ដោយ វុត្ថា
ប៉េកាំងៈ វិស័យបដិសណ្ឋកិច្ច ដែលវិនិយោគលើវិស័យសណ្ឋាគារលំដាប់អន្តរជាតិនៅក្នុងប្រទេសចិន ចាប់ផ្តើមបើកប្រតិបត្តិការជាបណ្តើរៗ បន្ទាប់ប្រទេសចិនបានគ្រប់គ្រង និងការពារនៃការរាតត្បាតនូវជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរនាពេលកន្លងមកនេះ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua កាលពីចុងសប្តាហ៍កន្លងមកនេះបានឱ្យដឹងថា គិតត្រឹមថ្ងៃសុក្រនេះ សណ្ឋាគាររបស់ក្រុមហ៊ុនបដិសណ្ឋារកិច្ច Hilton ចំនួន២៥០ទីតាំង នៅក្នុងប្រទេសចិន បានបើកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនឡើងវិញ ហើយ។
លោក Chris Nassetta ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Hilton បានថ្លែងថា“ការបើកសណ្ឋាគារទាំងអស់របស់យើង នៅក្នុងប្រទេសចិន គឺជាជំហ៊ានដំបូងនៃដំណើរការនៃការស្តារឡើងវិញនៃពិភពលោក” ។ លោកបានបន្ថែមថា “យើងមានទំនុកចិត្តថានឹងមានថ្ងៃភ្លឺជាងនេះទៀត” ។
Xinhau បានបន្តថា ៩៨ភាគរយនៃសណ្ឋាគារជាង៤៧០ របស់ក្រុមហ៊ុនបដិសណ្ឋារកិច្ច InterContinental Hotels Group PLC (IHG)នៅប្រទេសចិនបានដំណើរការតាំងពីថ្ងៃទី ៥ ខែឧសភា កន្លងមកនេះ បើទោះបីសណ្ឋាគារទាំងនោះ ត្រូវបានបិទជាប ណ្តោះអាសន្នដោយសារជំងឺរាតត្បាតកូវីដ១៩ ។
លោក Jolyon Bulley នាយកប្រតិបត្តិនៃក្រុមហ៊ុន InterContinental Hotels Group PLC (IHG) បានឱ្យដឹងថា ប្រទេសចិនគឺជាទីផ្សារធំលំដាប់ទី២ និងជាប្រទេសដែលរីកចម្រើនលឿនបំផុត។
លោកថ្លែងថា “យើងមានទំនុកចិត្ត ចំពោះទស្សនវិស័យរយៈពេលវែង នៃឧស្សាហកម្មបដិសណ្ឋារកិច្ចនៅក្នុងប្រទេសចិន” ។
លោក Bulley បញ្ជាក់ថា ការអភិវឌ្ឍនគរូបនីយកម្ម ប្រាក់ចំណូលរបស់ប្រជាជនមានការកើនឡើង និងការកែលំអហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងកត្តាផ្សេងៗទៀតនឹងជំរុញកំណើននៃតម្រូវការទីផ្សារសណ្ឋាគាររបស់ប្រទេសចិន៕