលាយណា ខាងត្បូងរដ្ឋអាឡាបាម៉ា និងអាឡាស្កា។ ក្រុមហ៊ុន Apple (AAPL) មិនបានបង្ហាញពីចំនួនហាងដែលនឹងបើកឡើងវិញនោះទេ ប៉ុន្តែវាមានហាងសរុបចំនួន ៦ នៅទូទាំងរដ្ឋទាំង ៤នេះ។ ហាងដំបូងដែលត្រូវបើកដំណើរការវិញនឹងស្ថិតនៅក្នុងតំបន់ Boise រដ្ឋអាយដាហូ នៅថ្ងៃច័ន្ទខាងមុខនេះ។
អ្នកនាំពាក្យក្រុមហ៊ុនបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានផ្តល់ដល់ទូរទស្សន៍ CNBC ថា “យើងខកខានចំពោះអតិថិជនរបស់យើង ដែលទន្ទឹងរងចាំ និងផ្តល់ការគាំទ្រ”។ ព័ត៌មាននេះត្រូវបានរាយការណ៍ដំបូងដោយស្ថានីយទូរទស្សន៍ CNBC ។
អ្នកនាំពាក្យរូបនោះបានបន្ថែមថា ក្រុមហ៊ុន Apple នឹងផ្តោតជាចម្បងទៅលើសេវា Genius Bar របស់ខ្លួន ដែលផ្តល់សេវាកម្មដោយផ្ទាល់ និងផ្នែកបច្ចេកវិទ្យា នៅពេលមនុស្សកាន់តែច្រើនប្រើប្រាស់ផលិតផលរបស់ខ្លួនដើម្បីរក្សាទំនាក់ទំនងនៅពេលធ្វើការពីផ្ទះ។
ហាងនឹងដាក់ចេញនូវវិធានការណ៍សុវត្ថិភាពបន្ថែម ដូចជាការត្រួតពិនិត្យសីតុណ្ហភាព និងការបិទបាំងមុខសម្រាប់បុគ្គលិក និងអតិថិជនដោយក្រុមហ៊ុន ផ្តល់នូវម៉ាស ដល់អតិថិជនណាដែលមិនមានម៉ាស។ ក្រុមហ៊ុនក៏នឹងអនុវត្តគោលការណ៍គម្លាតសង្គម។

អ្នកនាំពាក្យរូបនោះបាននិយាយថា “យើងណែនាំឱ្យអតិថិជនទិញតាមអ៊ិនធ័រណេត ដែលអាចធ្វើទៅបានសម្រាប់ការដឹកជញ្ជូនដោយគ្មានការទាក់ទង ឬយកតាមហាង”។
ក្រុមហ៊ុន Apple បានបិទហាងទាំងអស់របស់ខ្លួននៅខាងក្រៅប្រទេសចិនកាលពីដើមខែមីនា ខណៈពេលដែលហាងរបស់ខ្លួននៅតាមប្រទេសនានាក្នុងតំបន់អាស៊ីត្រូវបានបិទកាលពីខែកុម្ភៈ ដោយសារតែការផ្ទុះដំបូងនៃជំងឺ COVID-19 នៅវូហាន។ ចាប់តាំងពីពេលនោះមកក្រុមហ៊ុនបានបើកហាងមួយឡើងវិញនៅរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង ក៏ដូចជាហាងទាំងអស់នៅអូស្ត្រាលី និងអូទ្រីស។ ហាង Apple ទាំងអស់នៅប្រទេសអាល្លឺម៉ង់ក៏នឹងបើកដំណើរការវិញដែរនៅថ្ងៃច័ន្ទ។
ក្រុមហ៊ុននេះមានហាងចំនួន ៥១០ កន្លែងនៅទូទាំងពិភពលោក ដែលក្នុងនោះមានហាងចំនួន ២៧១ នៅសហរដ្ឋអាមេរិក៕






